កម្មកររាប់ពាន់នាក់មកពីរោងចក្រកាត់ដេរ ហ្គ្រែន ធ្វីន អីុនធើណេសិនណល ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលបានចុះបញ្ជីនៅផ្សារមូលប័ត្រកម្ពុជា (CSX) បានបិទផ្លូវដ៏សំខាន់មួយដែលចេញពីរាជធានីកាលពីព្រឹកថ្ងៃសុក្រ ដើម្បីតវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរ និងការដំឡើងប្រាក់ខែ។
កម្មករជាង៥.០០០នាក់នៅរោងចក្រនេះបាននិងកំពុងធ្វើកូដកម្មតាំងពីថ្ងៃច័ន្ទមក ដោយអំពាវនាវឲ្យគណៈគ្រប់គ្រងរោងចក្រដោះស្រាយការទាមទារ១៦ចំណុច ក្នុងនោះរួមមានប្រាក់ស្នាក់នៅប្រចាំខែ១៥ដុល្លារ និងឈប់បង្ខំឲ្យធ្វើការលើសម៉ោង។
កម្មករយ៉ាងហោចណាស់២.៥០០នាក់ បានមកជួបជុំគ្នានៅផ្លូវជាតិលេខ៤ ជិតរោងចក្រ ហ្គ្រែន ធ្វីន ក្នុងខណ្ឌពោធិ៍សែនជ័យនាម៉ោងប្រហែល៩ព្រឹកកាលពីថ្ងៃសុក្រ ដើម្បីធ្វើបាតុកម្មរយៈពេល២ម៉ោង ដែលបានបង្កឲ្យមានការស្ទះចរាចរណ៍ទាំងទៅទាំងមក។
កម្មការិនី ភុំ ចាន់ថេង អាយុ៣៤ឆ្នាំ បាននិយាយថា អ្នកស្រីមិនពេញចិត្តនឹងលក្ខខណ្ឌការងារក្នុងរោងចក្រ ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Adidasជាដើម ទេ។ អ្នកស្រីបាននិយាយថា រោងចក្រនេះបានប្តូរឈ្មោះពី QMI ទៅ ហ្គ្រែន ធ្វីន កាលពីឆ្នាំ២០០៦ ដែលនាំឲ្យកម្មករធ្វើការរយៈពេលយូរជាច្រើននាក់ព្រួយបារម្ភអំពីការបាត់បង់អតីតភាពការងាររបស់ខ្លួន ក៏ដូចជាប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់អតីតភាព។
អ្នកស្រីបាននិយាយថា “ប្រសិនបើរោងចក្រនេះមិនដោះស្រាយបញ្ហាទាំងនេះទេ យើងនឹងបន្តធ្វើកូដកម្មរហូតដល់យើងទទួលបានដំណោះស្រាយ”។
ប្រហែល២ម៉ោងក្រោយមក កម្មករដែលធ្វើការតវ៉ាបានយល់ព្រមចាកចេញពីផ្លូវជាតិដើម្បីឲ្យតំណាងរបស់ខ្លួនចូលរួមចរចាជាមួយរោងចក្រ។ ក៏ប៉ុន្តែ លោក នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជាបាននិយាយថា ការចរចានោះត្រូវបានផ្អាកទៅវិញ បន្ទាប់ពីភាគីទាំងពីរមិនបានព្រមព្រៀងគ្នាអំពីទីកន្លែងត្រូវជួបគ្នា។ លោកបាននិយាយថា “យើងនឹងសុំអន្តរាគមន៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC អ្នកបញ្ជាទិញ និងរដ្ឋមន្ត្រីក្រសួងការងារ”។
លោក នួន នី បានឲ្យដឹងទៀតថា សហជីពរបស់លោកបានចូលធ្វើអន្តរាគមន៍ក្នុងជម្លោះនេះកាលពីថ្ងៃទី១ ខែកញ្ញា តាមសំណើកម្មករ បន្ទាប់ពីសហជីពមួយដែលយល់ព្រមដោយរោងចក្រ មិនអាចដោះស្រាយការទាមទាររបស់កម្មករបាន។
លោក នួន នី បាននិយាយថា លិខិតមួយច្បាប់ផ្ញើទៅរោងចក្រដោយស្នើឲ្យមានការប្រជុំពិភាក្សាអំពីការទាមទាររបស់កម្មករ មិនមានចម្លើយតបទេ ជាហេតុបណ្តាលឲ្យមានកូដកម្មការងារនៅសប្តាហ៍នេះ ដែលត្រូវបានប្រកាសដល់ភាគីពាក់ព័ន្ធកាលពីថ្ងៃទី១៣ ខែតុលា។
រោងចក្រ ហ្គ្រែន ធ្វីន មិនអាចទាក់ទងសុំការពន្យល់បានទេកាលពីថ្ងៃសុក្រ ប៉ុន្តែ រោងចក្រនេះបានបង្ហោះការជូនដំណឹងផ្អាកការងារនៅតាមគេហទំព័ររបស់ CSX កាលពីថ្ងៃអង្គារ។
ការជូនដំណឹងនោះមានខ្លឹមសារថា “GTI សូមប្រកាសអំពីការផ្អាកជាបណ្តោះអាសន្ននូវផលិតកម្មរបស់ GTI ដោយហេតុថា មានកម្មករជួបជុំតវ៉ានៅខាងមុខរោងចក្រនេះ”។
បច្ចុប្បន្ននេះ GTI បានចាត់វិធានការផ្លូវច្បាប់រួចហើយជាមួយអាជ្ញាធរជាប់ពាក់ព័ន្ធ។ក្រៅពីនេះ GTI នឹងព្យាយាមស្វែងរកដំណោះស្រាយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុននេះបានចុះបញ្ជីនៅផ្សារមូលប័ត្រកម្ពុជាកាលពីខែមិថុនា ដោយតម្លៃហ៊ុនពេលបើក៩.៧០០រៀល។ តម្លៃហ៊ុនរបស់ក្រុមហ៊ុននេះកាលពីថ្ងៃសុក្រ ៥.០០០រៀលនៅពេលបិទផ្សារហ៊ុន៕មានិត