27 C
Phnom Penh

នគរ​បាល​រឹប​អូស​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្តមណ្ឌល​គិរី ហើយ​អ្នក​ជួញដូរ​រត់​គេចខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​អង្គារ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​រឹប​អូស​ឈើ​ធ្នង់​ជាង​៨០​ដុំ​​ពី​រថយន្ត​ពីរ​គ្រឿង ដែល​ពួកគេ​បាន​ដេញ​តាម​ផ្លូវ​ជាតិ​លេខ​៧៦​ ប៉ុន្តែ​អ្នក​ជួញដូរ​បាន​រត់​គេច​ខ្លួន​។

លោក សូ សំអាត មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អូររាំង បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​រួម​កម្លាំង​ជាមួយ​បុគ្គលិក​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ដែលផ្លូវ​ជាតិ​លេខ​៧៦កាត​់​តាម​នោះបាន​ដេញ​តាម​រថយន្ត​តូច​ និង​រថយន្ត​វ៉ែន​នោះនៅម៉ោង​ប្រហែល​១០​ព្រឹក​។

លោក​បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​របស់​យើង​សង្ស័យ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ ហើយ​បាន​ព្យាយាម​ឃាត់​ឲ្យ​ឈប់ ប៉ុន្តែ​នៅ​ពេល​យើង​មក​ដល់​ ពួកគេ​ [អ្នក​បើ​បរ​ និង​អ្នក​រួម​ដំណើរ] បាន​រត់បាត់​”។

លោក​ គង់ ពុទ្ធិរា៉ា អនុប្រធាន​តំបន់​អភិរក្ស​នេះ​បាន​មាន​ប្រសាសន៍​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​បាន​ដឹក​ឈើ​ធ្នង់​សរុប​៨២​ដុំ ដែល​ឥឡូវ​នេះ​កំពុង​រក្សា​ទុក​នៅ​ការិយាល័យ​កណ្ដាល​។

លោក ពុទ្ធិរា៉ា បាន​​មានប្រសាសន៍​ថា​ ឥឡូវ​នេះ​លោក​កំពុង​ព្យាយាមតាម​រក​ម្ចាស់​រថយន្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​កំពុង​ធ្វើ​របាយការណ៍​​ចោទ​ប្រកាន់​ពួកគេ​ពីបទ​ដឹក​ឈើ​ដោយ​គ្មាន​ការ​​អនុញ្ញាត ហើយ​យើង​នឹង​បញ្ជូន​របាយការណ៍​ទៅ​មន្ទីរ​បរិស្ថាន​​ខេត្ត​ ដើម្បី​ឲ្យ​កោះ​ហៅ​ម្ចាស់​រថយន្ត​។ ប្រសិន​បើ​ពួកគេ​មិន​មក​បង្ហាញ​ខ្លួន​​ទេ​…​តុលាការ​នឹង​ចាត់​វិធានការ​”។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ក្នុង​ខេត្ត​មណ្ឌល​គិរី លោក ងួន សារ៉ន អភិបាល​ស្រុក​ពេជ្រា​ដា បាន​មាន​ប្រសាសន៍​ថា កូនចៅ​របស់​លោក​កំពុងធ្វើ​ដំណើរ​ទៅ​តំបន់ជនបទ​ ទីដែលឈើ​ប្រហែល​៣.០០០​ដុំ​ជា​ប្រភេទ​ឈើ​ធ្នង់​កាប់​​ដោយ​ខុស​ច្បាប់ ត្រូវ​បាន​អ្នក​ភូមិ​រក​ឃើញ​កាលពី​ថ្ងៃ​អាទិត្យ​។ លោក សារ៉ន បាន​មាន​ប្រសាសន៍​ថា គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​ឈើ​នេះ​ជា​កម្មសិទ្ធិ​របស់​ចម្ការ​ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​តំបន់​នេះ​ឬយ៉ាងណានោះឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ឈើ​នេះ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច ហើយ​បាន​រក​ឃើញ​នៅ​លើ​ដី​ដែល​​មាន​វិវាទ​រវាង​ក្រុម​ហ៊ុន Dai Nam និង​ដី​របស់​អ្នកភូមិ​យើង​។

លោក សារ៉ន បាន​មាន​ប្រសាសន៍​ថា​ តំបន់​នេះ​កំពុង​មាន​វិវាទ​នៅ​ឡើយ​ ពីព្រោះ​អ្នក​ភូមិ​​បាន​ច្រាន​ចោល​ដី​ទំហំ​១.៤០៥​ហិកតា​ ដែល​ក្រុម​ហ៊ុន​បាន​ផ្ដល់​ឲ្យ​ពួកគាត់ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ។

លោក ស៊ាង ស៊ា ស្មៀនឃុំ​​ពូជ្រៃ បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មួយ​ចំនួន​ដែល​រាយ​ការណ៍​ពី​ឈើ​ដ៏ច្រើននេះមិន​អាច​អត់ធ្មត់​ជាមួយ​អាជ្ញាធរ​បាន​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគាត់​បាននិយាយថា ប្រសិន​បើ​អាជ្ញាធរ​មិន​មក​ស៊ើប​អង្កេត​ទេ ពួកគាត់​នឹង​ដុត​ឈើ​នេះ​ចោល​តែ​ម្ដង​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស