35 C
Phnom Penh

​​​ជ​​​ន​​​ជាតិ​​​នីហ្សេ​​​រីយ៉ា​​​ប្រាំ​​​បួ​​​ន​​នាក់​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ប្រតិបត្តិការ​​​បង្ក្រាប​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ប្រាំ​​​បួន​​​នាក់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ នៅ​​​ទីតាំង​​​ចំនួន​​​បី​​​ផ្សេងគ្នា​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ពី​​​បទ​​​រក្សា​​​ទុក និង​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន បន្ទាប់​​​ពី​​​នគរ​​​បាល​​​សម្ងាត់​​​បាន​​​ទិញ​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​​​តាមីន ទម្ងន់​​​​​​១០០​​​ក្រាម​​​ពី​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​បុរស​​​ទាំង​​​នោះ​​​​​​។

លោក​​​ អុិន សុង អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួ​​​ង​​​មហា​​​ផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​សម្ងាត់​​​ចាប់​​​បាន​​​ជន​​​ចែក​​​ចាយ​​​​​​គ្រឿង​​​ញៀន​​​ម្នាក់​​​នៅ​​​ក្នុង​​​សង្កាត់​​​ផ្សារ​​​ថ្មី​​​២​​​ ខណ្ឌ​​​ដូន​​​ពេញ បន្ទាប់​​​ពី​​​ព្រម​​​ព្រៀង​​​ទិញ​​​ថ្នាំ​​​មេតំហ្វេតាមីន​​​ទម្ងន់​​​​​​១០០ក្រាម​​​ពី​​​រូប​​​គេ​​​​​​​ក្នុង​​​តម្លៃ​​​២.៦០០​​​ដុល្លារ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​សួរ​​​ចម្លើយ​​​​​​ជន​​​សង្ស័យ​​​ទី​​​១​​​រួច​​​ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿងញៀន​​​របស់​​​យើង​​​បាន​​​ចុះ​​​ទៅ​​​កាន់​​​ផ្ទះ​​​ជួល​​​ពីរ​​​ទៀត​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ ដែល​​​ទី​​​បំផុត​​​​​​នាំ​​​ឲ្យ​​​យើង​​​ឈាន​​​ដល់​​​ការ​​​ចាប់ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ប្រាំ​​​បួន​​​នាក់​​​”។

លោក​​​ យ៉េន បញ្ញារិទ្ធ ប្រធាន​​​ការិយាល័យ​​​ទី​​​៩​​​ស្តី​​​ទី​​​នៃ​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ឆ្មក់​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​​នេះ​​​ធ្វើ​​​ឡើង​​​ដោយសារ​​​មាន​​​ប្រតិបត្តិការ​​​រយៈ​​​ពេល​​​មួយ​​​ខែ ដែល​​​សម្រេច​​​ដោយ​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ ដើម្បី​​​តាម​​​ដាន​​​សកម្ម​​​ភាព​​​របស់​​​​​​​​​ក្រុម​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​នេះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “បុរស​​​ទាំង​​​នេះ​​​ជា​​​ជន​​​ជាតិ​​​នីហ្សេ​​​រីយ៉ា ហើយ​​​ពួក​​​គេ​​​លក់​​​គ្រឿង​​​ញៀន​​​​​​យ៉ាង​​​សកម្ម​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​​​​នៅ​​​ពេល​​​យប់​​​​​​ និង​​​ពេល​​​ថ្ងៃ​​​”។លោក​​​បាន​​​បន្ត​​​ថា មន្ត្រី​​​មក​​​ពី​​​អង្គភាព​​​របស់​​​​​​លោក​​​បាន​​​បន្លំ​​​ខ្លួន​​​ធ្វើ​​​ជា​​​អ្នក​​​ទិញ​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា  “យើង​​​បាន​​​ចំណាយ​​​ពេល​​​មួយ​​​ខែ​​​ឃ្លាំ​​​មើល​​​សកម្ម​​​ភាព​​​របស់​​​ពួក​​​គេ​​​ ហើយ​​​ដោយ​​​មាន​​​ការ​​​សម្រេច​​​ពី​​​ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី [ភ្នាក់​​​ងារ​​​សម្ងាត់​​​របស់​​​យើង​​​] ដំបូង​​​ឡើយ​​​បាន​​​ទិញ​​​គ្រឿង​​​ញៀន​​​​​​ ២០​​​ក្រាម​​​ពី​​​ជន​​​ចែក​​​ចាយ​​​ហើយ​​​បន្ទាប់​​​មក​​​បាន​​​ព្រមព្រៀង​​​ទិញ​​​១០០​​​ក្រាម​​​បន្ថែម​​​ទៀត​​​​​​”។

នៅ​​​ពេល​​​ធ្វើ​​​ការ​​​ជួញ​​​ដូរ​​​លើក​​​ទី​​​២​​​ នគរ​​​បាល​​​បាន​​​ស្ទុះ​​​ទៅ​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ ហើយ​​​ជន​​​សង្ស័យ​​​បាន​​​នាំ​​​នគរ​​​បាល​​​ទៅ​​​កាន់​​​បុរី​​​ពិភពថ្មី​​​ក្នុង​​​ភូមិ​​​ត្រពាំង​​​ថ្លឹង ដែលនៅ​​​ទី​​​នោះ​​​ ​​​នគរ​​​បាល​​​​​​បាន​​​ចាប់ខ្លួនជន​​​សង្ស័យ​​​​​​ប្រាំ​​​មួយ​​​នាក់​​​ផ្សេង​​​ទៀត​​​។ បុរស​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​គេច​​​ខ្លួន​​​ជាមួយ​​ថ្នាំ​​​ញៀន ប៉ុន្តែ ក្រោយ​​​មក​​​ត្រូវ​​​ចាប់​​​ខ្លួន​​​បាន​​​ដោយ​​​គ្មាន​​​គ្រឿង​​​ញៀន​​​នៅ​​​ក្នុង​​​ដៃ​​​ បន្ទាប់​​​ពី​​​នគរបាល​​​ប្រទះឃើញ​​​ពួក​​​គេ​​​ដើរ​​​លុយ​​​ទឹក​​​ស្រែ​​​ក្បែរ​​​នោះ​​​។

លោក​​​ យ៉េន បញ្ញារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពេល​​​នេះ​​​ពួក​​​គេ​​​កំពុង​​​ស្ថិត​​​​​ក្រោម​​​​​​ការ​​​ឃំុ​​​ឃាំង​​​របស់​​​យើង ហើយ​​​យើង​​​កំពុង​​​សួរ​​​ចម្លើយ​​​ពួកគេ​​​ម្នាក់​​​ម្តង ដើម្បី​​​​​​ស្វែង​​​រក​​​មេ​​​របស់​​​ពួក​​​គេ ពីព្រោះ​​​ពួក​​​គេ​​​មាន​​​ស្នៀត​​​ជា​​​ច្រើន​​​សម្រាប់​​​លក់​​​គ្រឿង​​​ញៀន​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​”។​​​​​​

លោក អាបាយ៉ូមី​​​ កូឡេ​​​ដូ​​​យេ (Abayomi Koledoye) ប្រធាន​​​អង្គការ​​​ Nigeriansin Diaspora Organization នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​រង់​​​ចាំ​​​​​​អាជ្ញាធរ​​​លាត​​​ត្រដាង​​ព័​​​ត៌​​​មាន​​​ស​​​្តីពី​​​អត្ត​​​សញ្ញាណ​​​របស់​​​​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ ប៉ុន្តែ លោក​​​បាន​​​ព្រមាន​​​​​​ប្រឆាំង​​​ការ​​​បណ្តោយ​​​ឲ្យ​​​មនុស្ស​​​មួយ​​​ក្តាប់​​​តូច​​​ធ្វើ​​​ឲ្យ​​​អាម៉ាស់​​​ដល់​​​សហគមន៍​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ទាំង​​​មូល​​​នៅ​​​កម្ពុជា​​​​​​ ដែល​​​ពួកគេ​​​ភាគ​​​ច្រើន​​​​​​​​​គោរព​​​ច្បាប់​​​ និង​​​រក​​​ស៊ី​​​ស្រប​​​ច្បាប់​​​។​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នេះ​​​ជា​​​បញ្ហា​​​ធំ​​​សម្រាប់​​​យើង ប៉ុន្តែ តើ​​​ឲ្យ​​​យើង​​​ឃ្លាំ​​​មើល​​​ក្រុម​​​​​​នេះ​​​ដោយ​​​របៀប​​​ណា ​​​ប្រសិន​​​បើ​​​ពួកគេ​​​មិន​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​អនុវត្តន៍​​​ច្បាប់​​​ទេ​​​នោះ​​​? ខ្ញុំ​​​សូម​​​បន្ត​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ថាប័ន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នានា​​​និយាយ​​​ជួស​​​មុខ​​​ឲ្យ​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​​​​រស់​​​នៅ​​​ទី​​​នេះ ដែល​​​​​​មាន​​​កេរ្តិ៍​​​ឈ្មោះ​​​ល្អ ​​​​​​ ហើយ​​​កុំ​​​សម្លឹង​​​មើល​​​មក​​​យើង​​​តាម​​​ក្រសែភ្នែក​​​របស់​​​មនុស្ស​​​មួយ​​​ចំនួន​​​តូច​​​ ដែល​​​ចង់​​​មាន​​​បាន​​​ឆាប់​​​រហ័ស​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Simon Henderson)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស