យោងតាមអ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)បានឲ្យដឹងថា ប្រទេសកម្ពុជាបានងាកទៅរកអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ឲ្យជួយដល់ការតាំងទីលំនៅជាថ្មីសម្រាប់ជនភៀសខ្លួន ដែលប្រទេសកម្ពុជាបានយល់ព្រមទទួលយកពីប្រទេសអូស្ត្រាលីក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដែលចុះហត្ថលេខាកាលពីខែមុន។
ប្រទេសអូស្ត្រាលីមានផែនការបញ្ជូនជនស្វែងរកសិទ្ធិជ្រកកោនមួយចំនួន ដែលសព្វថ្ងៃកំពុងត្រូវឃាត់ទុកនៅលើប្រទេសដែនកោះណូរូ ឯនាយសមុទ្រប៉ាស៊ីហ្វិកខាងត្បូង មកប្រទេសកម្ពុជា ជាថ្នូរនឹងការផ្តល់ជំនួយ៣៥លានដុល្លារបន្ថែមក្នុងរយៈពេលបួនឆ្នាំ។
កិច្ចព្រមព្រៀងនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្ស និងត្រូវបានច្រានចោលដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលនិយាយថា ខ្លួននឹងគ្មានតួនាទីក្នុងការសម្របសម្រួលការបញ្ជូនជនភៀសខ្លួននេះទេ។
លោក ចូ ឡូរី អ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា អង្គការដែលប្ដូរផ្ដាច់ចំពោះការជំរុញឲ្យមានចំណាកស្រុកប្រកបដោយក្តីមេត្តា និងត្រឹមត្រូវនោះ បានទទួលលិខិតមួយច្បាប់ពីរដ្ឋាភិបាលដែលស្វែងរកជំនួយ “មិនដល់បីសប្តាហ៍មុននេះទេ”។
លោកបានឲ្យដឹងទៀតថា “គេបានសុំយើងឲ្យជួយក្នុងករណីជនភៀសខ្លួននេះ ដែលរំពឹងថានឹងមកដល់កម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យយើងផ្ដល់ជំនួយ”។
លោក ឡូរី បានមានប្រសាសន៍ថា មនុស្សមួយក្រុមរបស់អង្គការ IOM បានជួបជាមួយមន្ត្រីកម្ពុជាកាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃថា តើខ្លួននឹងយល់ព្រមបំពេញតាមសំណើនោះ ឬយ៉ាងណា ប៉ុន្តែ មិនបានបញ្ចេញឲ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាល ឬនាយកដ្ឋានណាខ្លះបានចូលរួមក្នុងការពិភាក្សានេះទេ។ លោកបាននិយាយថា ក្រុមនេះនឹងរៀបចំរបាយការណ៍មួយឲ្យអគ្គនាយក IOM លោក វីលៀម ស្វីង ដើម្បីឲ្យគាត់ពិចារណា។
នៅពេលសាកសួរថា អង្គការនេះមានតួនាទីអ្វីក្នុងដំណើរការតាំងលំនៅជាថ្មីនេះ លោក ឡូរី បានឆ្លើយតបថា “ខ្ញុំនឹងមិនព្យាយាមឆ្លើយជំនួសលោកអគ្គនាយកទេ”។
គួរកត់សម្គាល់ថា អង្គការទេសន្តរប្រវេសន៍ រាប់បញ្ចូលទាំងប្រទេសអូស្ត្រាលីទាំងប្រទេសកម្ពុជាក្នុងចំណោមរដ្ឋសមាជិកទាំង១៥៦របស់ខ្លួន។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា តំណាង IOM បានជួបជាមួយក្រុមមន្ត្រីមកពីក្រសួងការបរទេសកាលពីថ្ងៃសុក្រ ហើយបានបង្វែរសំណួរថែមទៀតទៅលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
នៅពេលសាកសួរអំពីជំនួបនេះ លោក កុយ គួង បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីរឿងនេះទេ។ លោកបានមានប្រសាសន៍ទៀតថា “អំពីជនភៀសខ្លួនឬ? ខ្ញុំមិនដឹងទេ។ ខ្ញុំគ្មានព័ត៌មានអំពីរឿងហ្នឹងទេ។ ខ្ញុំរវល់នឹងការងាររបស់ខ្ញុំណាស់”៕មានិត (រាយការណ៍បន្ថែមដោយ ឃួន ណារីម)