28 C
Phnom Penh

មនុស្សចំនួន​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​កម្មករ​ និង​នគរ​បាល​បាន​​​ប៉ះទង្គិច​គ្នា​​នៅ​រោងចក្រ​ស្បែក​ជើង​មួយ​កន្លែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​ភាព​តាន​តឹង​ចេះ​តែ​កើន​ឡើង​ជិត​ពីរ​ខែ​មក​នេះ​រវាង​កម្មករ​ និង​អ្នក​គ្រប់​គ្រង​រោងចក្រ​នៅ​រោងចក្រ​ស្បែក​ជើង​​មួយ​កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​តៃវ៉ាន់​នៅ​ក្នុង​ខេត្ត​កំពង់ចាម​​​ បាន​ដល់​ចំណុច​មួយ​ខ្លាំង​បំផុត​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​កម្មករ​រោងចក្រ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នគរ​បាល​​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​១០​នាក់ និង​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស​។

ជម្លោះ​នេះ​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃទី១ ខែកញ្ញា នៅ​ពេល​កម្មករ​ជាង​៥.០០០នាក់​​នៅ​រោងចក្រ​ស្បែក​ជើង​ Juhui ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ជើងព្រៃ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ និង​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​។

​កម្មករ​រោងចក្រ​បាន​នាំគ្នា​តវ៉ា​ជួន​ឈប់​ជួន​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា នៅ​ពេល​រោងចក្រ​​​បាន​បណ្ដេញ​ពួកគាត់​ទាំង​អស់​ចេញ​ពីការ​ងារ​ ដោយសារ​តែ​ពួកគាត់​បានធ្វើ​ព្រងើយ​​កន្តើយ​ចំពោះ​​សេចក្ដី​បង្គាប់​របស់​តុលាការ​ ដែល​បង្គាប់​ឲ្យ​ឈប់​ធ្វើ​កូដកម្ម​ ហើយ​ត្រឡប់​មក​ធ្វើ​ការ​ងារ​វិញ​។

រោងចក្រ​​បាន​ទទួល​កម្មករ​ប្រហែល​៣.០០០នាក់​​ឲ្យ​ចូល​ធ្វើ​ការ​វិញ​កាលពី​ចុង​ខែ​មុន ប៉ុន្តែ​បាន​​បដិសេធ​មិន​ព្រម​ទទួល​យក​កម្មករ​ចំនួន​ប្រហែល​២.០០០​នាក់​​ផ្សេង​ទៀត​ឡើយ។ កម្មករ​ដែល​គេ​មិន​ទទួល​យក​មក​​ធ្វើ​ការ​វិញ​ទាំង​នេះ​អះអាង​ថា ខ្លួន​ត្រូវ​បាន​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ដោយ​សារ​មាន​ទំនាក់​ទំនង​ជាមួយ​​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ) ដែល​ដឹក​នាំ​ការ​ធ្វើ​កូដកម្ម​នេះ​។

រោងចក្រ​បាន​ផ្ដល់​កញ្ចប់​អតីត​ភាព​ការងារ​ដល់​សមាជិក​សហជីព​​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​នេះ​ ប៉ុន្តែ​​សមាជិក​សហជីព​ទាំង​នេះ​បាន​ច្រាន​ចោល​ ដោយ​លើក​ឡើង​ពី​មូលហេតុ​ថា ពួកគាត់​មិន​បាន​បោះ​បង់​ចោល​ការ​ងារ​របស់​ខ្លួន​ឡើយ​។

នៅ​ម៉ោង​ប្រហែល​៧ព្រឹក​កាលពី​ថ្ងៃសៅរ៍ កម្មករ​ប្រមាណ​១.០០០​នាក់​បានប្រមូល​ផ្ដុំគ្នា​ដើម្បី​ទាមទារ​ការ​ងារ​របស់​ខ្លួន​មក​វិញ។

ខណៈ​កូដកម្ម​កំពុង​បន្ត​ លោក តេង សម្បត្តិ ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​ Juhui បាន​លេច​មុខ​នៅ​ច្រក​ទ្វារ​ចូល​របស់​រោងចក្រ​ ជាទី​ដែល​​​​លោក​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​នៃ​កម្មករ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​ងារ​នៅ​ទីនោះ​។ ទោះ​ជាយ៉ាង​ណា បញ្ជី​នេះ​មាន​ឈ្មោះ​ត្រឹមតែ​៧២​នាក់​ប៉ុណ្ណោះ គឺ​សុទ្ធ​តែ​ឈ្មោះ​របស់​កម្មករ​ថ្មី ដោយ​ធ្វើ​ឲ្យ​អ្នក​តវ៉ា​មាន​កំហឹង​កាន់​តែ​ខ្លាំង​។

ហេល សុខលីន អាយុ​២៣​ឆ្នាំ​ ជាកម្មករ​ម្នាក់​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ” កម្មករ​មាន​កំហឹង​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ពេល [លោក សម្បត្តិ] បង្ហាញ​បញ្ជី​​ឈ្មោះ​នៃ​​កម្មករ​ថ្មី​​ជាង​៧០​នាក់​ ប៉ុន្តែ​មិន​មាន​ឈ្មោះ​របស់​ពួកយើង​នោះ”។

សុខលីន បាន​និយាយ​ទៀត​ថា ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ពេល​នគរ​បាល​​បង្ក្រាប​បាតុកម្ម​​ព្យាយាម​​ទាញ​យក​ក្បាល​មីក្រូ​ និង​ឧគ្ឃោសនសព្ទ​ពី​អ្នក​តវ៉ា​។

យោង​តាម​លោក ជាង យុទ្ធ តំណាង​​ ស៊ីខៅឌូ ​នៅ​រោងចក្រ​នេះ​បាន​ឲ្យ​ដឹង​ថា នគរ​បាល​បង្ក្រាប​បាតុកម្ម​​ដោយ​ប្រហែល​១០០​នាក់​ និង​សន្តិសុខ​​របស់​រោងចក្រ​ Juhui ប្រហែល​១០០​នាក់​ដែរ​បាន​រុញ​ច្រាន​កម្មករ​ឲ្យ​ត្រឡប់​ចេញ​ពី​អគារ​រោងចក្រ​វិញ​។

លោក​ យុទ្ធ ​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាមៗ​នោះ​ ភាគី​ទាំង​ពីរ​​បាន​ចាប់​ផ្ដើម​គប់​ដុំថ្ម​ដាក់​គ្នា ហើយ​នគរ​បាល​​បាន​វាយ​កម្មករ​នឹង​ដំបង​ ដោយ​​ធ្វើ​ឲ្យ​កម្មករ​ចំនួន​២៥​នាក់​បាន​រងរបួស​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ឡើយ។

លោក ហេង វុទ្ធី អធិការ​នគរ​បាល​ស្រុក​បាន​ទទួល​ស្គាល់​ថា នគរ​បាល​​ពិត​ជា​បាន​ប្រើ​ដំបង​ប្រឆាំង​កម្មករ​មែន ប៉ុន្តែ​នគរ​បាល​បាន​ប្រើ​ដំបង​នេះ​គឺ​បន្ទាប់ពី​កម្មករ​​វាយ​កម្ទេច​បង្អួច​ប៉ុស្តិ៍​យាម​របស់​សន្តិសុខ​ បំផ្លាញ​ខ្លោង​ទ្វារ​មុខ​របស់​រោងចក្រ​ និង​ប្រើ​ចំពាម​បាញ់​គ្រាប់​ថ្ម​ដាក់​មន្ត្រី​នគរ​បាល​តែ​ប៉ុណ្ណោះ។​ លោក​បាន​និយាយ​ថា “កង​កម្លាំង​របស់​យើង​គឺ​គ្រាន់​តែ​ការ​ពារ​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ យើង​មិន​កាន់​ជើង​ភាគី​ណាមួយ​ឡើយ​”។

លោក វុទ្ធី​ បាន​លើក​ឡើង​បន្ត​ទៀត​ថា នគរ​បាល​បាន​ចាប់​ខ្លួន​កម្មករ​ចំនួន​១០​នាក់​ បន្ទាប់​ពី​រក​ឃើញ​ដំបង​ ដាវ​សាម៉ូរ៉ៃ និង​ចំពាម​នៅ​កន្លែង​កើត​ហេតុ​ ជា​ភ័ស្តុតាង​ដែល​លោកលើក​ឡើង​ថា ប្រើ​សម្រាប់​បង្ក​អំពើ​ហិង្សា​។ លោក​បាន​បន្ថែម​ថា កម្មករ​​ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​អំពើ​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​ផង​ដែរ។ សន្តិសុខ​​ចំនួន​១០​នាក់ និង​មន្ត្រី​នគរ​បាល​ចំនួន​៩​នាក់​ក៏​បាន​រងរបួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ​ដែរ​ ក្នុង​នោះ​មាន​មន្ត្រី​នគរ​បាល​ម្នាក់​បាន​រងរបួស​ធ្ងន់​នៅ​ពេល​ត្រូវ​ដុំថ្មចំភ្នែក​ឆ្វេង។

លោក ឃុន ខូយ អ្នក​ឃ្លាំមើល​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ត្រូវ​បាន​បញ្ឈប់ទៅវិញ​នៅ​ម៉ោង​ប្រហែល​១០ព្រឹក​ នៅពេល​មន្ត្រី​នគរ​បាល​ម្នាក់​បាន​បាញ់​កាំភ្លើង​ឡើង​លើ​ចំនួនពីរគ្រាប់​។ កម្មករ​​បាន​រត់គេច​ទៅ​វាល​ស្រែ​ក្បែរ​នោះ ហើយ​​រត់ចូល​ផ្លូវ​ធំមួយ​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​​ចរាចរណ៍​ប្រហែល​៣០​នាទី។

លោក ជឹម សេងហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​តវ៉ា​ទាំង​១០​នោះ​​កំពុង​ត្រូវ​បាន​សាក​សួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ឡើយ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ​។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ លោក សម្បត្តិ បានការ​​ពារ​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បង្ហាញ​ឈ្មោះ​កម្មករ​ថ្មី​នៅ​ខាង​ក្រៅ​រោងចក្រ​។

លោក​បាន​និយាយ​ថា “ប្រសិន​បើ​កម្មករ​ចាស់ទាំង​នោះ​ចង់​ធ្វើ​ការ​នៅ​រោងចក្រ​ម្ដង​ទៀត​ ពួកគេ​ត្រូវ​តែ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ជា​ថ្មី​ឡើង​វិញ”។

ការ​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ បាន​កើត​ឡើង​មិន​ដល់​បី​សប្ដាហ៍​ផង​បន្ទាប់ពី​កម្មករ​ប្រហែល​២.០០០​នាក់​​បាន​នាំគ្នា​សម្រុក​ចូល​រោងចក្រ​ ហើយ​គប់ដុំថ្ម​ដាក់​អ្នក​គ្រប់​គ្រង ដោយ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​ចំនួន​ពីរ​នាក់​បាន​របួស​ក្បាល​មុន​​ពេល​កង​សន្តិសុខ​ធ្វើ​អន្តរាគមន៍។

កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា តំណាង​ស៊ីខៅឌូ​ចំនួន​ប្រាំនាក់​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ជុំវិញ​ការ​វាយ​ប្រហារ​នេះ​ ប៉ុន្តែ​កាលពី​ថ្ងៃពុធ សមាជិក​សហជីព​​បាន​ដាក់​ជូន​​លិខិត​មួយ​ច្បាប់ស្នើ​សុំ​ពន្យារ​ពេល​ការ​សាក​សួរ​រហូត​ដល់​ពួកគេ​រក​មេធាវី​បាន​សិន​៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស