កាលពីថ្ងៃសៅរ៍ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សមាជិកចំនួន១០នាក់នៃចលនារណសិរ្សរំដោះជាតិខ្មែរ ជាក្រុមតស៊ូមតិផ្នែកនយោបាយមួយដែលប្រឆាំងដាច់អហង្ការចំពោះគណបក្សប្រជាជនកម្ពុជា ពីបទរៀបចំផែនការញុះញង់ឲ្យកើតមានអំពើហិង្សាក្រោយការចាប់ខ្លួនពួកគេកាលពីសប្ដាហ៍មុន។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមនេះដែលភាគច្រើនជាកសិករ និងកម្មករត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលតាមរយៈការចែកខិត្តប័ណ្ណអុជអាល ហើយសំណុំរឿងរបស់ពួកគេនឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសាកសួរបន្ថែម។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលមានភ័ស្តុតាងបញ្ជាក់ពីការប៉ុនប៉ងធ្វើឲ្យកើតមានអំពើហិង្សារបស់ក្រុមនេះ ទោះបីជាការអះអាងរបស់ចលនារណសិរ្សរំដោះជាតិខ្មែរថា ការចោទប្រកាន់ប្រឆាំងសមាជិករបស់ខ្លួនជារឿងពាក់ព័ន្ធនឹងបញ្ហានយោបាយក៏ដោយ។
ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ដោយសំដៅទៅលើករណីកាលពីឆ្នាំ២០០៩ ដែលពីមុនត្រូវបានស្ដីបន្ទោសទៅលើអង្គការភេរវកម្មមួយផ្សេងទៀតគឺចលនាក្បាលខ្លា ថា ” សកម្មភាពរបស់ពួកគេគឺដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ កាលពីលើកមុនពួកគេមានជាប់ទាក់ទងទៅនឹងការបង្កៃគ្រឿងផ្ទុះ ដែលត្រូវបានរកឃើញនៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី”។
លោកបានមានប្រសាសន៍ទាក់ទិននឹងបុរសដែលត្រូវបានចាប់ខ្លួនទាំងនោះថា ” យើងមានភ័ស្តុតាង និងវត្ថុតាងផ្សេងៗទៀតដែលអាចបញ្ជាក់ថា ពួកគេចូលរួមជាមួយអង្គការខុសច្បាប់នេះ [ចលនារណសិរ្សរំដោះជាតិខ្មែរ]”។
ជនសង្ស័យដែលរួមមានឈ្មោះ លីវ យី អាយុ២៩ឆ្នាំ ឈុន ណាគង់ អាយុ២៨ឆ្នាំ ឈុន ឆាត អាយុ២៩ឆ្នាំ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ ឡាត់ លីហេង អាយុ២២ឆ្នាំ ចាន់ ស្នា អាយុ២៧ឆ្នាំ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ អាន ចាន់ អាយុ៣៥ឆ្នាំ ចាន់ រ៉ា អាយុ២៣ឆ្នាំ និង ឆាយ វ៉ិច អាយុ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ មុនការតវ៉ាមួយដែលគេគ្រោងធ្វើនៅខាងក្រៅស្ថានទូតវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីសឆ្នាំ១៩៩១។
ចលនារណសិរ្សរំដោះជាតិខ្មែរបង្កើតឡើងដោយមនុស្សមួយក្រុមដែលភាគច្រើនជាជនជាតិខ្មែរក្រោម និងដែលភាគច្រើនរស់នៅក្នុងប្រទេសថៃ គឺដឹកនាំដោយលោក សម សេរី ដែលរស់នៅក្នុងប្រទេសដាណឺម៉ាក។ នៅលើគេហទំព័ររបស់ខ្លួន ចលនារណសិរ្សរំដោះជាតិខ្មែរនេះបានលើកឡើងថា ខ្លួនមានគោលបំណង ” រំដោះពលរដ្ឋខ្មែរឲ្យរួចផុតពីការគ្រប់គ្រងរបស់វៀតណាម និងរបបផ្ដាច់ការរបស់លោក ហ៊ុន សែន”។
ការចាប់ខ្លួននេះគឺជាយុទ្ធនាការថ្មីបំផុតរបស់រដ្ឋាភិបាល ដើម្បីលុបបំបាត់ចលនារណសិរ្សរំដោះជាតិខ្មែរនេះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ជាអង្គការភេរវកម្មនោះ។
កាលពីខែឧសភា សមាជិកចំនួន១៣នាក់នៃចលនារណសិរ្សរំដោះជាតិខ្មែរត្រូវបានរកឃើញថា មានទោសកំហុសពីបទរៀបផែនការផ្ដួលរំលំរដ្ឋាភិបាល ហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចន្លោះពី៥ឆ្នាំដល់៩ឆ្នាំ។ ចុងចោទចំនួនប្រាំពីររូបត្រូវបានបញ្ជូនទៅពន្ធនាគារ រីឯប្រាំមួយរូបផ្សេងទៀត ដែលមានទាំងលោក សម សេរី ផងត្រូវបានផ្តន្ទាទោសកំបាំងមុខ ហើយឥឡូវកំពុងរត់គេចខ្លួននៅឡើយ។
អ្នកស្រី ហ៊ិន ស្រីមុំ ប្រពន្ធរបស់លោក លីវ យី ជាកម្មករសំណង់ម្នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុនបានឲ្យដឹងថា ប្ដីរបស់អ្នកស្រីទៅរាជធានីភ្នំពេញគ្រាន់តែដើម្បីព្យាបាលជំងឺប៉ុណ្ណោះ។
អ្នកស្រីបាននិយាយថា “ខ្ញុំមិនដែលឃើញប្ដីរបស់ខ្ញុំជាប់ពាក់ព័ន្ធជាមួយក្រុមណាមួយឡើយ។ ខ្ញុំមិនដែលឮពីក្រុមនេះទេ។ នគរបាលចាប់មនុស្សខុសហើយ ព្រោះប្ដីរបស់ខ្ញុំគ្មានទោសពៃរ៍អ្វីទេ ហើយមិនដែលជាប់ពាក់ព័ន្ធនៅក្នុងបទល្មើសណាមួយឡើយ”៕ ស៊ុយឈាង