28.4 C
Phnom Penh

វៀតណាម​​​ផ្អាក​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កាល​​​ពី​​​ខែ​​​មុន​​​កម្មករ​​​សំណង់​​​វៀតណាម​​​បាន​​​ផ្អាក​​​ការ​​​ពង្រីក​​​ផ្លូវ​​​មួយ​​​របស់​​​ប្រទេស​​​វៀតណាម​​​ចូល​​​មក​​​ក្នុង​​​​​​តំបន់​​​ដាច់​​​ស្រយាល​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​កម្ពុជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។

លោក​​​ ណាង ណារី អភិបាល​​​ស្រុក​​​អូររាំង​​​​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​សំណង​​​់​​​​​​វៀតណាម​​​បាន​​​ផ្អាក​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​មុន​​​ពេល​​​ការ​​​ស្ថាបនា​​​​​​នេះ​​​​​​ទៅ​​​ដល់​​​ទន្លេ​​​មួយ​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​​​​​​​ ដែល​​​កាល​​​ពី​​​​​​ពេល​​​កន្លង​​​មក​​​​​​វៀតណាម​​​​​​អះ​​​អាង​​​ថា ត្រូវ​​​បាន​​​យក​​​ធ្វើ​​​ជា​​​ព្រំ​​​ដែន​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​។

លោក ណារី បាន​​​មាន​​​ប្រសាសន៍​​​ថា “វៀតណាម​​​បាន​​​ឈប់​​​ស្ថាបនា​​​ផ្លូវ​​​​​​ប្រហែល​​​​​​មួយ​​​ខែ​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​វៀតណាម​​​បាន​​​ស្ថាបនា​​​​​​​​​ផ្លូវ​​​ចូល​​​ជម្រៅ​​​​​​ប្រហែល​​​១០០មែ៉ត្រ​​​នៃ​​​ព្រែក​​​ដាក់ដាំ”។ លោក​​​បាន​​​បន្ថែម​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ក៏​​​កំពុង​​​ស្ថាបនា​​​ផ្លូវ​​​មួយ​​​​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ដែរ ប៉ុន្តែ បាន​​​ផ្អាក​​​ផែន​​​ការ​​​មួយ​​​ចំនួន​​​​​​ដោយ​​​សារ​​​ការ​​​អះអាង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​របស់​​​វៀតណាម​​​ចំពោះ​​​តំបន់​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ស្ពាន​​​​​​ដាក់​​​ដាំ​​​ ចាស់​​ទ្រុឌទ្រោម​​​​ខ្លាំង​​​ណាស់ ប៉ុន្តែ យើង​​​នៅ​​​មិន​​​ទាន់​​​ជួស​​​ជុល​​​នៅ​​​ឡើយ​​​ទេ​​​ព្រោះ​​​យើង​​​មិន​​​ដឹង​ច្បាស់​​​​​ថា ​​​​​​​​​តើ​​​ព្រែក​​​នេះ​​​ជា​​​​​​របស់​​​យើង​​​ ឬរបស់​​​វៀតណាម​​”។

លោក​​​ អេង ប៊ុន​​​ហៀង​​​ អភិបាល​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ដី​​​ដែល​​​កំពុង​​​មាន​​​បញ្ហា​​​គឺ​​​ជា​​​របស់​​​កម្ពុជា​​​ដោយ​​​មិន​​​អាច​​​ប្រកែក​​​បាន​​​​​​។ លោក ប៊ុន​​​ហៀង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “វៀតណាម​​​ពិត​​​ជា​​​កំពុង​​​ស្ថាបនា​​​ផ្លូវ​​​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​មែន ហើយ​​​ខ្ញុំ​​​បាន​​​រាយការណ៍​​​ទៅ​​​ថ្នាក់​​​ជាតិ​​​រួច​​​ហើយ​​​”។

លោក វ៉ា គឹមហុង ប្រធាន​​​គណៈកម្មាធិការ​​​ព្រំ​​​ដែន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា វៀតណាម​​​​​​នឹង​​​មិន​​​អាច​​​​​​​​​អះ​​​អាង​​​ថា ​​ដី​​​ដែល​​​ផ្លូវ​​​កំពុង​​​ត្រូវ​​​បាន​​​ស្ថាបនា​​​នោះ​​​ជា​​​របស់​​​ខ្លួន​​​ឡើយ​​​។ លោក​​​បាន​​​ពន្យល់​​​ថា រដ្ឋាភិបាល​​​បាន​​​ផ្ញើ​​​​​​​​​ពាក្យ​​​បណ្តឹង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ទៅ​​​ទីក្រុង​​​ហាណូយ ដោយ​​​អះ​​​អាង​​​ថា ដី​​​ដែល​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​កើត​​​នៃ​​​ទន្លេ​​​ជា​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​​​​មក​​​ហើយ​​​។

លោក វា៉ គឹមហុង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​បញ្ឈប់​​​ប្រទេស​​​វៀតណាម​​​ឲ្យ​​​​​​ឈប់​​​ស្ថាបនា​​​ផ្លូវ​​​១០០ភាគ​​​រយ​​​បាន​​​ឡើយ​​​ ព្រោះ​​​នេះ​​​ជា​​​តំបន់​​​ដាច់​​​ស្រយាល​​​ ហើយ​​​វៀតណាម​​​គ្រប់​​​គ្រង​​​តំបន់​​​នេះ​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

លោក​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ទៀត​​​ថា សន្ធិសញ្ញា​​​ព្រំដែន​​​​​​បំពេញ​​​បន្ថែម​​​ឆ្នាំ​​​២០០៥​​​ជា​​​មួយ​​​វៀតណាម​​​បាន​​​ជ្រើស​​​រើស​​​ផ្នែក​​​ខ្លះ​​​នៃ​​​ដី​​​ដែល​​​កំពុង​​​​​​ត្រូវ​​​បាន​​​ស្ថាបនា​​​ផ្លូវ​​​​​​​​​ទុក​​​សម្រាប់​​​ប្រទេស​​​ទាំង​​​ពីរ​​​ប្រើ​​​ប្រាស់​​​រួម​​​គ្នា​​​​​​ដោយ​​​រង​​​់ចាំ​​​ការ​​​ពិភាក្សា​​​ពេល​​​ក្រោយ​​​ ប៉ុន្តែ ថា ផ្នែក​​​ផ្សេង​​​ៗ​​​ទៀត​​​គឺ​​​វា​​​ជា​​​របស់​​​ប្រទេស​​​កម្ពុជា​​​យ៉ាង​​​ច្បាស់​​​ក្រឡែត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “វាគឺ​​​​​​ជា​​​ការ​​​ពិត​​​​​​​​​​​​ដែល​​​ថា វៀតណាម​​​កំពុង​​​ស្ថាបនា​​​ផ្លូវ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​យើង​​​មាន​​​ប្រតិកម្ម​​​ និង​​​បាន​​​តវ៉ា​​​ប្រឆាំង​​​ចំពោះ​​​ទង្វើ​​​នេះ​​​ ហើយ​​​យើង​​​គ្រោង​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​មុន​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​​​គណៈកម្មាធិការ​​​​​​ព្រំ​​​ដែន”។

លោក ម៉ៅ មុនីវណ្ណ សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​ផ្ញើ​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​តុលា ដោយ​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ព័ត៌​​​មាន​​​ថ្មី​​​ទាក់​​​ទិន​​​នឹង​​​ជម្លោះ​​​នេះ​​​ ហើយ​​​បាន​​​ជំទាស់​​​ថា កម្ពុជា​​​នឹង​​​បាត់​​​បង់​​​ដី​​​មួយ​​​ផ្នែក​​​ធំ​​​ប្រសិន​​​បើ​​​ការ​​​អះ​​​អាង​​​របស់​​​វៀតណាម​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ដឹង​​​ថា ប្រសិន​​​បើ​​​កម្ពុជា​​​ និង​​​វៀតណាម​​​ប្រើ​​​ព្រែក​​​នេះ​​​ជា​​​ព្រំ​​​ដែន​​​នោះ​​​ យើង​​​នឹង​​​បាត់​​​បង់​​​ប្រហែល​​​៥០​​​គីឡូម៉ែត្រ​​​ក្រឡា​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស