34 C
Phnom Penh

ទាហាន​ម្នាក់​កាប់ប្រធាន​របស់ខ្លួន​ស្លាប់​​ ហើយ​រត់គេចខ្លួន​បាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោធា​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ទាហាន​អាយុ​៤៤​ឆ្នាំ​ម្នាក់​កំពុង​រត់គេច​ខ្លួន​បន្ទាប់​ពីប្រើកាំបិត​ផ្គាក់កាប់​ប្រធាន​​របស់​ខ្លួនស្លាប់​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ កាលពី​ថ្ងៃ​ពុធ។

លោក សេង ភារិន អនុ​បញ្ជាការ​សេនាធិការ​​នៃ​កង​ពល​តូច​លេខ៥១បាន​មាន​ប្រសាសន៍​ថា លោក តែ ប៊ុនធឿន ពលបាល​ឯក​​កងពលតូច​លេខ​៥១​នៃ​កង​យោពល​ខេមរភូមិន្ទ​បាន​សម្លាប់​លោក ង៉ែត គង់រិទ្ធ អាយុ​២៨​ឆ្នាំ​ ប្រធាន​កង​អនុសេនាធំ​នៃ​កង​ពលតូច​លេខ​៥១​​ បន្ទាប់ពី​ជនរងគ្រោះ​​​រូបនេះបាន​មក​ជួយ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​រវាង​ជនសង្ស័យ​ដែល​ស្រវឹង​ស្រា​រូបនេះជាមួយ​​ប្រពន្ធ​របស់​ខ្លួន។

យោង​តាម​លោក ភារិន បាន​ឲ្យ​ដឹង​ថា លោក ប៊ុនធឿន បាន​ត្រឡប់​ពី​បន្ទាយ​កង​ពលតូច​នេះមក​ផ្ទះ​របស់​ខ្លួន​ ដោយ​ស្រវឹង​ជោកជាំ​នៅ​ម៉ោង​ប្រហែល​៧យប់ ហើយ​ភ្លាម​នោះ​បាន​ទាស់​សម្ដី​គ្នា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ ដែល​កើត​ឡើង​ជា​ប្រចាំ​ទៅ​ហើយ​។

លោក ភារិន បាន​មាន​ប្រសាសន៍​ថា ដោយ​ខ្លាច​ការ​ប្រើ​អំពើ​ហិង្សា អ្នកស្រី ប៊ុន ចាន់ថុន​ ជា​ប្រពន្ធ​របស់ជននេះ​បាន​ទូរស័ព្ទ​ទៅ​លោក ង៉ែត​ គង់រិទ្ធ ដោយ​សុំ​ឲ្យ​មេរបស់​ប្ដី​អ្នកស្រី​មក​ជួយ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​នេះ​ ដែល​​លោក​ធ្លាប់​បាន​ធ្វើ​ពីមុន​មក​។

លោក​បានមាន​ប្រសាសន៍ថា នៅ​ពេល​ប្រធាន​រូប​នេះ​មក​ដល់ លោក​ក៏​បាន​ទាស់​សម្ដី​ជាមួយលោក ​ ប៊ុនធឿន ដែល​បាន​ខឹង​យ៉ាងខ្លាំង​ ហើយ​បាន​គំរាម​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​របស់​ខ្លួន​។

លោក​បាន​បន្ថែម​ថា ” នៅ​ពេល​ជនរងគ្រោះ​មក​ដល់​ ជនសង្ស័យ​មិន​បាន​ឈប់​ឈ្លោះ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ទេ ហើយ​បន្ត​​​ខឹង​ច្រឡោត​ ដូច្នេះ​ប្រធាន​រូប​នេះ​​បាន​ទះ​កំផ្លៀង​​លោក ប៊ុនធឿនពីរ​ដៃ​។

លោក​ ភារិន បាន​មានប្រសាសន៍ថា ​​ពេល​នោះលោក​ ប៊ុនធឿន បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ ហើយ​​ប៉ុន្មាន​​​នាទី​​បាន​ចេញ​មក​វិញ​ដោយ​មាន​កាំបិត​ផ្គាក់ក្នុងដៃ​ ដោយដើរមកជិត​មិនឲ្យ​ជន​រងគ្រោះឃើញ ហើយ​បាន​កាប់​ជនរងគ្រោះ​តែ​​ម្ដង​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជនសង្ស័យ​បាន​កាប់​ជនរងគ្រោះ​ពីរ​កាំបិត​ត្រង់​បំពង់ក បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ភ្លាមៗ ហើយ​បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​”។ លោក​បាន​បន្ថែម​ថា ” អាច​ថា ជនរងគ្រោះ​គិត​ថា ជនសង្ស័យ​បាន​ចូល​ទៅ​ដេក។ ជនរងគ្រោះ​មិន​នឹក​ស្មាន​ថា ​ទាហាន​របស់​ខ្លួន​ធ្វើ​ដូច​នេះ​ឡើយ​”។

លោក កែវ ប៊ុនយឿន ​អធិការ​នគរ​បាល​ស្រុក​ព្រះនេត្រព្រះ កន្លែង​ដែល​​អំពើ​ឃាត​កម្ម​​កើតឡើង​បាន​មាន​ប្រសាសន៍​ថា កង​រាជ​អាវុធ​ហត្ថ និង​សមាជិក​កង​ពលតូច​លេខ​៥១​​បាន​សហ​ការ​ស្វែង​រក​ចាប់​ខ្លួន​លោក ប៊ុនធឿន។

លោក ប៊ុនយឿន បាន​មាន​ប្រសាសន៍​ថា​ ” បន្ទាប់ពី​សាកសួរ​ប្រពន្ធ​ជន​សង្ស័យ​​ ខ្ញុំ​ដឹង​ថា ជម្លោះ​នេះ​គឺ​ដោយ​សារ​ជន​នេះស្រវឹង​ស្រា​។ អ្នកស្រី ចាន់ថុន បាន​និយាយ​ថា ជារឿយៗ​អ្នកស្រី​ត្រូវ​​ប្ដីរបស់ខ្លួនគំរាម​ប្រើ​អំពើ​ហិង្សា​ ហើយ​តែង​តែ​ទូរស័ព្ទ​ទៅ​លោក ង៉ែត គង់រិទ្ធ ឲ្យ​មក​ជួយ​”។

លោក​បាន​បន្ថែម​ថា អ្នកស្រី ចាន់ថុន បាន​ងាក​​ទៅ​លោក ង៉ែត គង់រិទ្ធ រហូត​​ពីព្រោះ​គាត់​មាន​មាឌ​ធំ​​ជាង​​ប្ដី​របស់​អ្នកស្រី​​ ហើយ​បាន​ធ្វើ​ឲ្យ​ប្ដី​អ្នកស្រី​ស្ងប់អារម្មណ៍បាន​ក្នុង​ពេល​​កន្លង​មក​។ លោក ប៊ុនយឿន បាន​មាន​ប្រសាសន៍​ថា លោក​សង្ស័យ​ថាលោក ប៊ុនធឿន បាន​​ឆ្លង​ដែន​ចូល​​ប្រទេស​ថៃ៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស