កាលពីខែឧសភាឆ្នាំមុនបន្ទាប់ពីកម្មករ២នាក់ស្លាប់ពេលដែលពិដានធ្លាក់លើនៅរោងចក្រវិងស្តាស៊ូក្នុងខេត្តកំពង់ស្ពឺលោកអិុតសំហេងរដ្ឋមន្ត្រីក្រសួងការងារនាពេលនោះបានមានប្រសាសន៍ថាក្រសួងនានានឹង”ពិនិត្យអគាររោងចក្រទាំងអស់ដែលកំពុងប្រើសព្វថ្ងៃ”។
ប៉ុន្តែកាលពីថ្ងៃអង្គារគឺរយៈ១៧ខែបន្ទាប់ពីការបាក់ស្រុតរោងចក្រស្លាប់មនុស្សនោះជាន់ផ្ទាល់ដីនៅរោងចក្រនីស៊ីគូ Nishiku Enterprise របស់ចិនក្នុងខេត្តតាកែវបានស្រុតបណ្តាលឲ្យកម្មករយ៉ាងហោចណាស់៨នាក់រងរបួសជាហេតុធ្វើឲ្យមានកង្វល់ជាថ្មីទៀតអំពីការខ្វះស្តង់ដាសំណង់ក្នុងវិស័យកាត់ដេរនៅកម្ពុជា។
យោងតាមលោកស្រីជិលថាកឃើប្រធានទីប្រឹក្សាបច្ចេកទេសសម្រាប់កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិបានឲ្យដឹងថាហានិភ័យជាបន្តដែលបង្កឡើងដោយសំណង់គ្មានស្តង់ដានៅតាមអគាររោងចក្រ ត្រូវលើកបង្ហាញក្នុងរបាយការណ៍មិនបញ្ចេញឲ្យដឹងមួយមានឈ្មោះថាអគ្គិភ័យវិស័យកាត់ដេរនិងស្បែកជើងនិងហានិភ័យចំពោះសុវត្ថិភាពអគារ។
លោកស្រីថាកឃើបានមានប្រសាសន៍ថារបាយការណ៍ដែលបានវាយតម្លៃរោងចក្រ៩កន្លែងនិងចងក្រងដោយអង្គការពលកម្មអន្តរជាតិជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនិយាយលម្អិតអំពី”ការមិនដាក់សរសៃដែកគ្រប់គ្រាន់ក្នុងសំណង់” គឺជាការគំរាមមួយដល់សុវត្ថិភាពរបស់កម្មករដែលលោកស្រីថាកឃើមានប្រសាសន៍ថាជាមូលហេតុនៃការបាក់ស្រុតកាលពីថ្ងៃអង្គារ។
លោកស្រីបានមានប្រសាសន៍អំពីមូលហេតុនៃការបាក់ស្រុតដែលក្នុងហេតុការណ៍នោះជាន់រោងចក្រប្រវែង៥០ម៉ែត្របានបាក់ស្រុតចុះប្រហែល៣ម៉ែត្រចូលក្នុងអាងទឹកនៅពីក្រោម ថា “នោះហើយជាអ្វីដែលពិតប្រាកដនោះ”។
លោកស្រីមានប្រសាសន៍ថា “អ្វីដែលរបាយការណ៍នេះលើកឡើងដែរគឺការគ្មានច្បាប់និងបទប្បញ្ញត្តិផ្លូវការពីរដ្ឋាភិបាលកម្ពុជាអាចជាកត្តាធំជាងគេដែលបណ្តោយឲ្យមានសំណង់អន់ៗ]”។
តែទោះជាយ៉ាងនេះក្តីកម្មវិធីរោងចក្រល្អប្រសើរមិនត្រួតពិនិត្យសំណង់របស់រោងចក្រដែលខ្លួនធ្វើការជាមួយនោះទេ។ដូច្នេះថ្វីបើអគារមានគុណភាពអន់ក៏ដោយក៏រោងចក្រនីស៊ីគូទទួលបានពិន្ទុដ៏ល្អក្នុងសន្ទស្សន៍តម្លាភាពរបស់កម្មវិធីរោងចក្រកាន់តែប្រសើរដែលតាមដានលក្ខខណ្ឌការងារប្រាក់ខែនិងវិធានការសុវត្ថិភាពដែរ។
លោកស្រីថាកឃើមានប្រសាសន៍ទៀតថាកម្មវិធីរោងចក្រកាន់តែប្រសើរមិនត្រួតពិនិត្យសំណង់រោងចក្រទេដោយសារការខ្វះច្បាប់សំណង់ស្តង់ដាក្នុងប្រទេសកម្ពុជា។លោកស្រីបានបន្ថែមថា “យើងពិនិត្យទៅលើស្តង់ដាក្នុងប្រទេសនេះហើយឥឡូវនេះមិនមានស្តង់ដាទេដូច្នេះនោះហើយជាបញ្ហាពិតប្រាកដ”។
លោកដេវវែលស៍នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គីភាព Solidarity Center មានមូលដ្ឋាននៅអាមេរិកដែលគាំទ្រសិទ្ធិកម្មករបានមានប្រសាសន៍ថាឧប្បត្តិហេតុកាលពីថ្ងៃអង្គារបានបញ្ជាក់ឲ្យឃើញថាការសន្យាពីមន្ត្រីរដ្ឋាភិបាលចំពោះការពង្រឹងស្តង់ដាអគារគឺឥតន័យតែម្តង។
លោកមានប្រសាសន៍ថា “អ្នកបានគិតហើយថាបន្ទាប់ពីរយៈពេលមួយឆ្នាំកន្លះនឹងមានការប្រសើរឡើងជាខ្លាំង។ជាទ្រឹស្តីខ្ញុំគិតថានាយកដ្ឋានគ្រប់គ្រងដែនដីនិងផែនការមានការទទួលខុសត្រូវបន្ថែមប៉ុន្តែក្នុងន័យពង្រឹងច្បាប់ខ្ញុំមិនឃើញមានការប្រសើរឡើងណាមួយឡើយ”។
លោកវេលស៍មានប្រសាសន៍ថាគោលនយោបាយកម្មវិធីរោងចក្រកាន់តែប្រសើរដែលមិនត្រួតពិនិត្យសំណង់អគាររោងចក្រគឺ”ទុកចន្លោះប្រហោងដ៏ធំ”ទាក់ទិននឹងស្តង់ដាសុវត្ថិភាព។
លោកបានបន្តទៀតថា ” កម្មវិធីរោងចក្រកាន់តែប្រសើររបស់អង្គការពលកម្មអន្តរជាតិមានភារកិច្ចត្រួតពិនិត្យរោងចក្រប៉ុន្តែវាមិនមែនជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ខ្លួនទេហើយគេបើកចំហណាស់អំពីបញ្ហានេះដើម្បីវាយតម្លៃភាពត្រឹមត្រូវរូបវន្តរបស់រោងចក្រ។ដូច្នេះប្រសិនបើរដ្ឋាភិបាលមិនធ្វើឲ្យត្រឹមត្រូវវាបង្កើតភាពងាយរងគ្រោះសម្បើមណាស់ចំពោះកម្មករ”។
លោកចូអែលប្រេស្តុនទីប្រឹក្សាការងារមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថាម្ចាស់រោងចក្រនិងក្រុមហ៊ុនអន្តរជាតិល្បីៗគួរទទួលខុសត្រូវចំពោះឧបទ្ទវហេតុបែបនេះប៉ុន្តែថាក្រសួងការងារទទួលខុសត្រូវចុងក្រោយ។
លោកបានលើកឡើងទៀតថា “យើងត្រូវចងចាំថាការទទួលខុសត្រូវបឋមចំពោះបទប្បញ្ញត្តិសុវត្ថិភាពការងារនៃវិស័យកាត់ដេរគឺស្ថិតលើរដ្ឋាភិបាល”។
លោកវង់សុវ៉ានអគ្គនាយករងនៃនាយកដ្ឋានដោះស្រាយវិវាទការងារនៅក្រសួងការងារបានមានប្រសាសន៍កាលពីថ្ងៃពុធថាអាជ្ញាធរមានផែនការចុះទៅពិនិត្យរោងចក្រនៅសប្តាហ៍នេះដោយសារមានការស្រុតអគារកាលពីថ្ងៃអង្គារ។
លោកបានបន្ថែមថា “គណៈកម្មការជំនាញមួយនឹងទៅពិនិត្យមិនត្រឹមតែអគារស្រុតនោះប៉ុណ្ណោះទេប៉ុន្តែយើងក៏នឹងពិនិត្យរោងចក្រផ្សេងទៀតដែរ”៕មានិត