កាលពីម្សិលមិញ ពិធីប្រារព្ធខួប២៣ឆ្នាំនៃថ្ងៃដែលព្រះអង្គម្ចាស់ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួបរួមគ្នាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា បានក្លាយជាថ្ងៃបង្ហាញពីការអត់ទ្រាំចំពោះការខ្វែងគំនិតខាងនយោបាយ ដែលបានកើតមានអំឡុងសង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រយៈពេលពីរទសវត្សរ៍។
ព្រះអង្គម្ចាស់ នរោត្តម សីហនុ និងលោក ហ៊ុន សែន បានដឹកនាំក្រុមរបស់ខ្លួនទៅចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីសនៅថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩៣ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរម្លាយរបបដឹកនាំគាំទ្រដោយវៀតណាមនៅក្នុងក្រុងភ្នំពេញ និងការចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យសេរីនិយមតាមរយៈការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៩៣។
កិច្ចព្រមព្រៀងនេះត្រូវបានគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន រិះគន់ជាយូរមកហើយចំពោះការមិនបានដកហូតអាវុធពីខ្មែរក្រហម ហើយគណបក្សកាន់អំណាចបានលុបចោលពិធីបុណ្យនេះចេញពីបញ្ជីបុណ្យជាតិនៅចន្លោះឆ្នាំ២០០៤ដល់ឆ្នាំ២០១១ដើម្បីលើកតម្កើងថ្ងៃ៧មករា ឆ្នាំ១៩៧៩ថា ជាថ្ងៃរំដោះជាតិពីរបប ប៉ុល ពត។
នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពី ម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សនេះ ដែលបានក្លាយជាសមាជិកសម្ងាត់មួយរូបក្នុងក្រុមចលនាតស៊ូរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅទសវត្សរ៍ឆ្នាំ១៩៨០ បានចាត់ទុកថ្ងៃ២៣តុលាថា ជាថ្ងៃបុណ្យជាតិដ៏មានសារៈសំខាន់បំផុត។
លោក បានមានប្រសាសន៍ទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ២០០នាក់ថា “កម្ពុជាមានថ្ងៃប្រវត្តិសាស្ត្រជាច្រើន ប៉ុន្តែថ្ងៃ២៣តុលា គឺជាថ្ងៃសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ លន់ នល់ និងសាធារណរដ្ឋខ្មែរ។ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ជាជ័យជម្នះរបស់ខ្មែរក្រហម និង ប៉ុលពត។ ហើយថ្ងៃ៧មករាគឺជាថ្ងៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺជាជ័យជម្នះរបស់យួន”។
ពាក្យថា “យួន” ដែលខ្មែរហៅសំដៅដល់ជនជាតិវៀតណាម ត្រូវបានមនុស្សមួយចំនួនយល់ថាជាពាក្យប្រមាថមាក់ងាយចំពោះជាតិសាសន៍នេះ។ការប្រើប្រាស់ពាក្យនេះត្រូវបានហាមឃាត់អំឡុងពេលវៀតណាមត្រួតត្រាកម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែវានៅតែជាពាក្យដែលមនុស្សភាគច្រើនចូលចិត្តហៅ។
អំឡុងសុន្ទរកថាកាលពីម្សិលមិញ លោក កឹម សុខា បាននិយាយបន្ទាបតម្លៃនៃតួនាទីរបស់លោក ហ៊ុន សែន នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ ហើយបានកោតសរសើរចំពោះមេដឹកនាំចលនាតស៊ូ។ លោកបានមានប្រសាសន៍សំដៅដល់មេដឹកនាំចលនាតស៊ូរបស់លោកថា “យើងទាំងអស់គ្នាគិតថា ថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ឧទ្ទិសដល់មេដឹកនាំរបស់យើងដែលបានចុះហត្ថលេខានាំមកនូវថ្ងៃ២៣តុលា ឆ្នាំ១៩៩១ នោះគឺព្រះមហាក្សត្រ នរោត្តម សីហនុ និងលោកតា សឺន សាន”។
លោក សឺន សាន ដែលជាអតីតនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមចលនាតស៊ូនៅតាមព្រំដែនថៃ ហើយក្រោយមកបានបង្កើតគណបក្សលទ្ធិប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ដែលក្នុងនោះលោក កឹម សុខា បានឈ្នះអាសនៈសភាដំបូងរបស់លោកនៅក្នុងឆ្នាំ១៩៩៣។
គណបក្សលទ្ធិប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានដួលរលំនៅទសវត្សរ៍ឆ្នាំ១៩៩០ ក្រោយមកគណបក្សហ៊្វុនសិុនប៉ិច ក៏បានរលំរលាយដែរនៅទសវត្សរ៍ឆ្នាំ២០០០ ដែលសុទ្ធតែដោយសារការបែកបាក់ផ្ទៃក្នុង និងការសហការជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ប៉ុន្តែ អតីតក្រុមប្រឆាំងនៃគណបក្សទាំងពីរ បានរួបរួមគ្នាឡើងវិញដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនៅខែកក្កដា ឆ្នាំ២០១២។
លោក កឹម សុខា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីសដើម្បីបង្រួបបង្រួមជាតិដែលមានការបែកបាក់គ្នា បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រយៈពេលរាប់ទសវត្សរ៍នោះ មិនទាន់បានសម្រេចនៅឡើយទេ ហើយបានរិះគន់គណបក្សប្រជាជនកម្ពុជាចំពោះការមិនបានផ្សះផ្សាជាតិ ដោយចាត់ទុកគោលនយោបាយ “ឈ្នះឈ្នះ” របស់លោក ហ៊ុន សែន ថាជាការបរាជ័យទាំងស្រុង។
លោកបានមានប្រសាសន៍ទៀតថា “ពួកគេប្រើប្រាស់គោលនយោបាយឈ្នះឈ្នះ។ តើនេះមានន័យថាម៉េច? វាមានន័យថា អ្នកឈ្នះនៅតែឈ្នះ ហើយអ្នកចាញ់នៅតែចាញ់។ ពេលនេះអ្នកខ្លាំងបំពានអ្នកខ្សោយ អ្នកមានអំណាចបំពានអ្នកគ្មានអំណាច។ កត្តានេះបានបង្កឲ្យមានទុក្ខវេទនាកាន់តែខ្លាំង វាមិនមែនជាការផ្សះផ្សាទេ”។
នៅជ្រុងម្ខាងទៀតនៃរាជធានីភ្នំពេញ លោក វន់ ពៅ និងលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលមានសម្ពន្ធភាពជាមួយគណបក្សប្រឆាំង បានដឹកនាំមនុស្សប្រហែល១.០០០នាក់ហែក្បួនទៅពីស្ថានទូតបារាំង ទៅកាន់រដ្ឋសភា ដែលមានតំណាងរាស្ត្រមួយក្រុមតូចរង់ចាំពួកគេនៅទីនោះ។
ឡើងលើដំបូលរ៉ឺម៉កម៉ូតូកង់បី លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធធំបំផុតនៅកម្ពុជា បានអានញត្តិរបស់ក្រុមនេះឮៗ ដែលចោទប្រកាន់គណបក្សកាន់អំណាចថាមិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។
លោកបានស្រែកឮៗតាមឧគ្ឃោសនសព្ទថា “អំពើពុករលួយ និងតុលាការមិនឯករាជ្យបានបម្រើគណបក្សកាន់អំណាច នាំឲ្យមានរបបផ្តាច់ការ ហើយឃាតកម្មបានកើតឡើងទូទាំងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នអស់ជាងពីរទសវត្សរ៍”។
បន្ទាប់មក លោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទទួលបានឱកាសឆ្លើយតបទៅក្រុមនេះ។ លោក ហូរ វ៉ាន់ បានថ្លែងតាមឧគ្ឃោសនសព្ទទៅកាន់ក្រុមតវ៉ានេះថា លោកសង្ឃឹមថានឹងប្រើតួនាទីរបស់លោកនៅក្នុងរដ្ឋសភាដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១នេះឲ្យបានប្រសើរជាងមុន។
ចំណែកឯលោកស្រី ឡោក ខេង បានធ្វើឲ្យក្រុមនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែការលើកឡើងរបស់លោកស្រី។ លោកស្រីបានមានប្រសាសន៍ឮៗទៅកាន់ក្រុមនេះដែលបានចាប់ផ្តើមសើចចំអក និងខិតចូលកាន់តែជិតលោកស្រីថា “បងប្អូនបានប្រាប់ខ្ញុំមិនឲ្យរំឭកអំពីថ្ងៃ៧មករា ដូច្នេះខ្ញុំនឹងមិនរំឭកបងប្អូនថា វាជាថ្ងៃកំណើតទី២របស់យើងឡើយ។មានថ្ងៃ៧មករា ទើបមានថ្ងៃ២៣តុលា ជាថ្ងៃដែលយើងទទួលបានលទ្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងជាថ្ងៃដែលគណបក្សទាំងអស់បានរួបរួមគ្នាជាជាតិខ្មែរតែមួយ”។
ក្នុងទឹកមុខញញឹមញញែម លោកស្រីបានក្រើនរំឭកក្រុមដែលស្រែកហ៊ោកញ្ជៀវនេះឲ្យចងចាំថា កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១នេះ បានទទួលស្គាល់ភាពស្របច្បាប់របស់ខ្មែរក្រហម ដែលមិនត្រូវបានដកហូតអាវុធរហូតដល់ឆ្នាំ១៩៩៩។
លោកស្រីបានមានប្រសាសន៍ទៀតថា “ទោះបីជាមានថ្ងៃ២៣តុលា ក៏ប្រទេសរបស់យើងមិនទាន់ទទួលបានសន្តិភាព សន្តិសុខ និងសាមគ្គីភាពដែរ រហូតដល់យើងមានគោលនយោបាយឈ្នះឈ្នះ ហើយជាលទ្ធផល យើងបានបង្ខំឲ្យខ្មែរក្រហមទម្លាក់អាវុធចុះ ហើយចូលរួមជាមួយរដ្ឋាភិបាល។ នេះជាអ្វីដែលយើងមានមោទនភាព”។
នៅពេលលោកស្រី ឡោក ខេង និងលោក ហូរ វ៉ាន់ ចាកចេញ ក្រុមនេះបានហែក្បួនបន្តឆ្ពោះទៅស្ថានទូតជប៉ុន ស្ថានទូតចិន និងស្ថានទូតឥណ្ឌូនេស៊ី ព្រមទាំងការិយាល័យនានារបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញផងដើម្បីដាក់ញត្តិ។
អ្នកហែក្បួនទាំងនេះក៏មានគម្រោងដាក់ញត្តិនៅស្ថានទូតវៀតណាមដែរ។ លោក វន់ ពៅ បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនបានទៅស្ថានទូតវៀតណាមទេ ពីព្រោះយើងព្រួយបារម្ភខ្លាចការតវ៉ារបស់យើងនាំឲ្យមានការប្រឈមតតាំងជាមួយអាជ្ញាធរនៅទីនោះ”៕សុខុម