កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍បានអំពាវនាវឲ្យរដ្ឋាភិបាលបើកចំហជាសាធារណៈចំពោះការដាក់ដេញថ្លៃឈើដែលរឹបអូសបាន និងអំពាវនាវឲ្យលុបចោលកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យលោក ទ្រី ភាព ទិញយកឈើទាំងអស់ដែលរដ្ឋាភិបាលរឹបអូសបាន។ បញ្ហាទាំងពីរនេះជាបញ្ហាដែលពួកគេបានរិះគន់ថា បានធ្វើឲ្យមានការកាប់ឈើខុសច្បាប់ទូទាំងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ តំណាងវេទិកាអង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ត្រូវបានចូលរួមដោយអ្នកភូមិចំនួនបីនាក់មកពីខេត្តក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ ដែលស្ដីបន្ទោសលើអ្នកកាប់ឈើខុសច្បាប់យ៉ាងច្រើនចំពោះការបំផ្លិចបំផ្លាញព្រៃសហគមន៍របស់ពួកគាត់។
យោងតាមរបាយការណ៍ថ្មីមួយពីក្រសួងកសិកម្មបានឲ្យដឹងថា រដ្ឋាភិបាលបានដោះស្រាយសំណុំរឿងចំនួន១.៨៩១ដែលទាក់ទិននឹងបទល្មើសព្រៃឈើ និងការកាប់ឈើខុសច្បាប់អំឡុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។ របាយការណ៍នេះបានឲ្យដឹងបន្តថា ករណីភាគច្រើនត្រូវបានដោះស្រាយដោយតុលាការ ប៉ុន្តែមិនបានពន្យល់ថាតើអ្វីបានកើតឡើងនៅក្នុងតុលាការឡើយ។ របាយការណ៍នេះក៏បានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលបានរឹបអូសឈើចំនួន១.៦០១ម៉ែត្រគូប ឈើអាររួចចំនួន៤.១៦២ម៉ែត្រគូប និងឈើមានតម្លៃបំផុត[ឈើគ្រញូង]ចំនួន១០៥ម៉ែត្រគូប។
លោក តឹក វណ្ណារា៉ ប្រធានវេទិកាអង្គការមិនមែនរដ្ឋាភិបាលបានមានប្រសាសន៍ថា “ចំនួនឈើដែលរឹបអូសបានទាំងនោះបង្ហាញឲ្យឃើញពីការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនក្នុងប្រទេសកម្ពុជា”។ លោកបានចាត់ទុកការកាប់បំផ្លាញទាំងនេះជាសោកនាដកម្មជាតិ។
អង្គការមិនមែនរដ្ឋាភិបាល និងអ្នកភូមិបានស្ដីបន្ទោសបញ្ហាដែលកើតមានយ៉ាងច្រើននេះលើរបៀបដែលរដ្ឋាភិបាលបានដោះស្រាយចំពោះឈើដែលខ្លួនរឹបអូសបាន។
តាមច្បាប់ ឈើដែលរឹបអូសបានទាំងអស់ត្រូវដាក់ដេញថ្លៃជាសាធារណៈ។ អង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា តាមពិតទៅអង្គការមិនដែលឃើញថា មានការដាក់ដេញថ្លៃនោះទេ ហើយរដ្ឋាភិបាលបានបដិសេធមិនផ្ដល់ព័ត៌មានអំពីដំណើរការនេះឡើយ។ ព័ត៌មានដែលរដ្ឋាភិបាលបានផ្ដល់នោះ គឺប្រាប់ឲ្យដឹងត្រឹមតែអ្នកដែលឈ្នះក្នុងការដេញថ្លៃប៉ុណ្ណោះ។
កាលពីពីរបីឆ្នាំកន្លងទៅនេះ ការឈ្នះក្នុងការដេញថ្លៃទាំងអស់គឺសុទ្ធតែធ្លាក់ទៅលើលោក ទ្រី ភាព ដែលបន្ទាប់មកបានបន្តលក់ឈើទាំងនោះទៅក្រៅប្រទេស ដោយទទួលបានប្រាក់ចំណេញរាប់លានដុល្លារ។ អង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងបន្តទៀតថា ដំណើរការបែបនេះបានធ្វើឲ្យរដ្ឋាភិបាលដែលក៏ទទួលបានប្រាក់ចំណេញពីការដេញថ្លៃដែរនោះ គ្មានបំណងបញ្ឈប់ការកាប់ឈើខុសច្បាប់ដែលអាចជួយឲ្យលោក ទ្រី ភាព អាចទិញបានឈើបន្តទៀតនោះឡើយ។
ក្នុងចំណោមអនុសាសន៍ដែលអង្គការមិនមែនរដ្ឋាភិបាល និងអ្នកភូមិបានលើកឡើងកាលពីម្សិលមិញ គឺចង់ឲ្យមានការដាក់ដេញថ្លៃជាសាធារណៈពិតប្រាកដមួយ និងចង់ឲ្យសង្គមស៊ីវិលត្រូវបានគេអនុញ្ញាតឲ្យឃ្លាំមើលការដាក់ដេញថ្លៃទាំងនោះ។
ពួកគេក៏បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលលុបចោលការផ្ដល់សិទ្ធិផ្ដាច់មុខទៅឲ្យលោក ទ្រី ភាព ក្នុងការទិញយកឈើរឹបអូសបានទាំងអស់ផងដែរ។ ឈើដែលរឹបអូសបានទាំងនេះ គឺស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ហើយវាទំនងជាមិនត្រូវបានដាក់ដេញថ្លៃនោះទេ។ បទបញ្ជាកាលពីថ្ងៃទី២៤ ខែកក្កដា របស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងទៅចរចាអំពីតម្លៃឈើជាមួយតែក្រុមហ៊ុនរបស់លោក ទ្រី ភាព ប៉ុណ្ណោះ ហើយបានណែនាំឲ្យធ្វើដូច្នេះដដែលចំពោះឈើដែលត្រូវបានរឹបអូសបន្ថែមទៀតនៅថ្ងៃអនាគត។
លោក ស្វាយ ភឿន សមាជិកនៃបណ្ដាញកសាងសន្តិភាពសហគមន៍ ជាសម្ព័ន្ធអ្នកភូមិនៅទូទាំងប្រទេសកម្ពុជា ដែលប្ដេជ្ញាការពារធនធានធម្មជាតិបានលើកឡើងថា កិច្ចព្រមព្រៀងជាមួយលោក ទ្រី ភាព ទំនងជាការដេញថ្លៃដោយសម្ងាត់ ហើយគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលធ្វើឲ្យមានការកាប់ឈើខុសច្បាប់។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា សម្ដេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] គួរតែលុបចោលកិច្ចព្រមព្រៀងជាមួយលោក ទ្រី ភាព ព្រោះវានឹងធ្វើឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើទូទាំងប្រទេស។ ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងនេះ នោះវានឹងមិនមាននរណាម្នាក់ទៅទិញឈើឡើយ”។
ចំណែកឯអង្គការការពារបរិស្ថានមួយចំនួនបានលើកឡើងថា រដ្ឋាភិបាលគួរតែដុតកម្ទេចចោលឈើកាប់ដោយខុសច្បាប់ដែលខ្លួនរឹបអូសបាន ដើម្បីកុំឲ្យគេទទួលបានប្រាក់ពីការលក់ឈើនេះ ព្រោះវាអាចជាប្រាក់ដែលលើកទឹកចិត្តឲ្យមានការកាប់ឈើបន្តទៀត។ មន្ត្រីរដ្ឋាភិបាលបានបដិសេធមិននិយាយពីអ្វីដែលអង្គការមិនមែនរដ្ឋាភិបាល និងអ្នកភូមិបានលើកឡើងកាលពីម្សិលមិញឡើយ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានផ្ដាច់ទូរស័ព្ទរបស់អ្នកយកព័ត៌មាន។ លោក អៀង សុផាល្លែត អនុរដ្ឋលេខាធិការក្រសួងកសិកម្មទទួលបន្ទុកការដាក់ដេញថ្លៃឈើ និងដែលជានាយខុទ្ទកាល័យរបស់លោក អ៊ុក រ៉ាប៊ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ហើយបានបង្វែរសំណួរទៅឲ្យលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មវិញ។ គេក៏មិនអាចទាក់ទងលោក ឡោ រស្មី បានដែរ។
ចំណែកនៅឯរដ្ឋបាលព្រៃឈើនៅក្រសួងកសិកម្មនេះវិញ មន្ត្រីឈ្មោះ ទឹម ស៊ីផា ប្រធានអនុវត្តច្បាប់ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ ហើយបានបង្វែរសំណួរទៅអ្នកនាំពាក្យរដ្ឋបាលព្រៃឈើ។ រដ្ឋបាលព្រៃឈើគ្មានអ្នកនាំពាក្យនោះទេ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ផាន់ អាណា និង ZsomborPeter)