គ្រួសារមួយចំនួនដែលពាក់ព័ន្ធក្នុងជម្លោះដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុនចម្ការអំពៅ២កន្លែងរបស់ថៃក្នុងខេត្តកោះកុង និយាយថា ពួកគេបានរងគំនាបកាលពីចុងសប្តាហ៍ឲ្យចុះហត្ថលេខាកិច្ចព្រមព្រៀងទទួលសំណងជាមួយក្រុមហ៊ុន គឺជាកិច្ចព្រមព្រៀងដែលពួកគេមិនចេះអាន ត្បិតកិច្ចព្រមព្រៀងទាំងនោះសរសេរជាភាសាថៃ ហើយក៏គ្មានមេធាវីរបស់ខ្លួនចូលរួមទៀតផង។
ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា ប្រជាពលរដ្ឋជាង៤០០គ្រួសារបានបាត់បង់ផ្ទះសំបែង ឬស្រែចម្ការរបស់ខ្លួន ចាប់តាំងពីចម្ការអំពៅទាំងនេះបង្កើតឡើងកាលពីឆ្នាំ២០០៦ ហើយធ្វើឲ្យពួកគេធ្លាក់ខ្លួនជាប់បំណុល និងត្រូវឲ្យកូនៗរបស់ខ្លួនឈប់រៀនទៀតផង។
កាលពីថ្ងៃសៅរ៍ ប្រជាពលរដ្ឋ១៨គ្រួសារបានទទួលប្រាក់២.០០០ដុល្លារក្នុងមួយគ្រួសារពីក្រុមហ៊ុនចម្ការអំពៅទាំងនោះ បន្ទាប់មកបានចុះហត្ថលេខាលើឯកសារដែលសរសេរជាភាសាថៃ ដែលពួកគាត់និយាយថា ពួកគាត់មិនអាចយល់បាន ហើយគេមិនបានពន្យល់ពួកគាត់ឡើយ។ ប្រជាពលរដ្ឋ៥គ្រួសារក្នុងចំណោមនោះស្ថិតក្នុងចំណោម២០០គ្រួសារដែលពាក់ព័ន្ធក្នុងបណ្តឹងក្តីរួម ដែលប្តឹងនៅទីក្រុងឡុង ប្រឆាំងក្រុមហ៊ុនរបស់អង់គ្លេសនិងអាមេរិក ដែលបានទិញស្ករសពីក្រុមហ៊ុនចម្ការអំពៅទាំង២រយៈពេល២ឆ្នាំ គឺក្រុមហ៊ុន Tate & Lyle Industries នៅអង់គ្លេស និងក្រុមហ៊ុន T&L Sugar នៅអាមេរិក។
លោក ឈុន គួង ដែលនិយាយថា លោកបានបាត់បង់ដី៨ហិកតាទៅលើចម្ការទាំង២ ជាភាគីមួយក្នុងចំណោម២០០ភាគីក្នុងរឿងក្តីនៅទីក្រុងឡុង ដែលបានទទួលយកប្រាក់កាលពីថ្ងៃសៅរ៍។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក គួង បាននិយាយថា លោកជឿថា ប្រាក់២.០០០ដុល្លារនេះគឺគ្រាន់តែជាប្រាក់ថ្លៃដីដែលលោកបានបាត់បង់ប៉ុណ្ណោះ ហើយថាលោកមិនបានបោះបង់ការទាមទារសំណងពីក្រុមហ៊ុនអង់គ្លេស និងក្រុមហ៊ុនអាមេរិក ដែលបានទិញស្ករសដែលបានដាំលើដីនោះទេ។ ប៉ុន្តែ លោកបានទទួលស្គាល់ថា លោកមិនដឹងថា ឯកសារដែលលោកបានចុះហត្ថលេខានោះ មានខ្លឹមសារពិតប្រាកដយ៉ាងណាទេ។
លោកបាននិយាយកាលពីម្សិលមិញថា “ក្រុមហ៊ុនបានឲ្យខ្ញុំនូវស្រោមសំបុត្រមួយមានលុយក្នុងនោះ បន្ទាប់ពីខ្ញុំបានរាប់រួច គេឲ្យឯកសារមកខ្ញុំចុះហត្ថលេខា។ ខ្ញុំបានចុះហត្ថលេខា បើទោះជាវាជាភាសាថៃ ហើយខ្ញុំមិនដឹងថា វាមានន័យយ៉ាងម៉េចទេក្តី”។
លោក គួង ដែលជាមន្ត្រីនគរបាលមូលដ្ឋានម្នាក់ បាននិយាយថា មេរបស់គាត់បានដាក់សម្ពាធលើគាត់ឲ្យទទួលយកប្រាក់និងចុះហត្ថលេខា។
លោកបាននិយាយថា “ខ្ញុំបានទទួលយកសំណង ពីព្រោះខ្ញុំធ្វើការនៅអធិការដ្ឋាននគរបាលស្រុក ហើយមេរបស់ខ្ញុំបង្ខំខ្ញុំឲ្យទទួលយក។ ខ្ញុំពិបាកពន្យល់ណាស់ ប៉ុន្តែលោកគួរយល់ថាវាបែបណាហើយ ពេលលោកធ្វើការឲ្យនរណាម្នាក់ ហើយលោកមានបញ្ហាជាមួយគេនោះ”។
លោក អិុត គង់ ដែលប្រាប់ថា លោកបានបាត់បង់ដី១០ហិកតា បាននិយាយថា លោកក៏បានទទួលយកលុយនិងចុះហត្ថលេខាលើឯកសារជាភាសាថៃ ដែលក្រុមហ៊ុនបានដាក់នៅមុខលោក ដោយគ្មានការបកប្រែ ឬការពន្យល់ពីខ្លឹមសារដែរ។
លោកបានឲ្យដឹងទៀតថា “កាលពីម្សិលមិញ ខ្ញុំបានទទួលយកលុយពីក្រុមហ៊ុននេះ ពីព្រោះគ្រួសាររបស់ខ្ញុំអស់លុយចាយហើយ”។ ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតមិនទទួលបានឯកសារដែលពួកគេបានចុះហត្ថលេខាហើយនោះទេ។
លោក ថាណានុត ទួប្រាខន ជាអ្នកគ្រប់គ្រងម្នាក់របស់ក្រុមហ៊ុនមួយដែលបានចូលរួមក្នុងការប្រគល់ប្រាក់កាលពីថ្ងៃសៅរ៍ នៅការិយាល័យក្រុមហ៊ុនក្នុងខេត្តកោះកុង ដំបូងឡើយបានប្រាប់អ្នកកាសែតម្នាក់កាលពីម្សិលមិញថា ឯកសារផ្តល់ឲ្យមិនមែនសុទ្ធតែជាភាសាថៃទេ ប៉ុន្តែក៏មានជាភាសាខ្មែរនិងអង់គ្លេសដែរ។
ទោះជាយ៉ាងនេះក្តី នៅពេលប្រាប់ថា អ្នកភូមិដែលបានទទួលយកលុយ បានអះអាងផ្សេងពីនេះវិញនោះ ទើបលោក ថាណានុត បាននិយាយថា លោកលែងប្រាកដហើយអញ្ចឹង។
លោកបាននិយាយថា “ខ្ញុំមិនប្រាកដ ថាតើឯកសារទាំងនោះជាភាសាថៃ អង់គ្លេស ឬ ខ្មែរទេ ពីព្រោះ ខ្ញុំមិនបាននៅជិតប្រជាជនដែលបានចុះហត្ថលេខាលើឯកសារទាំងនោះ”។ លោក ថាណានុត មិនបានឲ្យដឹងថា ឯកសារអ្វីដែលលោកលើកមកនិយាយនេះទេ។
បន្ទាប់ពីការចុះហត្ថលេខា ប្រជាពលរដ្ឋជាង១០០គ្រួសារដែលមិនយល់ស្របតាមការប្រឹងប្រែងចុងក្រោយរបស់ក្រុមហ៊ុនក្នុងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនេះ បានតវ៉ានៅមុខការិយាល័យឃុំរបស់ខ្លួន ស្នើសុំជំនួយពីរដ្ឋាភិបាល។
អាន ហាយ៉ា ជាតំណាងគ្រួសារប្រជាពលរដ្ឋនិងជាភាគីមួយក្នុងរឿងក្តីនេះនៅទីក្រុងឡុងបាននិយាយថា “ប្រជាពលរដ្ឋបានតវ៉ាដើម្បីបង្ហាញថា ពួកគាត់មិនចង់បានលុយទេ ពួកគាត់ចង់បានដីធ្លីរបស់ខ្លួនមកវិញ ដើម្បីពួកគាត់អាចធ្វើស្រែចម្ការបាន”។
យោងតាមឯកសារទទួលបានកាលពីម្សិលមិញ ក្រុមហ៊ុនច្បាប់អង់គ្លេសដែលតំណាងឲ្យប្រជាពលរដ្ឋ២០០គ្រួសារ គឺក្រុមហ៊ុន Leigh Day បានស្នើឲ្យក្រុមហ៊ុនចម្ការអំពៅទាំងនេះផ្អាកការប្រជុំនៅថ្ងៃសៅរ៍ជាមួយកូនក្តីរបស់ខ្លួន បន្ទាប់ពីដឹងផែនការរបស់ពួកគេ។
ក្នុងលិខិតជាច្រើនចុះថ្ងៃទី១២ខែតុលា លោក ថាណាកន ប៊ូរិនតារាឆាត អគ្គនាយកក្រុមហ៊ុនចម្ការអំពៅ បានអញ្ជើញសហភាពអឺរ៉ុប និងអង្គការសិទ្ធិមនុស្សជាច្រើនមកពិនិត្យការប្រគល់ប្រាក់សំណងនៅថ្ងៃសៅរ៍។
កាលពីថ្ងៃទី២០ខែតុលា ក្រុមហ៊ុន ឡេហ៍ ដេ បានផ្ញើលិខិតមួយច្បាប់ទៅលោក ថាណាកន ស្នើឲ្យលោកផ្អាកសិន ដើម្បីឲ្យក្រុមហ៊ុនច្បាប់ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយគ្រួសារប្រជាពលរដ្ឋទាំងនេះ អាចពិគ្រោះជាមួយនិងផ្តល់យោបល់កូនក្តីរបស់ខ្លួនជាមុនសិន។
ក្រុមហ៊ុនច្បាប់នេះឲ្យដឹងក្នុងលិខិតនោះថា “ទាំង CLEC ទាំង ឡេហ៍ ដេ មិនបានទទួលការជូនដំណឹងអំពីការប្រជុំនេះទេ។ ជាការសំខាន់ណាស់ដែលកូនក្តីរបស់យើងមានឱកាសស្វែងរកយោបល់សមរម្យទាក់ទិននឹងសំណើណាមួយដែលអ្នកបានស្នើឡើង។ ផ្អែកលើមូលដ្ឋាននេះ យើងចាត់ទុកថា ការប្រជុំនៅថ្ងៃទី២៥ខែតុលា គួរផ្អាកសិន”។
ប៉ុន្តែ លោក ថាណានុត អ្នកគ្រប់គ្រងក្រុមហ៊ុនចម្ការអំពៅ បាននិយាយថា ការប្រជុំនេះត្រូវតែធ្វើ ព្រោះថា ក្រុមហ៊ុន KSL របស់ថៃចង់បានអ្នកបញ្ជាទិញអង់គ្លេសវិញខ្លាំងណាស់ ហើយសង្ឃឹមថា នឹងដោះស្រាយជាមួយគ្រួសារដែលនៅសេសសល់ក្នុងរយៈពេល៣ខែ។
យោងតាមតួលេខពាណិជ្ជកម្មចុងក្រោយរបស់សហភាពអឺរ៉ុបឲ្យដឹងថា ភាគច្រើនបំផុតនៃស្ករសពីក្រុមហ៊ុនចម្ការអំពៅនេះលក់ទៅបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។
កាលពីថ្ងៃសៅរ៍ សហភាពអឺរ៉ុប ដែលបានបញ្ជូនមន្ត្រីមួយរូបដើម្បីពិនិត្យការប្រគល់ប្រាក់សំណង បាននិយាយថា គ្រួសារប្រជាពលរដ្ឋទាំងនោះគួរមានឱកាសនិយាយទៅកាន់អ្នកតំណាងរបស់ខ្លួន និងយល់កិច្ចព្រមព្រៀងណាមួយ ដែលពួកគាត់អាចធ្វើជាមួយក្រុមហ៊ុនមុនពេលប្រគល់ប្រាក់ថែមទៀត។
ការិយាល័យប្រចាំប្រទេសរបស់សហភាពអឺរ៉ុបបានឲ្យដឹងក្នុងការថ្លែងមួយថា “ការប្រឹងប្រែងណាមួួយក្នុងការស្វែងរកដំណោះស្រាយ ចាំបាច់ត្រូវធ្វើតាមរយៈការចរចាដោយផ្ទាល់និងតម្លាភាពជាមួយសហគមន៍និងតំណាងរបស់ពួកគាត់”។
“សហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ត្រូវតែអាចទទួលបានការយល់ដឹងត្រឹមត្រូវនូវអ្វីដែលគេផ្តល់ឲ្យ សុំយោបល់ពីដៃគូរបស់ខ្លួន និងធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ។ ទាល់តែមានការចូលរួមសកម្មរបស់ពួកគាត់ ទើបមានដំណោះស្រាយអចិន្ត្រៃយ៍ទៅនឹងស្ថានការណ៍ ដែលជាទីពេញចិត្តសម្រាប់គ្រប់ភាគីទាំងអស់ អាចទទួលយកបាន”៕មានិត