កាលពីម្សិលមិញ អ្នករត់តាក់ស៊ីជាច្រើននាក់ក្នុងក្រុងប៉ោយប៉ែតបានធ្វើការតវ៉ាប្រឆាំងនឹងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មី ដែលពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់សំណូកជាច្រើនក្នុងការដឹកទំនិញដែលត្រូវបានរត់ពន្ធកាត់ព្រំដែនពីប្រទេសថៃ។
យោងតាមលោក ឌិន ពុទ្ធី ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឲ្យអ្នករត់តាក់ស៊ីបានឲ្យដឹងថា អ្នករត់តាក់ស៊ីមួយក្រុមបានបិទផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យរយៈពេល១ម៉ោងកាលពីម្សិលមិញ ជំទាស់ទៅនឹងការបន្ថែមប៉ុស្តិ៍ត្រួតពិនិត្យទី៥មួយកន្លែងទៀតនៅតាមផ្លូវស្ថិតក្នុងឃុំនិមិត្ត។
អ្នករត់ម៉ូតូឌុបមួយក្រុមដែលត្រូវបានហាមឃាត់មិនឲ្យដឹកកម្មករខ្មែរត្រឡប់ពីប្រទេសថៃមក ” ដើម្បីរក្សាសណ្ដាប់ធ្នាប់” នៅក្នុងតំបន់នោះ បានជួយតវ៉ាធ្វើឲ្យចំនួនអ្នកតវ៉ាកើនដល់១០០នាក់។
លោក ពុទ្ធី បានមានប្រសាសន៍ថា អ្នករត់តាក់ស៊ីទាំងនោះដែលលោកទទួលស្គាល់ថា បានដឹកទំនិញជាប្រចាំដែលត្រូវបានរត់ពន្ធកាត់ព្រំដែនថៃឲ្យអ្នកផ្សេង ត្រូវបង់ប្រាក់ចន្លោះពី៣០.០០០រៀលទៅ១០០.០០០រៀលនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនីមួយៗ។ លោកបានមានប្រសាសន៍ថា “ពីមុនមានប៉ុស្តិ៍ត្រួតពិនិត្យតែបួនកន្លែងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះអាជ្ញាធរបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងទៀត ដែលបង្ខំឲ្យពួកគេបង់ប្រាក់កាន់តែច្រើនឡើងៗ”។
លោក ពុទ្ធី បានមានប្រសាសន៍ថា អ្នកបើកបរពេញចិត្តបង់ពន្ធផ្លូវការលើទំនិញរត់ពន្ធ ហើយបានអំពាវនាវដល់មន្ត្រីទាំងនោះក្នុងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យពន្ធគយតែមួយកន្លែងនៅតាមកំណាត់ផ្លូវប្រវែង៤៥គីឡូម៉ែត្រ ចាប់ពីព្រំដែនអន្តរជាតិដល់ក្រុងសេរីសោភ័ណភាគខាងកើត។
លោក ង៉ោ ម៉េងជ្រុន អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ប៉ុស្តិ៍ត្រួតពិនិត្យទាំងនេះគឺស្របច្បាប់ ហើយត្រូវបានអនុម័តយល់ព្រមដោយក្រសួងសេដ្ឋកិច្ច។ លោកបានមានប្រសាសន៍ថា ” យើងមិនមែនបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីរឹបអូសទំនិញទេ ប៉ុន្តែគឺដើម្បីអប់រំ និងណែនាំពួកគាត់បង់ពន្ធឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ”។
លោក គោស៊ុំ សារឿត អភិបាលខេត្តបានមានប្រសាសន៍ថា អ្នករត់តាក់ស៊ីបានបន្ទោសចំពោះការចំណាយថ្មីរបស់ខ្លួន។ ដោយបដិសេធមិននិយាយថា អ្នកណាបានយកលុយនោះ លោកបានមានប្រសាសន៍ថា ” ពួកគេត្អូញត្អែអំពីការបង់ប្រាក់ច្រើន ប៉ុន្តែពួកគេទេដែលបង់នោះ”៕ សារុន