26 C
Phnom Penh

អ្នក​ជំនាញ​បោះ​ឆ្នោត​ជប៉ុន​ជួប​ប្រជុំ​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ដោយធ្វើតាម​ការ​សន្យា​របស់​លោក ស៊ិនហ្សូ អាបេ នាយក​រដ្ឋមន្ត្រីជប៉ុន​កាលពី​ចុង​ឆ្នាំ​មុន ដើម្បី​ជួយ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធបោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា អ្នក​ជំនាញ​បោះ​ឆ្នោត​មួយ​ក្រុម​មក​ពី​ប្រទេស​ជប៉ុន​បាន​ជួប​ប្រជុំជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ ដើម្បី​ដាក់ជូនលទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​ពី​ប្រព័ន្ធនេះ។

ដោយ​ដឹក​នាំ​ដោយ​លោក គូម៉ាម៉ារុ ​យូជី​ ឯកអគ្គរាជទូត​ជប៉ុន​ ដែលការ​ជួយរបស់ពួកគេ​ត្រូវ​បាន​សន្យាចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក អាបេ កាលពី​ខែ​វិច្ឆិកានោះ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជាមួយ​គណៈប្រតិភូ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ព្រឹក​ម្សិលមិញ មុន​ពេល​កិច្ច​ប្រជុំ​លើក​​ក្រោយ​ត្រូវ​បាន​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​គណបក្ស​ទាំង​ពីរ​។

លោក យូជី បាន​មាន​ប្រសាសន៍ថា អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​គណៈប្រតិភូ​ជប៉ុន​​​​បាន​ដាក់​ជូន​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​កាលពី​ខែ​ឧសភាអំពី​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​​ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ពិភាក្សា​ថា​តើ​ក្រុម​នេះ​នឹង​ជួយ​ដល់​កំណែទម្រង់របៀបណា។

ឯកអគ្គរាជ​ទូត​ជប៉ុន​រូប​នេះ​​បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នេះ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ថា តើ​ក្រុម​នេះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​ដូចម្តេច​។ ប៉ុន្តែ​លោក​​មិន​ទាន់​ច្បាស់​​អំពី​​ថា តើ​ជំនួយ​ជាក់​ស្ដែង​ដែល​ក្រុម​នេះ​អាច​ផ្ដល់​នោះជា​អ្វីឡើយ។

លោក យូជី បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ជំនួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ” យើង​ប្រហែល​ជា​នឹង​បញ្ជូន​ក្រុម​របស់​យើង​នៅ​ពេល​​មាន​ត​ម្រូវការ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​​ស្ថិតនៅក្នុង​ដំណាក់​កាល​ដំបូង​នៃ​កិច្ច​សហប្រតិ​បត្តិការ​ងារ​របស់​យើង​ជាមួយ​ភាគី​កម្ពុជាដដែល ប៉ុន្តែ​យើង​មាន​ឆន្ទៈ​ផ្ដល់​ជំនួយ​ដើម្បី​ប្រយោជន៍​នៃ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ប្រកប​ដោយភាព​ជោគជ័យ​”។

លោក​បាន​បន្ថែម​ថា ” ការ​បោះ​ឆ្នោត​លើក​ក្រោយ​​ប្រាកដជាត្រូវបាន​ស្វាគមន៍​ពីសំណាក់​ប្រជា​ពល​រដ្ឋ​។ ប្រព័ន្ធ​ថ្មីត្រូវ​ស្ដារ​ទំនុក​ចិត្តជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​លទ្ធផល​អាច​ត្រូវ​បាន​គោរព​ដោយ​ប្រជា​ពលរដ្ឋ​”។

លោក គួយ ប៊ុនរឿន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​របស់​គណ​បក្ស​ប្រឆាំង​បាន​ស្វាគមន៍​លទ្ធផល​របស់​ក្រុមអ្នក​ជំនាញ​ជប៉ុន ដែល​លោក​បានលើក​ឡើង​ថា គឺទាក់​ទង​នឹង​ពាក្យ​បណ្ដឹង​ជាច្រើន​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​របស់​គណបក្ស​​លោក​អំពី​ភាព​មិនប្រក្រតី​អំឡុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣។

លោក​បាន​មាន​ប្រសាសន៍​ថា ” គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​១០០ភាគរយ​ចំពោះ​លទ្ធផល​របស់​ក្រុម​អ្នក​ជំនាញ​​ជប៉ុន ពីព្រោះ​លទ្ធផល​នេះ​មិន​ខុស​ប្លែក​ពី​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កត់​ត្រា​ទុក​អំពី​ភាព​មិន​ប្រក្រតី​នៅ​ពេល​បោះឆ្នោត​ឡើយ”។

លោក គួយ ប៊ុនរឿន បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​បញ្ចប់​សេចក្ដី​​ព្រាង​ច្បាប់​ឲ្យ​បាន​លឿន​សម្រាប់​គណៈកម្មការ​បោះ​ឆ្នោត​ថ្មី​ពីរ​គណបក្ស​ ដែល​ជាចំណុច​សំខាន់​នៃ​កិច្ច​ព្រមព្រៀងកាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា រវាង​គណបក្ស​ទាំង​ពីរ​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​គណបក្ស​ប្រឆាំង​។

លោក គួយ ប៊ុនរឿន បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ គណៈប្រតិភូ​មកពី​គណបក្ស​ទាំង​ពីរ​នឹងលៃលក​​ធ្វើ​ទស្សនកិច្ច​សិក្សា​” ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​រៀនសូត្រ​អំពី​របៀប​រៀបចំ​ការ​បោះ​ឆ្នោត និង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ទី​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​បន្តជួប​ពិភាក្សា​គ្នា​។ ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​ពិត​ជាមាន​សុច្ឆន្ទៈ​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ហើយ​ជា​ពិសេស​ផ្អែកលើលទ្ធផល​របស់​ក្រុម​ស្ទង់មតិ​ជប៉ុននោះ​ យើង​អាច​បន្ត​​នៅ​ពេល​ឆាប់ៗ​នេះ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​​ជា​សមាជិក​គណៈប្រតិភូ​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពីជំនួប​របស់​គណបក្ស​លោក​ជាមួយក្រុមអ្នកជំនាញ​ជប៉ុន​៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស