26 C
Phnom Penh

ការ​​​សិក្សា​​​ថ្មី​​​បង្ហាញ​​​ពី​​​វិសាល​​​ភាព​​​​​​ធំ​​​ធេង​​​នៃ​​​ការ​​​រំលោភ​​​បំពានលើ​​​​​​កុមារ​​​​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​​​សិក្សា​​​ថ្មី​​​មួយ​​​​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ បាន​​​រក​​​ឃើញ​​​ថា ជាង​​​ពាក់​​​កណ្តាល​​​នៃ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​អស់​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​១៨​​​​​​ឆ្នាំ​​​ បាន​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​នៃ​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​កាយ​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ម្តង​​​ ចំណែក​​​ឯស្ត្រី​​​​​​ជាង​​​៦ភាគ​​​រយ​​​ និង​​​បុរស​​​៥ភាគ​​​រយ​​​​​​​​​បាន​​​ទទួល​​​រង​​​ការ​​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កាល​​​ពីវ័យ​​​កុមារ​​​។

ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ធ្វើ​​​ឡើង​​​រួម​​​គ្នា​​​ដោយ​​​អង្គការ​​​យូនីសេហ្វ​​​ វិទ្យាស្ថាន​​​ជាតិ​​​ស្ថិត​​ិ​​​ក្រសួង​​​ផែន​​​ការ​​​ ក្រសួង​​​កិច្ច​​​ការ​​​នារី​​​ និ​​​ង​​​ក្រសួង​​​សង្គម​​​កិច្ច​​​នេះ ​​​បាន​​​ស្ទង់​​​មតិ​​​កុមារ​​​ និង​​​មនុស្ស​​​ពេញ​​​វ័យ​​​ចំនួន​​​២.៣៧៦​​​នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​ពី​​​១៣​​​ឆ្នាំ ដល់​​​២៤​​​ឆ្នាំ​​​នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​​​​ខែ​​​កុម្ភៈ​​​ និង​​​​​​ខែ​​​មីនា ឆ្នាំ​​​មុន​​​។ អ្នក​​​​​​ឆ្លើយ​​​គឺ​​​ជា​​​​​​ឪពុក​​​ម្តាយ​​​ដែល​​​បាន​​​ឆ្លើយ​​​សំណួរ​​​ស្តីពី​​​កូន​​​ៗ​​​របស់​​​​​​ខ្លួន។

ការសិក្សា​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា មួ​​​យ​​​ភាគ​​​បួន​​​នៃ​​​កុមារ​​​កម្ពុជា​​​ បានទទួល​​​​​​រង​​​ការ​​​បំពាន​​​ផ្លូវ​​​អារម្មណ៍​​​ដែល​​​គេ​​​កំណត់​​​ថា​​​ជា​​​ការ​​​បំពាន​​​តាម​​​រយៈ​​​ “​​​ពាក្យ​​​សម្ដី​​​”។ នៅ​​​ក្នុង​​​ករណី​​​នៃ​​​ការ​​​រំលោភ​​​បំពាន​​​ទាំង​​​បី​​​ប្រភេទ​​​ ​​​ភាគ​​​ច្រើន​​ឪពុក​​​ម្តាយ​​​ និង​​​គ្រូបង្រៀន​​​​​​ជា​​​ជន​​​ល្មើស​​​​​​ បន្ទាប់​​​មក​​​គឺ​​​អ្នក​​​រស់​​​នៅ​​​ក្នុង​​​សហគមន៍​​​​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ​​​។ ការសិក្សា​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “ជន​​​ល្មើស​​​ភាគ ច្រើន​​​ ដែល​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​រាង​​​​​​កាយ​​​​​​វ័យ​​​កុមារ គឺឪពុក​​​ ហើយ​​​ជា​​​ពិសេស​​​ម្តាយ​​​”។

លោក​​​ស្រី អឹុង គន្ថាផាវី រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​​​​កិច្ច​​​​​​ការ​​​នារី​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ទៅ​​​កាន់​​​​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​ពិធី​​​​​​បញ្ចេញ​​​របាយការណ៍​​​សិក្សា​​​​​​នេះដែល​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​ថា ទន្ទឹម​​​​​​នឹង​​​លទ្ធផល​​​បង្ហាញ​​​ថា ការ​​​រំលោភ​​​បំពាន​​​លើ​​​កុមារ​​​មាន​​​ការ​​​រាល​​​ដាល​​​​​ ​​​វា​​​ក៏​​​បង្ហាញពី​​​ការ​​​​​​ប្តេជ្ញា​​​ចិត្ត​​​​​​របស់​​រដ្ឋា​​​ភិបាល​​​ដែរ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “អ្វី​​​ដែល​​​យើង​​​បាន​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះ​​​បង្ហាញ​​​ពី​​​​​​ឆន្ទៈ​​​ និង​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​​​​ពិត​​​ប្រាកដ​​​របស់​​​រដ្ឋាភិបាល​​​ ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​ និង​​​កាត់​​​បន្ថយ​​​អំពើ​​​ហិង្សា​​​លើ​​​កុមារ​​​​​​​​​​​​​​​​​​​”។ លោក​​​ស្រី​​​បាន​​​មាន​​​​​​ប្រសាសន៍​​​បន្ត​​​ថា ក្រ​​​សួង​​​កិច្ច​​​ការ​​​នារី​​​កំពុ​​​ងអភិវឌ្ឍកម្ម​​​វិធី​​​មួយ​​​​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​វិធី​​​ថែ​​​ទាំ​​​កូន​​​ដោយ​​​មិន​​​ប្រើអំពើ​​​ហិង្សា។

លោក​​​ស្រី​​​ ម៉ាតា សាន​​​តូស​​​ ផេស (Marta Santos Pais) តំណាង​​​ពិសេស​​​របស់​​​អគ្គលេខា​​​ធិការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​បញ្ហា​​​​​​អំពើ​​​ហិង្សា​​​លើ​​​កុមារ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សិក្សា​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ គឺ​​​ជាការ​​​ប្រមូល​​​ចង​​​ក្រង​​​ទិន្នន័យ​​​ដ៏ទូលំទូលាយ​​​លើក​​​ដំបូង​​​ស្តី​​​ពីការ​​​រំលោភ​​​បំពាន​​​លើ​​​កុមារ​​​នៅ​​​កម្ពុជា​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​ យើង​​​អាច​​​ត្រឹម​​​តែ​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ប៉ុណ្ណោះ​​​ តែ​​​ពេល​​​នេះ​​​យើង​​​មាន​​​ភ័ស្តុ​​​តាម​​​ច្បាស់​​​លាស់​​​ហើយ​​​”៕សុខុម

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស