38 C
Phnom Penh

កម្ពុជា​និង​វៀត​​ណាម​ស៊ើបអង្កេត​រួមគ្នា​ជំុវិញការ​បាត់​បង្គោលតម្រុយ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​មូលដ្ឋាន​​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ធ្វើ​ការ​ស៊ើបអង្កេត​រួម​គ្នា​អំពី​បង្គោល​តម្រុយ​ព្រំដែន ដែល​គេ​ឃើញ​ថា បាន​បាត់​អំឡុង​ការ​ល្បាត​តំបន់នោះជា​ប្រចាំ​​​កាលពី​ថ្ងៃ​អង្គារ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

លោក ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​ព្រំដែន​កត់​សម្គាល់​ឃើញ​ថា បង្គោល​បេតុង​កម្ពស់​ប្រហែល​៧០​សង់ទីម៉ែត្រ​ ដែល​បាន​បោះ​​​កណ្ដាល​ស្រែ​​នោះ បាន​បាត់​ ខណៈ​ដែល​ការ​ល្បាត​តាមព្រំដែន​កម្ពុជា​-វៀតណាម​នៅ​ក្នុង​ឃុំ​ចាន់​មូល ក្នុងស្រុក​មេមត់។

លោក​បាន​មាន​ប្រសាសន៍​ថា​ “បន្ទាប់ពី​នគរ​បាល​របស់​យើង​​រក​ឃើញ​ថា បង្គោល​ព្រំដែន​នេះ​បាត់​នោះ​ យើង​បាន​ទាក់​ទង​នគរ​បាល​ព្រំដែន​វៀតណាម ដើម្បី​ជូន​ដំណឹង​ដល់​ពួកគេ​។ ឥឡូវ​នេះ យើងកំពុង​ធ្វើ​ការ​ស៊ើបអង្កេត​​រួម​គ្នា​ជាមួយ​វៀតណាម​ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​​បង្គោល​តម្រុយ​ព្រំដែន​នេះ​​ត្រូវ​បាន​ដក​ដោយ​មាន​បំណង​មិន​ល្អ ឬ​ដោយ​សារ​មូល​ហេតុ​អ្វី​នោះឡើយ”។ លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ព្រំដែន​បានធ្វើការ​​ល្បាត​​កន្លែងនោះ មួយ​ថ្ងៃ​មុន​ពេល​បង្គោល​ព្រំដែន​នេះ​បាន​បាត់​។

ភាគច្រើន​នៃ​ព្រំដែន​កម្ពុជា​-វៀតណាម​នៅ​មាន​ទំនាស់​នៅ​ឡើយ ហើយ​មិន​ទាន់​ត្រូវ​បាន​កំណត់​ព្រំប្រទល់​​ផ្លូវ​ការ​ទេ។ ការ​​បោះ​បង្គោល​ព្រំដែន​នៅ​តែ​ជា​បញ្ហា​ចម្រូង​ចម្រាស​សម្រាប់​ប្រជា​ពលរដ្ឋខ្មែរ​នៅឡើយ៨ ដែល​ចោទ​ប្រទេស​ភាគខាងកើតរបស់​ខ្លួន​ពីបទ​រំលោភ​យកដី។

កាលពី​ឆ្នាំ​២០១០​​ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ពីបទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិសាសន៍ និង​​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​​បន្ទាប់​ពី​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​តាម​ព្រំដែន​វៀតណាម​ ដែល​លោក​បាន​អះអាង​ថា ត្រូវ​បាន​បោះ​នៅ​ក្នុងដី​ស្រែ​របស់​ប្រជា​ជន​ខ្មែរ​។

លោក​ សម រង្ស៊ី ទើប​តែត្រូវ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ឆ្នាំ​២០១៣ ប៉ុណ្ណោះ​បន្ទាប់ពី​ទទួល​បាន​ព្រះរាជទាន​លើក​លែង​ទោស​ពីព្រះមហាក្សត្រ​។

កាលពី​ម្សិលមិញ លោក ម៉ៅ ពៅ បានប្រកាស​ផ្ដល់​រង្វាន់​ផ្ទាល់​ខ្លួន​ដល់​នរ​ណា​ដែល​បាន​ផ្ដល់ព័ត៌​មាន​ដែល​ឈានទៅ​រក​ការ​ចាប់​ខ្លួនក្នុងករណីនៃការ​​បាត់​បង្គោលព្រំដែន​ថ្មីៗ​នេះ​។ ទោះ​ជា​យ៉ាង​ណា លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ផ្ដល់​ការ​ពន្យល់​ចំពោះ​ភាព​អាថ៌កំបាំង​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចុះទៅ​មើល​តំបន់​ព្រំដែន​នេះ​កាលពី​ពីរ​បី​ខែមុន ហើយ​បាន​កត់​សម្គាល់​ឃើញ​ថា ដី​ធូរ​ណាស់​ ហើយ​តែង​តែ​មាន​​សត្វ​ពាហនៈ​ដើរ​ត្រាច់ចរ​ជា​ប្រចាំ​។ លោក​បាន​លើក​ឡើង​ថា បង្គោលព្រំដែន​នេះ​​អាចដួល​ដោយ​សារ​សត្វគោ ហើយ​ថា អ្នកភូមិ​អាច​ដកចោល​។

លោក​បាន​មាន​ប្រសាសន៍​ថា តាម​គំនិត​របស់​ខ្ញុំ​ វា​ជា​បញ្ហា​លំបាក។ អាជ្ញាធរ​​អាច​បោះ​បង្គោលតម្រុយ​ព្រំដែន​ថ្មី​កន្លែង​ដែល​បង្គោលបាត់​នោះ ពីព្រោះ​​វា​គ្រាន់​តែ​ជា​បង្គោល​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ”៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស