កាលពីម្សិលមិញ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជាជាស្ថាប័នបញ្ចុះបញ្ចូលវិស័យឯកជនដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់សហគ្រិននៅក្នុងប្រទេស។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបាននិយាយបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានសម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា ជាស្ថាប័នដែលធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងរបស់លោក។
បន្ទាប់ពីត្រូវបានប្រកាសថា លោកឧកញ៉ា តែ តាំងប៉ បានឈ្នះឆ្នោតជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាម្ដងទៀតនោះ លោក ចម ប្រសិទ្ធ បានប្រាប់អ្នកចូលរួមប្រហែល២០០នាក់ថា សភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង គួរតែខិតខំបន្ថែមទៀតដើម្បីអភិវឌ្ឍសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា។
លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា “និយាយឲ្យស្មោះត្រង់ទៅ ទោះបីជាសភាពាណិជ្ជកម្មកម្ពុជាមានធនធានច្រើនក៏ដោយ ក៏ស្ថាប័ននេះមិនបានផ្ដល់ការបណ្ដុះបណ្ដាលខ្លាំងដល់សមាជិករបស់ខ្លួនដែរ។ សម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាមានធនធានតិចតួចក៏ពិតមែន ប៉ុន្តែស្ថាប័ននេះបានខិតខំយ៉ាងខ្លាំងដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់សមាជិករបស់ខ្លួន”។
លោក ចម ប្រសិទ្ធ ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមុនពេលលោកត្រូវបានជំនួសតំណែងដោយលោក ស៊ុន ចាន់ថុល កាលពីឆ្នាំមុនបានលើកឡើងទៀតថា ចាប់តាំងពីឆ្នាំ២០១០មក សម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា បានធ្វើឲ្យមានកំណើនកើនឡើងថេរ ដោយជួយសហគ្រាសធន់តូច និងមធ្យមអភិវឌ្ឍទូទាំងប្រទេសកម្ពុជា គឺវាផ្ទុយទៅនឹងសម្ព័ន្ធ និងសមាគមពាណិជ្ជកម្មផ្សេៗទៀត។
លោកបានមានប្រសាសន៍បន្ថែមថា ” ពីមុន សម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាបម្រើតែសហគ្រាសខ្នាតធំប៉ុណ្ណោះ ប៉ុន្តែឥឡូវស្ថាប័ននេះចាំបាច់ត្រូវតែបម្រើសហគ្រាសធន់តូច និងមធ្យមនៅគ្រប់វិស័យទាំងអស់”។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក ចម ប្រសិទ្ធ ឡើយ។
តែទោះជាយ៉ាងណា លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជានេះបានលើកឡើងថា ភាពពិតជាក់ស្ដែងនៃការអះអាងរបស់លោក ចម ប្រសិទ្ធ ត្រូវបានលើកយកមកពិភាក្សាដេញដោល។ លោក ងួន ម៉េងតិច បានមានប្រសាសន៍ថា ” វាគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ យើងមិនចាំបាច់បង្ហាញពីសមិទ្ធផលដែលយើងទទួលបាននោះទេ។ សាធារណជនអាចវាយតម្លៃដោយខ្លួនឯងបានពីអ្វីដែលស្ថាប័ននីមួយៗបានធ្វើ”។
លោកបានបន្ថែមថា សម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាពិតជាត្រូវការសភាពាណិជ្ជកម្ម ព្រោះស្ថាប័ននេះមានឥទ្ធិពលខ្លាំងក្នុងចំណោមសមាគមពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍បន្ថែមថា ” បើគ្មានសភាពាណិជ្ជកម្មទេនោះ សម្ព័ន្ធសមាគមសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាមិនអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពបានទេ”។
លោក ចម ប្រសិទ្ធ បានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថាកាលពីម្សិលមិញថា សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាមានចន្លោះពី៧០.០០០ដល់៨០.០០០។
បន្ទាប់ពីជាប់ឆ្នោតជាប្រធានម្ដងទៀត លោក តែ តាំងប៉ បានឲ្យដឹងថា លោកនឹងបន្តផ្ដោតលើការបង្កើនការប្រកួតប្រជែងគ្នា។ លោកបានមានប្រសាសន៍ថា ” ខ្ញុំនឹងខំធ្វើការឲ្យបានខ្លាំងដើម្បីអភិវឌ្ឍសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជាជាពិសេស ហេតុដូច្នេះ ពួកគេអាចប្រកួតប្រជែងជាមួយសហគ្រាសផ្សេងៗទៀតលើឆាកអន្តរជាតិបាន នៅពេលសហគមន៍សេដ្ឋកិច្ចអាស៊ានបើកនៅឆ្នាំ២០១៥”៕ ស៊ុយឈាង