35 C
Phnom Penh

តុលាការ​​​កំពូល​​​សម្រេច​​​តម្កល់​​​សាលដីកា​​​ផ្តន្ទាទោស​​​លោក ហេង ពៅ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ តុលាការ​​​កំពូល​​​បាន​​​សម្រេច​​​តម្កល់​​​សា​ល​​​ដីកា​​​ផ្តន្ទាទោស​​​លោក ហេង ពៅ​​​ អតីត​​​ស្នង​​​ការ​​​នគរ​​​បាល​​​រាជធានី​​​ភ្នំពេញ និង​​​បក្ខពួក​​​ពីរ​​​នាក់​​​ទៀត​​​​​​ពី​​​បទ​​​សម​​​គំនិត​​​ធ្វើ​​​ឃាត​​​លោក សៅ សុខា មេ​​​បញ្ជាការ​​​កង​​​រាជ​​​អាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេសមិន​​​បាន​​​សម្រេច​​​​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០០៣​​​​​​ ប៉ុន្តែ បាន​​​សម្រេច​​​​​​ឲ្យ​​​អតីត​​​នគរ​​​បាល​​​រាជ​​​ធានី​​​ម្នាក់​​​រួច​​​ទោស ​​​ពីព្រោះ​​​គ្មាន​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា គាត់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ផែនការ​​​នេះ​​​។

ចៅ​​​ក្រម យូរ ឧត្តារា ​​​ក្នុង​​​​​​ចំណោម​​​ចៅក្រម​​​ជំនុំ​​​ជម្រះ​​​ប្រាំ​​​រូប​​​​​​ បាន​​​​​​សម្រេច​​​ថា លោក ហេង ពៅ លី រ៉ាស៊ី និង​​​ ហង្ស វុត្ថា មិន​​​​​​​​​អាច​​​បដិសេធ​​​ទោស​​​កំហុសរបស់​​​ខ្លួន​​​​​​បាន​​​ឡើយ ប៉ុន្តែ​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ភ័ស្តុ​​​តាង​​​​​​បញ្ជាក់​​​ថា ព្រំ សុភារិទ្ធ​​​​​​ មាន​​​ទោស​​​​​​ទេ ពីព្រោះ​​​គាត់​​​គ្មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​លិខិត​​​អនាមិក​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៣​ ដែល​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ចុង​​​ចោទ​​​ផ្សេង​​​ទៀត ឬ​​​នៅ​​​ក្នុង​​ការ​​​ផ្តល់​​​សក្ខីកម្ម​​​ណា​​​មួយ​​​របស់​​​ពួក​​​គេ​​​ឡើយ។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​កំពូល​​​បាន​​​តម្កល់​​​​​​សាល​​​ដីកា​​​​​សាលា​​​ឧទ្ធរណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១០​​​ លើកលែង​​​តែ​​​ពាក់​​​ព័ន្ធ​​​ការ​​​កាត់​​​ទោស​​​ និង​​​ការ​​​ផ្តន្ទា​​​ទោស​​​ ព្រំ សុភារិទ្ធ​​​ ដែល​​​តុលាការ​​​ច្រាន​​​ចោល​​​ ហើយ​​​សម្រេច​​​ឲ្យ​​​ [គាត់]​​​​​​​​​​​​​​​​​​​​ រួច​​​​​ខ្លួន​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ និង​​​បញ្ជា​​​ឲ្យ​​​​​​នគរ​​​បាល​​​ដោះ​​​លែង​​​ [គាត់] បើ​​​​​​គាត់​​​មិន​​​ជាប់​​​ឃុំ​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​ល្មើស​​​ផ្សេង​​​ទៀត​​​​​​ទេ​​​នោះ”។

ប៉ុន្តែ លោក ព្រំ សុភារិទ្ធ មិនបាន​​​រួច​​ខ្លួន​​​ឡើយ​​​។ កាល​​​ពីថ្ងៃ​​​អង្គារ តុលាការ​​​កំពូល​​​បាន​​​សម្រេច​​​លើ​​​សំណុំ​​​រឿង​​​មួយ​​​ទៀត​​​ពាក់​​​ព័ន្ធ​​​នឹង​​​ចុង​​​ចោទ​​​ទាំង​​​​​​​​​នេះ​​​ ​​​​​​នៅ​​​ពេល​​​ខ្លួន​​​​​​សម្រេច​​​តម្កល់​​​សាល​​​ដីកា​​​ប្រឆាំង​​​លោក ព្រំ​​​ សុភារិទ្ធ លី រ៉ាសីុ និង​​​ ហង្ស វុត្ថា ពី​​​បទ​​​​​សម​​​គំនិត​​​ធ្វើ​​​ឃាត​​​លោក សុខ សេដ្ឋាមុនី ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពី​​​​​​ឆ្នាំ​​​២០០៣ ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ទទួល​​​ទោស​​​ក្នុង​​​ម្នាក់​​​ៗ១៥​​​ឆ្នាំ​​​។

នៅ​​​ខាង​​​ក្រៅ​​​សាលជំនុំ​​​ជម្រះ​​​ក្តី​​​​​​កាល​​​ពីម្សិល​​​មិញ លោក ហេង ពៅ  បាន​​​និយាយ​​​ថា ការ​​​សម្រេច​​​របស់​​​តុលាការ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​​​​ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា​​​ ការ​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​សើ​​​រើឡើង​​​វិញ​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​ចង់អរ​​​គុណ​​​ចៅ​​​ក្រម​​​ ដែល​​​មិនត្រូវ​​​ការ​​​​​​កោះ​​​ហៅ​​​សាក្សី​​​ដើម្បី​​​តម្កល់​​​ទោស​​​របស់​​​ខ្ញុំ​​​ និង​​​សម្រាប់​​​ការ​​​សម្រេច​​​ថា លិខិត​​​អនាមិក​​​មួយ​​​ជា​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​​​សម្រាប់​​​​​​កាត់​​​ទោស​​​ខ្ញុំ។ ខ្ញុំ​​​គ្មាន​​​ជំនឿ​​​លើ​​​តុលាការ​​​​​​កម្ពុជា​​​​​​ទេ ប៉ុន្តែ ខ្ញុំ​​នឹង​​​​លើក​​​​​យក​​​សំណុំ​​​រឿង​​​របស់​​​ខ្ញុំ​​​ទៅ​​​រដ្ឋសភា និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​ខ្ញុំ​​​សង្ឃឹម​​​ថា នឹង​​​ជួយ​​​ស្វែង​​​រក​​​យុត្តិធម៌​​​ឲ្យ​​​ខ្ញុំ”។

​​​បច្ចុប្បន្ន អតីត​​​ស្នង​​​ការ​​​ដ៏​​​មាន​​​អំណាច​​​រូប​​​នេះ​​​កំពុង​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​សរុប​​​៩៨​​​ឆ្នាំ​​​ពីបទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​ករណី​​​។ លោក ហេង ពៅ ​​​តែង​​​តែ​​​តវ៉ា​​​ថា ខ្លួន​​​គ្មាន​​​ទោស ហើយ​​​​​​​អះ​​​អាង​​​ថា បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ប្រឌិត​​​ឡើង​​​ដោយ​​​លោក​​​ ហុក​​​ ឡង​​​ឌី អតីត​​​អគ្គស្នងការ​​​នគរ​​​បាល​​​ជាតិ​​​ ជាគូ​​​ប្រជែង​​​ធំ​​​​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​​កាល​​​ពីឆ្នាំ​​​២០០៨។

អំឡុង​​​ពេល​​​ផ្តល់​​​សក្ខីកម្ម​​​នៅ​​​ក្នុង​​​​​​សវនាការ​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​តុលាការ​​​កំពូល​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ លោក ហេង ពៅ ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​ឧត្តម​​​សេនីយ​​​៍​​​ឯក​​​ ម៉ក់​​​ ជីតូ ដែល​​​បច្ចុប្បន​​​្ន​​​ជា​​​ប្រធាន​​​នាយកដ្ឋាន​​​កណ្តាល​​​នគរ​​​បាល​​​យុត្តិធម៌​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ដែរ​​​ថា ​​​ជា​​​មេ​​​ខ្លោង​​​ធ្វើ​​​ឲ្យ​​​លោក​​​ជាប់​​​ពន្ធនាគារ​​​តាម​​​រយៈ​​​ការ​​​ប្រឌិត​​​ភ័ស្តុ​​​តាង ធ្វើ​​​ទារុណ​​​កម្ម​​​សាក្សី និង​​​ដាក់​​​គំនាប​​​លើ​​​តុលាការ​​​។

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​បាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​បន្ថែម​​​ទៀត ហើយ​​​បាន​​​លើក​​​ឡើង​​​បន្ត​​​​​​​​​ថា លោក​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋ​​​សភា​​​សើ​​​រើ​​​រឿងក្តី​​​ឃាត​​​កម្ម​​​ជា​​​ច្រើន​​​ឡើង​​​វិញ​​​ ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឧត្តមសេនីយ៍​​​ឯក ម៉ក់ ជីតូ និង​​​ដែល​​​ត្រូវ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​លាក់​​​បាំង។

លោក​​​និយាយ​​​ទៀត​​​ថា “ម៉ក់​​​ ជីតូ បាន​​​សម្លាប់​​​មនុស្ស​​​ជា​​​ច្រើន។សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ដឹង​​​ពី​​​ករណី​​​ទាំង​​​នេះ​​​ ប៉ុន្តែ​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការតាម​​​ច្បាប់​ទេ​​​។ ខ្ញុំ​​​មាន​​​បំណង​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋ​​​សភា​​​សើរើ​​​រឿង​​​ក្តី​​​របស់​​​ពួក​​​គេ​​​ឡើង​​​វិញ​​​”។

លោក ហេង ពៅ បាន​​​បញ្ជាក់​​​ថា អ៊ុំ​​​ សំខេង អតីត​​​នគរបាល​​​ព្រហ្មទណ្ឌ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្តន្ទាទោស​​​ពី​​​បទ​​​សម​​​គំនិត​​​រៀប​​​ផែនការ​​ធ្វើ​​​ឃាត​​​លោក សៅ សុខា ប៉ុន្តែដែល​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​នោះ​​​ ត្រូវ​​​គេ​​​ធ្វើ​​​ទារុណ​​​កម្ម​​​តាម​​​ការ​​​បញ្ជា​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ក់

ជីតូ ពីព្រោះ​​​គាត់​​​បាន​​​ឃើញ​​​អតីត​​​ថ្នាក់​​​លើ​​​របស់គាត់សម្លាប់​​​បុរស​​​ម្នាក់​​​ដោយសារ​​​​​​ប្រជែង​​​គ្នា​​​រឿង​​​ស្នេហា ហើយ​​​ទី​​​បំផុត​​​ក៏​​​បាន​​​ស្លាប់​​​ដោយសារ​​របួស​​​។

លោក ហេង ពៅ ​​​ បាន​​​និយាយ​​​ទៀត​​​ថា “ជន​​​រង​​​គ្រោះ​​​បាន​​​ស្រឡាញ់​​​នារី​​​ម្នាក់ ដែល​​​ធ្វើ​​​ជា​​​ស្រី​​​ឡង់​​​សេ​​​ស្រាបៀរ​​កាស់​​​បែ៊រ​​​ ប៉ុន្តែ​​​នាង​​​ជា​​​មិត្ត​​​ស្រី​​​របស់​​​ ម៉ក់ ជីតូ។ អ៊ុំ សំខេង ឃើញ​​​ ម៉ក់​​​ជីតូ​​​ នាំ​​​ជន​​​រងគ្រោះ​​​ទៅ​​​​​​ខាង​​​ក្រោយ​​​វិទ្យាល័យ​​​គុយ​​​បា [ពេល​​​នេះ​​​ជា​​​វិទ្យា​​​ល័យ​​​ច្បារ​​​អំពៅ​​​]​​​​​​​​​​​​​​​​​​ ហើយ​​​​​​បាញ់​​​សម្លាប់​​ចោល ហើយ​​​​​​គាត់​​​ក៏​​​បាន​​​ចេញ​​​មុខ​​​​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ដើម្បី​​​ជា​​​​​​ធ្វើ​​​សាក្សី បន្ទាប់​​​ពី​​​គ្រួសារ​​​ជន​​​រងគ្រោះ​​​ព្យាយាម​​​ចោទ​​​ប្រកាន់ [ឧត្តម​​​សេនីយ៍​​​ឯក ម៉ក​​​ ជីតូ]​​​”។ លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា លោក អ៊ុំ សំខេង ត្រូវ​​​បាន​​​គេ​​​វាយ​​​ដំ ខណៈ​​​ពេល​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ក្អួត​​​ឈាម​​​ ហើយ​​​របួស​​​របស់​​​គាត់​​​មិន​​​បាន​​​ធូរ​​​ស្រាល​​​ទេ​​​។

ចុង​​​ចោទ​​​ផ្សេង​​​ទៀត​​​ទាំង​​​នេះ​​​ក៏​​​​​​បាន​​​ឡើង​​​ផ្តល់​​​សក្ខី​​​កម្ម​​​ដែរ​​​ថា លោក​​ ម៉ក់ ជីតូ បាន​​​​​​​គាប​​​​​​សង្កត់​​​ពួក​​​គេ​​ឲ្យ​​​ចោទ​​​ប្រកាន់​​​លោក ហេង​​​ ពៅ ថា​​​ជា​​​មេខ្លោង​​​នៃ​​​បទ​​​ល្មើស​​​ដែល​​​ពួក​​​គេ​​​បាន​​​ជាប់​​​ទោស ហើយ​​​បាន​​​បញ្ជា​​​ឲ្យ​​​ធ្វើ​​​ទារុណកម្ម ​​​​​​នៅ​​​ពេល​​​ពួកគេ​​​មិនព្រម​​​សហការ។

ពួកគេ​​​ក៏​​​បាន​​​ស្តី​​​បន្ទោស​​​សាលាឧទ្ធរណ៍​​​ និង​​​តុលាការ​​​កំពូល​​​ផង​​​ដែរ ចំពោះ​​​ការ​​​មិន​​​​​​បាន​​​កោះ​​​ហៅ​​​លោក ហង្ស វុទ្ធី និង​​​ដែល​​​ត្រូវ​​​ជា​​​បងប្អូន​​​បង្កើត​​​របស់ ហង្ស វុត្ថា ពីព្រោះ​​​​​​លោក​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ដែល​​​អាច​​​បញ្ជាក់​​​បាន​​​ថា លោក ម៉ក់ ជីតូ ជា​​​អ្នក​​​ជួយ​​​ប្រឌិត​​​វា​​​ឡើង​​​ទេ​​​។ លោក ហង្ស វុទ្ធី ដែល​​​ត្រូវ​​​តុលាការ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​៤៥​​​ឆ្នាំ​​​ពី​​​បទ​​​បាញ់​​​សម្លាប់​​​ចៅ​​​ក្រម​​​ សុខ សេដ្ឋាមុនី​​​ ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​ពន្ធនាគារ​​​ដោយ​​​ជោគ​​​ជ័យ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៦​​​ប៉ុន្តែ ប្រាំមួយ​​​ឆ្នាំ​​​កន្លង​​​មក​​​ គាត់​​​ក៏​​​បាន​​​ប្រគល​​​់​​​ខ្លួន​​​ឲ្យ​​​សមត្ថកិច្ច​​​យ៉ាង​​​ភ្ញាក់​​​ផ្អើល ហើយ​​​និយាយ​ថា​​​ ​​គាត់​​​​​​ត្រូវ​​​​​​គេ​​​បង្ខំ​​​​​​ឲ្យ​​​រត់​​​គេច​​​ខ្លួន។

នៅ​​​ខាង​​​ក្រៅ​​​សាលជំនុំ​​​ជម្រះ​​​ក្តីកាល​​​ពីម្សិលមិញ អ្នក​​​ស្រី ស៊ុន សុភ័ណ្ឌ អាយុ​​​៣៤​​​ឆ្នាំដែល​​​ជា​​​បង​​​ស្រី​​​​​​របស់ ហង្ស វុទ្ធី បាន​​​និយាយ​​​ថា ប្អូន​​​របស់​​​​​អ្នក​​​ស្រី​​​មិន​​​​​​ទទួល​​​បាន​​​សិទ្ធិ​​​ប្តឹង​​​ឧទ្ធរណ៍​​​​​ទេ ដោយសារ​​​តែ​​​គាត់​​​បដិសេធ​​​​​​​​​​មិន​​​ព្រម​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​ក្លែងក្លាយ​​​​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​ដោះ​​​លែង​​​គាត់​​​តាមការ​​​ដាក់​​​សម្ពាធ​​​ដោយ​​​លោក ម៉ក់ ជីតូ​​​។

អ្នកស្រី​​​​​​និយាយ​​​ទៀត​​​ថា “ពេល​​​ប្អូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​​​​​​​​​​​​​​​​​​​​​​គេច​​​ខ្លួន​​​ ពួក​​​គេ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ថា ហែកគុក​​​រត់​​​គេច​​​ពី​​​ទោស​​​របស់​​​ខ្លួន​​​ ប៉ុន្តែ តាម​​​ពិត​​​គាត់​​​ព្យាយាម​​​រត់​​​គេ​​​ពី​​​លោក ម៉ក់ ជីតូ ដែល​​​​​​បាន​​​​​​បញ្ជា​​​​​​អ្នក​​​ផ្សេងឲ្យ​​​ដោះ​​​លែង​​​គាត់​​​​ចេញពី​​​ពន្ធនាគារ ​​​ហើយ​​​គាត់​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ពួកគេ​​​តាម​​​សម្លាប់​​​គាត់​​​”។

លោក ម៉ក់ ជីតូ បាន​​​ផ្ដាច់​​​ទូរស័ព្ទ នៅ​​​ពេល​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទាក់​​​ទង​​​ទៅ​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ។ ចំណែក​​​ឯនាយ​​​ឧត្តម​​​សេនីយ៍ សៅ សុខា បាន​​​​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​នឹង​​​ករណី​​​នេះ​​​ទេ​​​៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស