38 C
Phnom Penh

ក្រុមគ្រួសារ​បុរស​អាណិកជន​ដែល​បុក​គេ​ហើយ​រត់​ទាក់​ទង​មក​ក្រុម​គ្រួសារ​ជន​រងគ្រោះ​សុំ​ឲ្យ​ទទួល​យក​​ប្រាក់​សំណង​ជំងឺ​ចិត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រពន្ធ​មិន​បាន​រៀបការ​របស់​បុរស​អាណិកជន​​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញថា គ្រួសារ​របស់​បុរស​អាណិកជន​​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​​អាយុ​៨៤​ឆ្នាំ ដែល​បើ​ក​​​បរ​​​រថយន្ត​​ស៊េរី​ទំនើប​យ៉ាង​លឿន​បុក​ស្ត្រី​ម្នាក់​ឲ្យ​ស្លាប់ និង​ធ្វើ​ឲ្យ​មនុស្ស​ប្រាំមួយ​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ពេល​គាត់​ព្យាយាម​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ឆ្លង​កាត់​តំបន់​ផ្សារ​ ដែល​មាន​មនុស្ស​ច្រើន​មួយ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​អង្គារ​ បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​​ស្ត្រី​រងគ្រោះ​​ ដើម្បី​សុំ​ឲ្យ​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​ ដោយ​សង្ឃឹម​ថា បុរស​រូប​នេះ​អាច​​​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​។

លោក ហេង កែវ ដែល​រស់​នៅ​ក្នុង​ប្រទេស​បារំាង​ជាមួយ​កូនប្រុស​ និង​កូនស្រី​របស់​ខ្លួន​ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ព្រះសីហនុ​ជាទៀង​ទាត់​ ដើម្បី​មក​លេង​ជាមួយ​ប្រពន្ធ​មិន​បាន​រៀបការ​អាយុ​២៨​ឆ្នាំ​ និង​​កូនប្រុស​ចិញ្ចឹម​អាយុ​៣ឆ្នាំ​របស់​គាត់​​​​នោះ​​​មាន​ជំងឺ​ជា​ច្រើន​មុខ​ ហើយ​បាន​លើក​ឡើង​ថា ភ្នែក​ដែល​ខ្សោយ​របស់​គាត់​ គឺ​​​ជា​​​មូលហេតុ​ដែល​ធ្វើ​​ឲ្យ​គាត់​បុក​ស្ត្រី​រងគ្រោះ​ឈ្មោះ ជា គឹមសាក់ អាយុ​៤១​ឆ្នាំ​ឲ្យ​ស្លាប់​ជា​​យថាហេតុ។

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ លោក ហេង កែវ បាន​បើក​រថយន្ត​ម៉ាកហុងដា​ដែល​ក៏​មាន​ដឹក​កូនចិញ្ចឹម​របស់​ខ្លួន​ដែរ​នោះ​ បុក​រថយន្ត​ផ្សេង​មួយ​ចំនួនទៀត​ ហើយ​ជា​ចុង​ក្រោយ​បាន​បុក​​កន្លែង​លាង​ឡាន​មួយ​កន្លែង​ ដោយ​ធ្វើ​ឲ្យ​បុគ្គលិក​លាង​ឡាន​ចំនួន​ប្រាំ​នាក់ និង​បុរស​ម្នាក់​ទៀត​ដែល​នៅ​លើ​ម៉ូតូ​រង​របួស​។

អ្នកស្រី ឆន វណ្ណាច ប្រពន្ធ​មិន​បាន​រៀបការ​របស់​លោក ហេង កែវ ​​បាន​និយាយ​ថា ខ្លួន​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ស្ត្រី​រងគ្រោះ​ ជា គឹមសាក់ កាលពី​ម្សិលមិញ ដើម្បី​សូម​ខមាទោស​​ជំនួស​មុខ​ឲ្យ​ប្ដី​មិន​បាន​រៀបការ​របស់​គាត់​​​ ហើយ​បាន​សុំ​ឲ្យ​គ្រួសារ​របស់​ជនរង​គ្រោះ​​អភ័យទោស​។ អ្នកស្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា កូនប្រុស​ និង​កូនស្រី​របស់​គាត់​​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ទាក់​ទង​មក​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ដើម្បី​ពិភាក្សា​អំពី​ប្រាក់​សំណង​ជំងឺចិត្ត​។

អ្នកស្រី វណ្ណាច បាន​និយាយ​ទៀត​​ថា “យើង​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ហេតុការណ៍​នេះ​ គ្រោះ​ថ្នាក់​នេះ​គឺ​ជា​​​គ្រោះ​ថា្នក់​ដែល​គួរ​ឲ្យ​សោក​​​សង្រេង​​​​ដែល [លោក កែវ] មិន​មាន​បំណង​ចង់​ឲ្យ​កើត​ឡើង​នោះ​ទេ​ ប៉ុន្តែ​គាត់​ចាស់​ណាស់​ហើយ​ ហើយ​មាន​ជំងឺ​​ច្រើន​ទៀត រួម​មាន​ដូច​ជា​ជំងឺ​បេះ​ដូង ដែល​ត្រូវ​ការ​ការ​ព្យាបាល​​​​ជា​​​ដើម​​​ ហេតុដូច្នេះ​ខ្ញុំ​គិត​ថា ការរស់នៅ​ក្នុង​ពន្ធនាគារ​វា​អាច​មាន​ការ​គំរាម​កំហែង​ដល់​​ជីវិត​របស់​គាត់​”។ អ្នកស្រី​បាន​បន្ថែម​ថា ” ខ្ញុំ​មិន​ដឹង​ថា អ្វី​ដែល​​ខ្ញុំ​អាច​ធ្វើ​បាននោះ​ទេ ប៉ុន្តែ​កូនប្រុស​ និង​កូនស្រី​របស់​គាត់​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ទាក់​ទង​មក​​គ្រួសារ​ជនរងគ្រោះ​រួច​ហើយ ហើយ​ប្រសិន​បើ​ពួកគេ​យល់​ព្រមទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត វា​ប្រហែល​ជា​យើង​អាច​ជួយ​គាត់​បាន​”។

ប្ដី​របស់​ជនរងគ្រោះ​ដែល​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ត្រឹម​តែ​ថា “ប៉ែត” បាន​បញ្ជាក់​ថា សាច់​ញាតិ​របស់​លោក ហេង កែវ បាន​ទាក់​ទងមក​គាត់​​ ប៉ុន្តែ​​លោក​បាន​លើក​ឡើង​ថា វាលឿន​ពេក​ហើយ​​ក្នុង​ការ​ពិភាក្សា​រឿង​លុយ​កាក់ ព្រោះ​ថា ប្រពន្ធ​របស់​គាត់​ទើប​តែ​ស្លាប់ថ្មីៗ​។

លោក​បាន​និយាយ​ថា “យើង​នឹង​ពិភាក្សា​រឿង​នេះ​ជាមួយ​គ្រួសារ​ជាមុន​សិន ហើយ​យើង​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា តើ​ត្រូវ​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​ឬមិន​ទទួល​។ យើង​ត្រូវ​ការ​ធ្វើពិធី​បុណ្យ​សព​ប្រពន្ធ​របស់​ខ្ញុំ​ឲ្យ​ចប់​រួច​រាល់​ជាមុន​សិន មុន​ពេល​យើង​អាច​ពិភាក្សា​អំពី​បញ្ហា​នេះ”​។

លោក កែប សុភ័ក្ត្រ នាយរង​ការិយាល័យ​នគរ​បាល​ចរាចរ​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ករណី​នេះ​បាន​​ឲ្យ​ដឹង​ថា ទាំង​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ ជា គឹមសាក់ និង​ជនរងគ្រោះ​ផ្សេងៗ​ទៀត​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​មិនទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​​ណាមួយ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​នេះ​​ណាម្នាក់​ឡើយ ព្រោះពួកគេ​កំពុង​តែ​រៀបចំ​ពិធី​បុណ្យសព​ឬ​ក៏​កំពុង​តែ​មើល​ថែទាំ​សាច់ញាតិ​ដែល​រងរបួស​របស់​ខ្លួន​នៅ​មន្ទីរ​ពេទ្យ”។

ប៉ុន្តែ​លោក សុភ័ក្ត្រ​ បាន​លើក​ឡើង​បន្ត​ថា លោក ហេង កែវ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន​ ដោយ​ធ្វើ​ឲ្យ​​​​មាន​​​អ្នក​ស្លាប់ និង​រងរបួស​ធ្ងន់​ និង​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​គាត់​ក៏ដោយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​មិន​ដឹង​​អ្វី​ឡើយ​អំពី​ការ​ចរចា​រឿង​ប្រាក់​សំណង​ជំងឺ​ចិត្ត ហើយ​យើង​ក៏​មិន​រង់ចាំ​ការ​ដាក់​ពាក្យ​ប្ដឹង​ដែរ​ ព្រោះ​នេះ​ជា​បទ​​ល្មើស​ធ្ងន់ធ្ងរ។ ករណី​នេះ​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ​ ហើយ​ជនសង្ស័យ​នឹង​ត្រូវ​ឃុំខ្លួន​បន្ត​ទៀត​រហូត​ដល់​ពេល​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស