40.6 C
Phnom Penh

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ពី​បក្ខ​ពួក​និយម​នៅក្នុង​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុន ឆ័យ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ជូន​លោក ឡេង ប៉េង​ឡុង អគ្គលេខាធិការ​រដ្ឋសភា ដោយ​ចោទ​ប្រកាន់​មន្ត្រីមួយ​រូបពី​ការ​ផ្ដល់​តួនាទី​ដល់​សមាជិក​គ្រួសាររបស់ខ្លួន​​ដ៏ការិយាធិបតេយ្យ​នៅ​ក្នុង​សភា​​។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​អង្គារ ហើយ​បាន​ចែក​ចាយ​កាលពី​ម្សិលមិញ លោក សុន ឆ័យ បាន​ទាម​ទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ថា តើ​​លោក មិត្ត ការ៉េន អគ្គលេខាធិការ​រង​រដ្ឋសភា​​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​​ដើម្បីផ្ដល់​តួនាទី​ដល់​សមាជិក​គ្រួសារ​ខ្លួនយ៉ាងតិច​​ប្រាំពីរ​នាក់​ដឹក​នាំ​នាយក​ដ្ឋាន​រដ្ឋសភា​ឬ​យ៉ាងណា។

អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ទទួល​បាន​តួនាទី​របស់​ខ្លួន​តាម​រយៈ​បក្ខពួក​និយមនោះ​ រួម​មាន លោក ហុង វិចិត្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​ជា​កូន​ប្រសា​របស់​លោក ការ៉េន និង​ មិត្ត ទីមាន ប្រធាន​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង ដែល​ត្រូវ​ជា​កូនស្រី​របស់​លោក​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក​ ការ៉េន បាន​ទទួល​ស្គាល់​ថា អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​របស់​លោក សុន ឆ័យ នោះគឺ​ជាសាច​់​ញាតិ​របស់​លោក​ ប៉ុន្តែ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពីបទ​បក្ខពួក​និយម​ ដោយលោក​លើក​ឡើង​ថា លោក​គ្មាន​សិទ្ធិ​ផ្ដល់​ការ​ងារ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ពិត​មែន​ហើយ​ពួកគេ​គឺ​ជាសាច់​ញាតិ​របស់​ខ្ញុំ ប៉ុន្តែ​ពួកគេ​មិន​កាន់​តួនាទី​ខ្ពស់​ទេ។ ពួកគេ​នៅ​​ធ្វើ​ការ​ក្រោម​មេរបស់​ខ្លួន​ដដែល​”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​គ្មាន​សិទ្ធិតែង​តាំង​នរណា​ម្នាក់ទេ​ រួម​ទាំង​សាច់​ញាតិ​របស់​ខ្ញុំ​។ ការ​តែង​សម្រាប់​ការ​ងារ​នៅ​ទីនេះ​ត្រូវ​បាន​ចាត់​ចែង​ដោយ​ប្រធាន​រដ្ឋសភា​​ពីមុន​ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​​ពី​ជំនាញ​របស់​ពួកគេ​”។

លោក​ ការ៉េន ​បាន​​បន្ថែម​ទៀត​ថា សាច់​ញាតិ​របស់​លោក​បាន​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា​​តាំង​ពី​ព្រះ​អង្គម្ចាស់​ នរោត្តម ​ជា​នាយក​រដ្ឋមន្ត្រី​មក​ម្លេ៉ះ ហើយ​ទទួល​បាន​ការ​ងារ​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​តាម​រយៈ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​ហ្វុ៊នស៊ិនប៉ិច។

លោក​បាន​មាន​ប្រសាសន៍​ថា ” អ្វីៗ​ត្រូវ​បាន​កត់​ត្រា​ទុកជា​ឯកសារ​ ហើយ​ប្រសិន​លោក​ចង់​បាន​ឯកសារ​​ទាក់​ទង​ការ​តែង​តាំង​បុគ្គលិក​ លោកអាច​សុំ​ការ​យល់ព្រម​ពី​សម្ដេច​ប្រធាន​រដ្ឋសភា​ ហេង សំរិន ទៅ​”។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍តាមទូរស័ព្ទ​ថា សាច់​ញាតិ​របស់​លោក​ ការ៉េន គួរ​តែ​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​ខ្លួនដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត ហើយ​បានអំពាវ​នាវ​ឲ្យ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ចេញ​ផ្សាយ​បញ្ជី​បុគ្គលិក​របស់​សភា ដើម្បី​បង្ហាញ​ថា ​មិន​មាន​បក្ខពួក​និយមនោះ។

លោក សុន ឆ័យបាន​ពន្យល់​ថា ខ្ញុំ​បាន​ឮថា ឥឡូវ​នេះ​តួនាទី​​អចិន្ត្រៃយ៍​ឬការងារ​នៅ​ក្នុង​សភា​មាន​ចំនួន១.៣៥០​ ហើយ​ការ​ងារ​ដែល​មាន​កិច្ច​សន្យា​ប្រហែល​៥០០ទៅ​៦០០​។ ខ្ញុំ​បាន​ស្នើ​សុំ​បញ្ជី​ឈ្មោះ​នេះ​១០​ឆ្នាំមកហើយ ហើយ​មិន​ទទួល​បានទេ​”។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍ថា ” នាយករដ្ឋមន្ត្រី​តែង​តែ​លើក​ឡើង​ថា សភា​គួរ​តែ​ជា​កញ្ចក់​ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​របស់​លោក​ឆ្លុះ​មើល​ធូលី​នៅ​លើ​មុខ​របស់​ពួកគេ​ ហើយ​សម្អាត​មុខ​របស់​ខ្លួន។ ប៉ុន្តែ​ប្រសិន​បើ​កញ្ចក់​នេះ​ប្រឡាក់​សុទ្ធតែ​ដី​ តើ​រដ្ឋមន្ត្រី​​ទាំង​នេះ​អាច​ឆ្លុះ​មើល​បញ្ហា​ដែល​ខុស​ឆ្គង​ឃើញទេ​?”។ គេ​មិន​អាច​ទាក់​ទង​លោក ឡេង ប៉េង​ឡុង​ បាន​ទេ៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស