31 C
Phnom Penh

សាលា​ដំបូង​ខេត្ត​កំពង់ចាម​ដោះ​លែង​មនុស្ស​ចំនួន​ប្រាំ​នាក់​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ដោះ​លែង​មនុស្ស​ចំនួន​ប្រាំនាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន​១០​នាក់ ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​​រវាង​នគរ​បាល​ និង​កម្មករ​​ប្រហែល​១.០០០នាក់ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពីការ​ងារ​​ពី​រោងចក្រ​ស្បែក​ជើង​ Juhui គ្រប់គ្រង​ដោយជនជាតិ​តៃវ៉ាន់​។

លោក គឹម​ សុជាតិ មន្ត្រី​​​ផ្នែក​ច្បាប់​នៅ​សហភាព​ការ​ងារ​កម្ពុជា ដែល​ជា​តំណាង​ឲ្យ​មនុស្ស​ទាំង​១០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​រោងចក្រ​ស្បែក​ជើង​ Juhui ក្នុង​ស្រុក​ជើងព្រៃ​​បាន​​ឲ្យ​ដឹង​ថា ​​ការ​ដោះ​លែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​​មិន​​អាច​រក​ឃើញ​ភ័ស្តុតាង​គ្រប់​គ្រាន់​ដាក់​បន្ទុក​លើ​អ្នក​​ទាំង​ប្រាំនាក់នេះ​ ដែល​រួម​មាន​កម្មករ អ្នក​បើក​រថយន្ត​ និងមន្ត្រី​សហជីព។

លោក​ សុជាតិ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ” លោក ជីវ ច័ន្ទតារា ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​សាក​សួរ​កូនក្ដី​របស់​ខ្ញុំ​ម្ដង​ម្នាក់​ៗ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​ចោទ​ប្រកាន់​ពួកគេ​នៅ​ឡើយ​ទេ។ ប្រាំនាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះវិញ​ហើយ បន្ទាប់ពី​តុលាការ​មិន​បាន​​​រក​ឃើញ​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ពួកគេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “មនុស្ស​ចំនួន​ប្រាំនាក់​ផ្សេង​ទៀត​​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​ ហើយ​​នឹង​ត្រូវ​បន្ត​​សាកសួរ​បន្ថែម​នៅ​ថ្ងៃ​ស្អែក​”។

យោង​តាម​លោក សុជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​ទាំង​នោះ​មាន​ឈ្មោះដូច​ជា ភឿន ផល អាយុ​៣០​ឆ្នាំ ប៊ុន ស្រីណេ អាយុ​៣១​ឆ្នាំ ធឿន ប៊ុនថាន អាយុ​២៨​ឆ្នាំ ជា រាជ អាយុ​២០​ឆ្នាំ ពត ប៊ុនថុន អាយុ​២៤​ឆ្នាំ។

អ្នក​ដែល​​នៅ​ឃុំខ្លួន​នៅ​ឡើយ​មាន​ដូចជា ឃុន សុខុម អាយុ​៣១​ឆ្នាំ ម៉ុន សារ៉ែម អាយុ​២៩​ឆ្នាំ បៀន សារីម អាយុ​៣៥​ឆ្នាំ នេត ពិសី អាយុ​២២​ឆ្នាំ និង​ កាង សាវុធ អាយុ​២៤​ឆ្នាំ។មនុស្ស​​ទាំង​១០​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​សង្ស័យ​ថា បាន​​ញុះញង់​ឲ្យ​មាន​​អំពើ​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បតិ្តិ​ក្រុម​ហ៊ុន​។

លោក ជឹម សេងហុង ​ស្នង​ការ​រង​នគរ​បាល​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​​​ពីការ​អះអាង​របស់​លោក សុជាតិ​ ដែល​ថា មនុស្ស​ចំនួន​ប្រាំនាក់​ត្រូវ​បាន​ដោះ​លែង​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​។

កម្មករ​ប្រហែល​១.០០០​នាក់​​បាន​នាំគ្នា​ទៅ​កាន់​រោងចក្រ​ស្បែក​ជើង​ Juhui កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​រោងចក្រ​​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ​ដែល​បណ្ដេញពួកគាត់​ជាមួយ​នឹង​កម្មករ​ប្រហែល​៤.០០០​នាក់​ផ្សេង​ទៀត​​ពីការ​ងារ​ បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​សេចក្ដី​បង្គាប់​របស់​តុលាការ​ ដែល​បង្គាប់​ឲ្យ​ពួកគាត់​ឈប់​ធ្វើ​កូដកម្ម​នោះ​។

ក្រោយ​មក​ រោងចក្រ​ស្បែក​ជើង Juhui បាន​ទទួល​កម្មករ​ចំនួន​៣.០០០នាក់​​មក​ឲ្យ​ធ្វើ​ការ​ងារ​​វិញ ប៉ុន្តែ​បាន​បដិសេធ​មិន​ទទួល​យក​កម្មករ​ប្រហែល​២.០០០នាក់ ដែល​អះអាង​ថា ខ្លួន​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​សារ​មាន​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ)។

ការ​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រែក្លាយ​ជា​​មាន​អំពើ​ហិង្សា​នៅ​ពេល​លោក តេង សម្បត្តិ ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​ស្បែក​ជើង Juhui បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កម្មករ​ថ្មី​ចំនួន​៧២​នាក់​​នៅ​ខ្លោងទ្វារ​មុខ​របស់​រោងចក្រ​ ហើយ​នគរ​បាល​បង្ក្រាប​បាតុកម្ម​បាន​ព្យាយាម​រឹប​អូស​យក​ឧបករណ៍​បំពង​សំឡេង​របស់​អ្នក​តវ៉ា​នោះ​។

លោក ឃុន ខូយ អ្នក​ឃ្លាំ​មើល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កំពង់​ចាម បាន​​លើក​ឡើង​ថា អំពើ​ហិង្សា​​ត្រូវ​បាន​បញ្ចប់​ទៅវិញ​នៅ​ពេល​មន្ត្រីនគរ​បាល​​បានបាញ់​កាំភ្លើង​ចំនួន​​ពីរគ្រាប់​ឡើង​លើ​ ដោយ​ធ្វើ​ឲ្យ​អ្នក​តវ៉ា​នាំគ្នា​រត់គេច​ខ្លួន​។

ឃា ចាន់ថន​ សមាជិក​​ស៊ីខៅឌូ និង​ជា​​អតីត​កម្មករ​នៅ​រោងចក្រ​នេះ​បាន​​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​កម្មករ​ប្រហែល​១.០០០​នាក់ ដែល​នាំគ្នា​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ មិន​បាន​វិល​ត្រឡប់​ទៅ​តវ៉ា​ទៀត​នោះ​ទេ​កាលពី​ម្សិលមិញ​។ ហើយ​មាន​តែ​កម្មករ​ប្រហែល​៣០០​នាក់​ប៉ុណ្ណោះ​បាន​ចេញ​មក​តវ៉ា​។

លោក​​បាន​និយាយ​ថា “​ខ្ញុំ​បាន​ទៅ​តវ៉ា​ប្រហែល​ពីរ​បី​ម៉ោង​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​កម្មករ​មួយ​ចំនួន​ផ្សេង​ទៀត​ស្នាក់​នៅ​ផ្ទះ​ ព្រោះ​​​ពួកគាត់​ខ្លាច​ក្រែង​គេ​ចាប់​ខ្លួន​ ហើយ​ឪពុក​ម្ដាយ​របស់​ពួកគាត់​មិន​​អនុញ្ញាត​​ឲ្យ​ពួកគាត់​មក​ចូល​រួម ​បន្ទាប់ពី​នគរ​បាល​​បាន​វាយ​ដំ​​យើង​កាលពី​ថ្ងៃ​សៅរ៍។ ទោះបីជា​កម្មករ​ផ្សេង​ទៀត​ខ្លាច​គេ​ចាប់​ខ្លួន​ក៏ដោយ ក៏​យើង​នឹង​នៅ​តែ​មិន​បោះ​បង់​ការ​ទាម​ទារ​របស់​យើង​ដែរ​”។

លោក ប៊ុម ប៊ន ស្នង​ការ​រង​នគរ​​បាល​ខេត្ត​ម្នាក់​ទៀត​​បាន​ឲ្យ​ដឹង​ថា នគរ​បាល​​នៅ​តែ​ឈរ​ជើង​នៅ​ខាង​មុខ​រោងចក្រ​​នៅ​ឡើយ​ ព្រោះ​ខ្លាច​ក្រែង​អំពើ​ហិង្សា​ផ្ទុះឡើង​ម្ដង​ទៀត​។ លោក ប៊ន បាន​មាន​ប្រសាសន៍​ថា ” យើង​នៅ​តែ​រក្សា​កង​កម្លាំង​​​អន្តរាគមន៍​របស់​យើង​នៅ​ទីនោះ​នៅឡើយ​ ព្រោះ​កម្មករ​រាប់រយ​នាក់​នៅ​តែ​បន្ត​ការ​តវ៉ា​នៅ​ខាង​មុខ​​ខ្លោង​ទ្វារ​​រោងចក្រ។ យើង​​មិន​បាន​ទៅ​គំរាម​កំហែង​ពួកគេ​ទេ​ ប៉ុន្តែ​យើង​មក​​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​អំពើហិង្សា និង​ដើម្បី​ការ​ពារ​សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​ទ្រព្យសម្បត្តិ​ក្រុម​ហ៊ុន​”។

អ្នកស្រី​ ម៉ុន ស្រស់ ​អាយុ​៣៤​ឆ្នាំ បងស្រី​របស់ ម៉ុន សារ៉ែម ​​ជា​កម្មការិនី​ និង​តំណាង​ស៊ីខៅឌូ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ឡើយ​បាន​ឲ្យ​ដឹង​ថា ប្អូន​ស្រី​របស់​អ្នកស្រី​មិន​បាន​ចូល​រួម​នៅ​ក្នុង​​ការ​ប្រើ​អំពើ​ហិង្សា​ណាមួយ​ទេ​​នៅ​រោងចក្រ​នេះ។ អ្នកស្រី​បាន​និយាយ​ថា ” អាជ្ញាធរ​​កាន់​ជើង​ក្រុម​ហ៊ុន​ ពួកគេ​យក​លេស​ដើម្បី​ចាប់​ខ្លួន​នាង និង​​កម្មករ​ផ្សេងៗ​ទៀត ដែល​គ្រាន់​តែ​ទាមទារ​​​ដំឡើង​ប្រាក់​ខែ​​ និង​ផល​ប្រយោជន៍​មួយ​ចំនួន​ផ្សេងទៀត​”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស