មេធាវីការពារលោក នួន ជា និងលោក ខៀវ សំផន ចុងចោទនៅសាលាក្ដីខ្មែរក្រហមកាលពីម្សិលមិញបានច្រានចោលសំណើរបស់ព្រះរាជអាជ្ញាឲ្យតុលាការចាត់តាំងមេធាវីថ្មីសម្រាប់កូនក្ដីរបស់ខ្លួន ។
ក្រុមមេធាវីការពារក្ដីទាំងពីរក្រុមបានដើរចេញពីសវនាការថ្ងៃដំបូងនៅក្នុងការបើកសវនាការដំណាក់កាលទី២កាលពីដើមខែនេះតាមការណែនាំរបស់កូនក្ដីខ្លួន។
លោក នួន ជា លើកឡើងថា ចៅក្រមបួនរូបនៅអង្គជំនុំជម្រះសាលាដំបូងដែលបានផ្ដន្ទាទោសលោកអំឡុងដំណាក់កាលទី១គឺមានភាពលម្អៀង ហើយលោកចង់ឲ្យរកអ្នកមកជំនួសពួកគេ។ លោក ខៀវ សំផន លើកឡើងថា មេធាវីរបស់លោករវល់រៀបចំប្តឹងទាស់ពីការផ្ដន្ទាទោសរបស់លោកនៅក្នុងដំណាក់កាលទី១ មិនអាចមកការពាររូបលោកនៅក្នុងដំណាក់កាលទី២ដំណាលគ្នាបានឡើយ។
អំឡុងកិច្ចប្រជុំរៀបចំសវនាការបិទទ្វារមួយកាលពីម្សិលមិញ លើកទី២ចាប់តាំងពីមានការដើរចេញមក តុលាការបានពិភាក្សាសំណើរបស់ព្រះរាជអាជ្ញាឲ្យអង្គជំនុំជម្រះសាលាដំបូងចាត់តាំងមេធាវីថ្មីម្នាក់សម្រាប់ចុងចោទនីមួយៗឲ្យធ្វើជា “អ្នកតំណាង” ដើម្បីតំណាងឲ្យពួកគាត់រហូតដល់ក្រុមមេធាវីការពាររបស់ពួកគាត់ដែលមានស្រាប់នោះមកចូលរួមសវនាការឡើងវិញ។
ព្រះរាជអាជ្ញាបានលើកឡើងពីករណីរបស់ពួកគេនៅក្នុងលិខិតមួយផ្ញើជូនអង្គជំនុំជម្រះ សាលាដំបូងចុះថ្ងៃទី២២ ខែតុលា។ ការតែងតាំងមេធាវីតំណាងនេះ គឺជាវិធានការបណ្ដោះអាសន្ន ដែលអាចឲ្យសវនាការប្រព្រឹត្តទៅដោយគ្មានការរអាក់រអួល ហេតុនេះហើយវាជាការសំខាន់ណាស់ ដែលមេធាវីដូចនេះត្រូវបានតែងតាំងភ្លាមៗនោះ”។
ព្រះរាជអាជ្ញាបានស្នើឲ្យចៅក្រមចាត់តាំង និងរក្សាទុកមេធាវីថ្មីនេះរហូតដល់ពេលដែលមេធាវីការពារចុងចោទត្រឡប់មកចូលរួមនៅក្នុងនីតិវិធី ឬលុះណាតែមេធាវីនោះត្រូវបានរារាំងមិនឲ្យតំណាងចុងចោទ ដោយសារការបន្តប្រព្រឹត្តកំហុសវិជ្ជាជីវៈ”។
ចុងចោទទាំងពីររូបបានច្រានចោលគំនិតនេះ។ បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ ក្រុមមេធាវីលោក នួន ជា បានចេញលិខិតសរសេរដោយដៃរបស់កូនក្តីខ្លួនផ្ញើជូនតុលាការកាលពីថ្ងៃច័ន្ទ ជាមួយនឹងការបកប្រែជាភាសាអង់គ្លេស។
លោក នួន ជា បានសរសេរថា ” វាជាជំហរដាច់ណាត់របស់ខ្ញុំ គឺខ្ញុំនឹងមិនទទួលយកមេធាវីថ្មីឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ”។ លោកបានបន្ថែមថា លោកនៅតែមានជំនឿលើក្រុមមេធាវីបច្ចុប្បន្នរបស់លោកដដែល។ ប្រសិនបើតុលាការសម្រេចចាត់តាំងមេធាវីថ្មី ខ្ញុំនឹងមិនទទួលយកពួកគេ ហើយខ្ញុំមិនឡើងតុលាការឡើយ។ មានតែការប្រើកម្លាំងទេទើបអាចឲ្យខ្ញុំចូលរួមនៅក្នុងសវនាការបាន”។
លោក គង់ សំអុន មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់លោក ខៀវ សំផន បានមានប្រសាសន៍កាលពីម្សិលមិញថា លោក និងក្រុមរបស់លោកក៏បានច្រានចោលសំណើរបស់ព្រះរាជអាជ្ញាដែរ”។
លោកបានមានប្រសាសន៍ថា ” យើងគិតថា វាមិនចាំបាច់ឡើយ ហើយយើងគិតថា វាផ្ទុយនឹងក្រមសីលធម៌របស់មេធាវី។ លោក ខៀវ សំផន មានមេធាវីរួចហើយ…ហើយតុលាការមិនអាចបង្ខំឲ្យលោកយកមេធាវីថ្មីឡើយ”។
លោក គង់ សំអុន បានមានប្រសាសន៍ថា កាលពីម្សិលមិញចៅក្រមមិនទាន់សម្រេចថា តើត្រូវចាត់តាំងមេធាវីថ្មីតាមការស្នើសុំឬយ៉ាងណានោះឡើយ។ ក្រុមមេធាវីការពារក្តីទាំងពីរក្រុមក៏បានលើកឡើងផងដែរថា កូនក្ដីរបស់ខ្លួននៅតែណែនាំពួកគាត់កុំឲ្យចូលរួមសវនាការសំខាន់ណាមួយពាក់ព័ន្ធករណីនេះដដែល៕ សារុន