31 C
Phnom Penh

អ្នកត​វ៉ាដែល​មាន​តែម្នាក់ឯង​ចំណាយ​ពេល​មួយ​ថ្ងៃនៅ​ទីលាន​ប្រជាធិបតេយ្យ​តវ៉ា​ ចំពោះការ​វិនិច្ឆ័យ​របស់​​ ECCC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម​ម្នាក់​ដែល​បាន​ចូលរ​ួម​ក្នុង​នាម​ជា​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេ​ណី​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ធ្វើ​ការ​តវ៉ា​ដែល​មាន​តែ​ម្នាក់​ឯង​គត់​កាលពី​ម្សិលមិញប្រឆាំង​នឹង​ការ​ផ្ដន្ទាទោស​ នួន ជា និង​លោក ខៀវ សំផន កាលពី​ខែ​សីហា ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។front

អ្នក​តវ៉ា​ឈ្មោះ រឿន កុសល អាយុ​៤៤​ឆ្នាំ បានអង្គុយ​តែ​ម្នាក់​ឯង​នៅ​​ទីលាន​ប្រជា​ធិប តេយ្យក្នុង​រាជ​ធានី​ភ្នំពេញ​ពី​ម៉ោង​៨ព្រឹកដល់​ម៉ោង​៤ល្ងាច​ម្សិលមិញដោយលើក​ឡើង​​ពី​ការ​ជំទាស់​របស់​លោក​ចំពោះការ​ខកខាន​​របស់សាលាក្តីនេះមិន​បាន​ផ្តន្ទាទោស​មេដឹកនាំ​​វៀតកុង និង​រដ្ឋាភិបាល​វៀតណាម​ ដែល​លោក​និយាយ​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរនា​សម័យ​ខ្មែរ​ក្រហម​។

លោក​បាន​មាន​ប្រសាសន៍​ថា ” រឿង​ពិត​គឺ​ទឹកដី​របស់​យើង​​ត្រូវ​បាន​រំលោភ​បំពាន​ ទ្រព្យ​សម្បត្តិ​របស់​ប្រជាជនខ្មែរ​ត្រូវ​បាន​ប្លន់យក​ ហើយ​មាន​ការ​សម្លាប់​រង្គាល​ដោយ​សារ​ក្រុង​ហាណូយ​បង្ខំ​ប្រជា​ជនខ្មែរ​​ឲ្យស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងស្រប​ច្បាប់​របស់ឥណ្ឌូចិន”។ លោក​បាន​បន្ថែម​ថា ចុង​ចោទ​ដែលយក​មកជំនុំជម្រះ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​សព្វ​ថ្ងៃ​នេះ គឺ​ជា​អ្នក​រង​កំហុស​តែ​ប៉ុណ្ណោះ​។

លោក កុសល ដែល​បាន​មក​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​ ដោយ​​មាន​ឆត្រ​មួយ ទឹកសុទ្ធ​មួយ​ដប វិទ្យុ​មួយ​គ្រឿង និង​​​បដា​ដែលបង្ហាញពី​ការ​ទាម​ទារ​របស់​លោក​សរសេរ​ជាភាសា​អង់​គ្លេស​ និង​ភាសា​ខ្មែរ​ថា “នួន ជា និង​ខៀវ សំផន គឺជា​ឃាតករ​សិប្បនិមិត្ត ហើយ​អ្នក​ដែលបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នេះគឺ​កងទ័ពវៀត​កុង​”។

លោក​ កុសល បាន​និយាយ​ថា ថ្ងៃ​នេះលោក​មាន​គម្រោង​​ដើរ​ពី​ទីលាន​ប្រជា​ធិបតេយ្យ​ទៅ​អង្គជំនុំជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចម្ងាយជាង​១២​គីឡូម៉ែត្រ​ ដើម្បី​ដាក់​ញត្តិ​ទៅ​សាលា​ក្ដីនេះ​​​ដោយ​បង្ហាញ​ “ភ័ស្តុតាង​រាប់​រយ​ទំព័រ” ប្រឆាំង​វៀតណាម ដែល​លោក​លើក​ឡើង​ថា លោក​បាន​ស្រាវជ្រាវចង​ក្រង​​រយៈ​ពេល​ជាង​២០​ឆ្នាំ។

នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ជំនុំជម្រះ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ លោក នួន ជា បាន​ផ្ដល់​សក្ខីកម្ម​យ៉ាង​វែង​​អំពី​ជំនឿជឿជាក់​របស់​លោក​ថា ការ​ជ្រៀតជ្រែក​របស់​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​អស្ថិរភាព ដោយបណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ ភាព​ចលាចល និង​សង្គ្រាម​ស៊ីវិល។

ឥឡូវ​នេះ លោក នួន ជា កំពុងធ្វើ​ពហិការ​មិន​ចូលរួមក្នុងសវនាការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​ដំណាក់​កាល​ទី២ឡើយ ដែល​បាន​ចាប់​ផ្ដើម​កាលពី​​ថ្ងៃ​​ទី​១៧ ខែ​តុលា ដោយ​ចោទ​ប្រកាន់​ចៅក្រម​ថា មានភាព​លម្អៀង មួយផ្នែកទៀតដោយសារ​ពួកគេ​មិន​អើពើ​នឹង​ឧក្រិដ្ឋ​កម្ម​ដែល​គេ​សន្មត​ថា​វៀតណាម​ជាអ្នកធ្វើនោះនៅ​ក្នុង​ការ​វិនិច្ឆ័យ​របស់​ពួកគេ​ប្រឆាំង​រូប​លោក​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស