29 C
Phnom Penh

ប្រពន្ធសកម្មជន​ម្នាក់​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើមិន​ដឹង​មិន​ឮ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រពន្ធ​របស់​លោក អ៊ុក ពេជ្រ​សំណាង ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ហើយបង្កការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ បន្ទាប់ពី​បើក​រ៉ឺម៉ក​ម៉ូតូ​កង់បី​របស់​ខ្លួន​កា​ត់របាំង​ផ្លូវ​​​អំឡុង​ការ​តវ៉ា​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​នោះ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា អ្នកស្រី​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ ” ធ្វើ​មិន​ដឹង​មិន​ឮ” ចំពោះ​ប្ដី​របស់​អ្នកស្រី​ចាប់​តាំង​ពី​គា​ត់​ត្រូវ​បាន​ចាប់​ខ្លួនមក។

អ្នកស្រី ធិន ណារិន បាន​និយាយ​ថា អ្នកស្រី​មាន​អារម្មណ៍អន់​ចិត្ត​នឹងភាព​អសកម្ម​របស់​គណបក្ស​ប្រឆាំង​ណាស់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​​ប្ដី​អ្នកស្រី​​​ជា​សកម្មជន​គណបក្ស​ប្រឆាំង ដែល​​ជាមនុស្ស​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន​។

អ្នកស្រី ណារិន បាន​និយាយ​ថា ” គាត់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​…ប៉ុន្តែ​គ្មាន​អ្វី​ត្រូវ​និយាយទេ​ឥឡូវ​នេះ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ជួយ​ខ្ញុំ​ ហើយ​មិន​បាន​ទាក់​ទង​មក​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទេ​ចាប់​ពីការ​ចាប់​ខ្លួន​មក​។ អ្នកស្រី​បាន​និយាយ​ថា​ ​ពួកគេ​មិន​គួរ​ធ្វើមិន​ដឹង​មិន​ឮ​ចំពោះ​គាត់​ឡើយ។ យើង​បាត់​បង់​ក្ដី​សង្ឃឹម​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ពេល​ពួកគេ​មិន​បានធ្វើ​អ្វី​ដើម្បី​ជួយ​ដល់​គាត់​”។

ដីកា​ចាប់​ខ្លួន​លោក ពេជ្រសំណាង ត្រូវ​បាន​ចេញ​បន្ទាប់ពី​លោក​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​កង់បី​កាត់​របាំង​​បិទ​ផ្លូវ​​អំឡុង​ការ​តវ៉ា​ ដែល​មាន​ការ​ចូល​រួម​ពី​​អ្នក​ភូមិ​ដែល​​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីដី​ជាង​១០០​នាក់​មកពី​ខេត្ត​ព្រះវិហារ។ មនុស្ស​១៨​នាក់​រង​របួស​បន្ទាប់ពី​សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​ប្រើ​ដំបង​វាយ​អ្នក​តវ៉ា​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្ស​ប្រឆាំង​​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​ដល់​លោក ពេជ្រសំណាង។ លោក​បាន​មាន​ប្រសាសន៍​ថា ” មេដឹកនាំ​ខាងលើ​បាន​ដឹង​ពី​ករណី​នេះ ហើយ​ពួកគាត់​កំពុង​​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​។ យើង​មិន​អាច​ប្រាប់​អ្នក​ពី​អ្វី​ដែល​ពួកគាត់​នឹង​ធ្វើ​បាន​ទេ​ ប៉ុន្តែ​យើង​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​ ពីព្រោះ​សកម្មជន​របស់​យើង​ត្រូវ​បាន​ចាប់ខ្លួន ហើយ​យើង​នឹង​ព្យាយាម​រក​ដំណោះ​ស្រាយ​”។

លោកស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​បាន​និយាយ​ជាមួយ​មេធាវី​របស់​ខ្លួនអំពី​ករណី​នេះ​ហើយ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ” ជាកា​រពិត​​​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​មិន​ត្រឹម​តែ​ចំពោះលោក សំណាង​​ ប៉ុណ្ណោះ​ទេ ប៉ុន្តែគឺចំពោះ​ស្ថានភាព​ហិង្សា​ទាំង​មូលផង​ដែរ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស