នគរបាលបាននិយាយថា បងប្អូនបង្កើតពីរនាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តកំពង់ស្ពឺកាលពីម្សិលមិញ ជុំវិញការសម្លាប់បុរសអាយុ៣៥ឆ្នាំម្នាក់ ដែលពួកគេជឿថា ចេះអំពើអាបធ្មប់ ដោយធ្វើឲ្យម្តាយរបស់ពួកគេស្លាប់ជាមួយមិត្តភក្តិរបស់ពួកគេបីនាក់ទៀត ដែលត្រូវចោទប្រកាន់ថា បានជួួយក្នុងការប្រព្រឹត្តបទឧក្រិដ្ឋនេះ។ បងប្អូនប្រុសទី៣ដែលជាជនសង្ស័យសំខាន់ក្នុងអំពើមនុស្សឃាតនេះកំពុងរត់គេចខ្លួននៅឡើយ។
យោងតាមលោក សំ សាក់ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ស៊ុំ រឹក ត្រូវបានសម្លាប់នៅមុខផ្ទះរបស់ខ្លួនស្ថិតនៅក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង នៅម៉ោងប្រហែល១០យប់ថ្ងៃអាទិត្យ។
លោក សំ សាក់ បានមានប្រសាសន៍ថា បងប្អូនប្រុសទាំងបីនាក់នេះឈ្មោះ កុយ ម៉ក់ អាយុ២៣ឆ្នាំ កុយ ម៉ាន អាយុ២៩ឆ្នាំ និង កុយ ម៉ែន អាយុ៣៤ឆ្នាំ បានសមគំនិតគ្នាសម្លាប់ ស៊ុំ រឹក ដែលពួកគេសង្ស័យថា “ធ្វើអំពើ” ឲ្យម្តាយរបស់ខ្លួនស្លាប់កាលពីប្រាំពីរថ្ងៃមុន ខណៈពេលពួកគេផឹកស្រាស្រវឹងជោកជាមួយមិត្តភក្តិរបស់ខ្លួនឈ្មោះ ឃឹម សារ៉ាន់ និង ពុំ ស៊ូ ដែលអ្នកទាំងពីរនេះអាយុ២០ឆ្នាំដូចគ្នា និង ស៊ុន សៅ អាយុ២៤ឆ្នាំ នៅព្រឹកថ្ងៃកើតមានបទឧក្រិដ្ឋនោះ។
លោកបានមានប្រសាសន៍ថា បុរសទាំងអស់លើកលែងតែឈ្មោះ កុយ ម៉ាន ដែលជាបងប្អូនប្រុសកណ្តាលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ហើយបានសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធក្នុងអំពើមនុស្សឃាតនេះ។
លោកបានមានប្រសាសន៍ថា “ជនសង្ស័យសំខាន់ឈ្មោះ កុយ ម៉ាន បានប្រើកាំបិតផ្គាក់អារកជនរងគ្រោះ”។ លោកបានបន្ថែមថា ឃឹម សារ៉ាន់ បានជួយចាប់ជនរងគ្រោះចំណែកឯ កុយ ម៉ាន បានអារក ចំណែកឯ ពុំ ស៊ូ ជាអ្នកយាមផ្លូវ ហើយ ស៊ុន សៅ ជាអ្នកបើកម៉ូតូឌុបពួកគេគេចខ្លួន។
លោក សំ សាក់ បានមានប្រសាសន៍ថា អ្នកស្រី មុំ រ៉េម ត្រូវជាម្តាយរបស់ពួកគេបានធ្លាក់ខ្លួនឈឺប្រហែលបីសប្តាហ៍កន្លងមក ប៉ុន្តែ ថា គ្រូពេទ្យបានប្រាប់ថា គាត់មានសុខភាពល្អទេ។ បន្ទាប់មកគ្រូខ្មែរបានអះអាងថា គាត់មានសញ្ញាថា “ត្រូវអំពើគេ”។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីម្តាយរបស់ កុយ ម៉ាន ដែលជាជនសង្ស័យបានស្លាប់ ជននេះបានឮថា ជនរងគ្រោះជាអ្នកចេះអំពើអាបធ្មប់ ហើយជននេះចង់ធ្វើការសងសឹក ហើយបានជ្រើសរើសថ្ងៃទី៧ បន្ទាប់ពីម្តាយរបស់ខ្លួនស្លាប់ទៅ ដើម្បីសម្លាប់បុរសរូបនោះ”។
លោក សយ សុខខេង នាយប៉ុស្តិ៍ឃុំបានអះអាងថា អំពើមនុស្សឃាតនេះបានកើតឡើងមែន ប៉ុន្តែ បានមានប្រសាសន៍ថា ស៊ុំ រឹក មិនដែលត្រូវបានគេចោទថា ជាអ្នកចេះអំពើអាបធ្មប់ទេពីមុនមក។
ការស្លាប់ ស៊ុំ រឹក កើតឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សបីនាក់ក្នុងខេត្តក្រចេះតាមចោទថា បានសម្លាប់ស្ត្រីអាយុ៣២ឆ្នាំម្នាក់ ដែលគេជឿថា ជាអ្នកចេះអំពើអាបធ្មប់ ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងសហគមន៍របស់ពួកគេ។
លោក ចក់ ណែម អាយុ២៦ឆ្នាំ ត្រៃ អេន អាយុ៥៦ឆ្នាំ និងអ្នកស្រី យ៉យ អន អាយុ៥៨ឆ្នាំ ដែលជាអ្នកសមគំនិតត្រូវបានចោទ ប្រកាន់កាលពីថ្ងៃសៅរ៍ ពីបទសម្លាប់អ្នកស្រី អ៊ុំ ផាតមុំ ជាជនជាតិដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរី នៅក្នុងស្រុកសំបូរខេត្តក្រចេះ៕សារុន