31 C
Phnom Penh

ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី​ស្វះស្វែង​ដោះស្រាយ​ករណី​ពុករលួយ​ជាមួយ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី BHP Billiton បាន​ប្រកាស​ថា ខ្លួន​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ដោះស្រាយ​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​នៅ​ក្រៅ​ប្រទេស ដែល​រួម​មាន​ទាំង​ការ​អះអាង​ដែល​ថា ក្រុមហ៊ុន​នេះ​បាន​បង់​ប្រាក់​សំណូក​២,៥​លាន​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​កម្ពុជា ដើម្បី​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​ក្នុង​តំបន់​ភាគ​ឦសាន​​​របស់​​​ប្រទេស​​​កម្ពុជា។

លោក​​​នាយក​​​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​​​មើល​​​ខុសត្រូវ​​​ដោយ​​​ផ្ទាល់​​​លើ​កិច្ច​​​ព្រមព្រៀង​​​ឆ្នាំ​​​២០០៦​​​របស់​​​ក្រុមហ៊ុន BHP ដើម្បី​រុករក​​​រ៉ែ​​​បុកស៊ីត ក្នុង​​​ខេត្ត​​​មណ្ឌលគិរី។

ក្រុមហ៊ុន​​​នេះ​​​បាន​​​ដក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាលពី​​​ឆ្នាំ​​​២០០៩ គឺ​​​នៅ​​​ឆ្នាំ​​​ដដែល ដែល​​​គណៈ​​​កម្មការ​​​​​​មូលបត្រ​​​អាមេរិក​​​បាន​​​ស្នើ​​​ក្រុមហ៊ុន BHP ផ្តល់​​​ភ័ស្តុតាង​​​នៃ​​​ការ​​​បង់​​​ប្រាក់​​​ ជា​ទង្វើ​ដែល​​​ប្រហែល​​​បាន​​​បំពាន​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក្រៅ​​​ប្រទេស​​​អាមេរិក។ គណៈ​​​កម្មការ​​​​​​មូលបត្រ​នេះ​និង​​​ក្រសួង​​​យុត្តិធម៌​​​អាមេរិក​​​បាន​​​ជូន​​​ដំណឹង​​ដល់​ក្រុមហ៊ុន​នេះ​ថា ក្រុមហ៊ុន​នេះ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្លួន ដែល​ចេញ​កាលពី​ខែ​មុន ក្រុមហ៊ុន BHP ​បាន​និយាយ​ថា ការ​ចរចា​រក​ដំណោះស្រាយ​ជាមួយ​អាមេរិក​បាន​ចាប់​ផ្តើម​ហើយ។

ដោយ​មិន​និយាយ​សំដៅ​ជាក់លាក់​ចំពោះ​គម្រោង​ដែល​បោះបង់​ចោល​របស់​ខ្លួន​នៅ​កម្ពុជា របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា “បញ្ហា​ទាំង​នេះ​ទាក់ទង​នឹង​រឿង​ពាក់ព័ន្ធ​នឹង​ការ​រុករក​រ៉ែ​ដែល​បញ្ចប់​កាលពី​មុន​និង​កិច្ច​ប្រឹងប្រែង​អភិវឌ្ឍន៍។ បច្ចុប្បន្ន ក្រុម​នេះ​​កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​ចំពោះ​រឿង​នេះ”។

បន្ទាប់ពី​មាន​សំណើ​​សុំ​ព័ត៌មាន​ពី​គណៈ​​​កម្មការ​​​​​​មូលបត្រ​​កាលពី​ឆ្នាំ​២០០៩ របាយការណ៍​បាន​បន្ថែម​ថា “ក្រុម​នេះ​បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង និង​បាន​បង្ហាញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដឹង​នូវ​ភ័ស្តុតាង​ដែល​ខ្លួន​បាន​រក​ឃើញ​ដែល​ទាក់​ទង​នឹង​ការ​រំលោភ​បំពាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដែល​អាច​កើត​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល”។

អ្នក​នាំពាក្យ​ក្រុមហ៊ុន BHP បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​មិន​អាច​អធិប្បាយ​ហួស​ពី​សេចក្តី​ថ្លែងការណ៍​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​បាន​ទេ។

ដោយ​មាន​ការ​ពាក់ព័ន្ធ​របស់​គណៈ​​​កម្មការ​​​​​​មូលបត្រ​និង​ក្រសួង​យុត្តិធម៌​អាមេរិក​នោះ ក្រុមហ៊ុន​អាជីវ​កម្ម​រ៉ែ​អូស្ត្រាលី អាចជំពាក់​ប្រាក់​អង្គភាព​ទាំង​ពីរ​នោះ។

លោក ហ្គារេត ប្រែនដុន សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​សាលា​ច្បាប់​វើជីនៀ ដែល​បាន​​ស្រាវជ្រាវ​បទល្មើស​តាម​ការិយាល័យ​សាជីវកម្ម បាន​និយាយ​ថា ការ​បង់​ប្រាក់​ណាមួយ​ជូន​គណៈ​​​កម្មការ​​​​​​មូលបត្រ​នឹង​ជា​ពិន័យ​រដ្ឋប្បវេណី ព្រោះតែ​ការ​មិន​កត់ត្រា​សំណូក ឬ​រក្សា​គណនេយ្យ​ឲ្យ​បាន​​ត្រឹមត្រូវ។

លោក ប្រែនដុន បាន​និយាយ​ថា ករណី​ក្រសួង​យុត្តិធម៌​ដោះស្រាយ​សំណូក​ខ្លួន​ឯង និង​តាម​ធម្មតា​បញ្ចប់​ទៅវិញ​ដោយ​ក្រុមហ៊ុន​សារភាព​ចំពោះ​ការ​បំពាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក្រៅ​ប្រទេស។ ករណី​មួយ​ក៏​អាច​បញ្ចប់​ទៅ​ដែរ​ដោយ​មាន​ការ​កាត់​ឲ្យ​ជាប់​ទោស ឬ​ ដោយ​មាន​ដំណោះស្រាយ។

លោក​បាន​និយាយ​ថា “មិន​ថា​នៅទី​បំផុត​កិច្ច​ព្រមព្រៀង​នោះ​មាន​រូបភាព​បែបណា​នោះ​ទេ តែ​តាម​ធម្មតា​ពួកគេ​ពាក់ព័ន្ធ​នឹង​ប្រាក់​ពិន័យ ដែល​ជាប់​ទាក់ទិន​យ៉ាង​ហោច​ណាស់​នឹង​ចំនួន​ប្រាក់​សំណូក និង​ផល​ប្រយោជន៍​ណាមួយ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​ការ​បង់​ប្រាក់​ទាំង​នោះ”

“ទោះជាយ៉ាងនេះ​ក្តី ប្រាក់​ពិន័យ​ទាំង​នោះអាច​ត្រូវ​កាត់​បន្ថយ​បាន​បន្តិច ប្រសិនបើ​ ក្រុមហុ៊នធ្វើ​សហប្រតិបត្តិការ​ពេញលេញ​ក្នុង​ការ​ស៊ើប​អង្កេត​បទល្មើស និង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អនុវត្ត​របស់​ខ្លួន​ប្រសើរ​ឡើង ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ណាមួយ​នា​ពេល​អនាគត។ ក្នុង​ករណី​មួយ​ចំនួន ការ​កាត់​បន្ថយ​ប្រាក់​ពិន័យ​គឺ​ភ្លាមៗ​តែ​ម្តង”។

ប្រសិនបើ​ពេលណា​ក្រុមហ៊ុន BHP ព្រមព្រៀង​ជាមួយ​អាមេរិក សាធារណជន​ក៏​អាច​​ស្វែង​រក​ថែម​ទៀត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ រវាង​ក្រុមហ៊ុន​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ដែរ។

លោក ប្រែនដុន បាន​និយាយ​ថា រដ្ឋអាជ្ញា​ផ្តោត​លើ​បុគ្គល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ករណី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រៅ​ប្រទេស។ លោក​បាន​និយាយ​ថា ប៉ុន្តែ ក្នុង​ការ​ស្រាវជ្រាវ​គណនេយ្យ​​ថ្មី​របស់​លោក ឈ្មោះ​ថា ” ធំៗ​ពេក​មិន​អាច​ចាប់​ដាក់​គុក​បាន​ទេ Too Big To Jail”​ លោក​បាន​រកឃើញ​ថា តែ​ប្រហែល​មួយ​ភាគ​បី​នៃ​កិច្ចព្រមព្រៀង​ដែល​គ្មាន​ការ​ផ្តន្ទាទោស មាន​ជាប់​ឈ្មោះ​បុគ្គលិក​ទាំង​នោះ។

លោក​បាន​និយាយ​ថា “ការ​ប្រឈម​មួយ​ក្នុង​ករណី [ច្បាប់ប្រឆាំង​អំពើ​ពុករលួយ​ក្រៅ​ប្រទេស] គឺ​ថា និយោជិត​បរទេស​អាច​តម្រូវ​ឲ្យ​ធ្វើ​បត្យាប័ន ហើយ​វា​មិន​ងាយ​ស្រួល​ទេ​សម្រាប់​រដ្ឋ​អាជ្ញា​ក្នុង​ការ​ស៊ើប​អង្កេត​ការ​ប្រព្រឹត្ត​នៅ​ក្រៅ​ប្រទេស ហេតុ​នេះ​ហើយ​ពួកគេ​ដាក់​បន្ទុក​បែប​នេះ​លើ​សហប្រតិបត្តិការ​របស់​ក្រុមហ៊ុន”។

មិន​ដឹង​ថា​ការ​ចរចា​របស់​ក្រមហ៊ុន BHP ជាមួយ​អាមេរិក​អាច​ប្រើ​រយៈ​ពេល​ប៉ុន្មាន​ទេ។​របាយការណ៍​ឥត​ប្រភព​មួយ​ក្នុង​កាសែត​ស៊ីដនី ម័រនីង ហឺរ៉ាល់ កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា ដំណោះស្រាយ​មួយ​ក្នុង​ករណី​នេះ​ជាមួយ​គណៈ​​​កម្មការ​​​​​​មូលបត្រ​​និង​ក្រសួង​យុត្តិធម៌​អាមេរិក “ត្រូវ​គេ​យល់​ថា​ខិត​ជិតគ្នា​ហើយ”។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​សភា​ជាតិ​កាលពី​ឆ្នាំ​២០០៧​ថា ក្រុមហ៊ុន BHP បាន​យល់​ព្រម​បង់​ប្រាក់២,៥​លាន​ដុល្លារ​ជា “លុយ​ទឹក​តែ” សម្រាប់​កិច្ច​ព្រមព្រៀង​រ៉ែ​បុកស៊ីត។ ព័ត៌មាន​នៃ​ការ​ស៊ើប​អង្កេត​កិច្ចព្រមព្រៀង​នេះ​បាន​លេច​ឮ​ដំបូង​នៅ​ឆ្នាំ​២០១០។

រដ្ឋាភិបាល​បាន​ការពារ​ការ​បង់ប្រាក់​នេះ​ ដោយ​អះអាង​ថា ប្រាក់​នេះ​បាន​ជា​ប្រយោជន៍​ផ្ទាល់​ចូល​”មូលនិធិ​សង្គម” ដែល​គណនី​របស់​មូល​និធិ​នេះ​មិន​ដែល​ត្រូវ​គេ​ដឹង​ឮ​ជា​សាធារណៈ​ពេញលេញ​ម្តង​ណាឡើយ។

អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ក៏​បាន​ចូល​អន្តរាគមន៍​ដែរ ដោយ​បាន​បញ្ជាក់​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​លោក ហ៊ុន សែន ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​បែប​នេះ និង​បាន​បន្ថែម​ថា ប្រាក់​ត្រឹមតែ​១,៣៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ត្រូវ​បាន​បង់ ព្រោះតែ​គម្រោង​នេះ​បាន​អាក់​ខាន​ទៅ​វិញ។

លោក ពេជ្រ ពិសី នាយក​គម្រោង​និង​ជា​អ្នក​នាំពាក្យ​អង្គការ​តម្លាភាព​កម្ពុជា បាន​និយាយ​កាលពី​ម្សិលមិញ​ថា នៅ​មិន​ទាន់​មាន​គណនេយ្យ​របស់​មូលនិធិ​សង្គម​ដែល​គេ​អះអាង ថា​ទទួល​បាន​ប្រយោជន៍​ពី”លុយ​ទឹកតែ”​របស់​ក្រុមហ៊ុន BHP ក្នុង​ថវិកា​របស់​រដ្ឋាភិបាល​ទេ។ លោក​បាន​និយាយ​ថា ហើយ​ក្រសួង​ហិរញ្ញវត្ថុ​មិន​ទាន់​បាន​ពន្យល់​ប្រាប់​ប្រភព​ប្រាក់​ចំណូល​របស់​កម្ពុជា ក្រៅតែ​ពី​បញ្ចេញ​ចំនួន​ប្រាក់​សរុប​ប្រចាំ​ឆ្នាំ​តែ​ប៉ុណ្ណោះ។

លោក ពិសី បាន​និយាយ​ថា “ក្នុង​ផ្នែក​នេះ មិន​មាន​ការ​ប្រសើរ​ឡើង ​ខាង​តម្លាភាព​ទេ។ ភាគី​នានា​ដែល​ពាក់ព័ន្ធ​នៅ​តែ​ការពារ​យ៉ាង​ដិតដល់​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើនៅ​ឡើយ”។

លោក ពិសី បាន​និយាយ​ថា អង្គការ​តម្លាភាព​និង​អង្គការ​នានា​ផ្សេងទៀត​កំពុង​ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​​ស្ថាប័ន គំនិត​ផ្តួចផ្តើម​តម្លាភាព​នៃ​ឧស្សាហកម្ម​និស្សារណកម្ម ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​នានា​ប្រកាស​នូវ​អ្វី​ដែល​ពួកគេ​រក​បាន​ពី​ប្រភព​និស្សារណកម្ម និង​របៀប​របប​ដែល​ពួកគេ​ចំណាយ​ប្រាក់​ទាំង​នេះ។

លោក​បាន​និយាយ​ថា “ពួកគេ [មន្ត្រី] បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​ធ្វើការ​ឆ្ពោះ​ទៅរក​រឿង​នោះ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​បាន​ឃើញ​ជំហាន​ច្បាស់លាស់​ណាមួយនៅ​ឡើយ​ទេ”។

មន្ត្រី​នៅ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បដិសេធ​មិន​អធិប្បាយ​ទេ​កាលពី​ម្សិលមិញ។ រីឯ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វិញ​មិន​អាច​ទាក់ទង​បាន​ទេ៕ មានិត​(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស