31 C
Phnom Penh

ព្រះ​​​បរម​​​រាជ​​​វាំង​​​ប្រែ​​​ប្រួលរយៈពេល១០​​​ឆ្នាំ​​​​​​នៃការឡើ​​ង​​​គ្រង​​​រាជ​​​្យសម្បត្តិរបស់​​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម​​​ សីហមុនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​​ឡើង​​​គ្រង​​​រាជ​​​សម្បត្តិ​​​កាល​​​ពី​​​​​​១០​​​ឆ្នាំ​​​មុន​​​​​​នៅ​​​ក្នុង​​​ព្រះរាជ​​​ពិធី​​​មួយ​​​ក្នុង​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ដែលពោរ​​​ពេញ​​​​​​ទៅ​​​ដោយ​​​​​​សំឡេង​​​រនាត និង​​ស្គរ​​អឺង​​​​​​កង។SS

​​​ពេល​​​ទ្រង់ឡើង​​​គ្រង​​​រាជ​​​​​​សម្បត្តិ​​​បន្ត​​​ពី​​​ព្រះបិតា​​​ព្រះ​​​បាទ​​​ នរោត្តម សីហនុ ដែល​​​​​​ជា​​​​​​និមិត្ត​​​រូប​​​របស់​​​ប្រទេស​​​​​​ចាប់​​​តាំង​​​ពី​​​ព្រះ​​​អង្គ​​​ឡើង​​​គ្រង​​​រាជ​​​​​​សម្បត្តិ​​​ដំបូង​​​​​​ក្នុង​​​ឆ្នាំ​​​១៩៤១​​​មក​​​នោះ ព្រះ​​​មហាក្សត្រ​​​ថ្មីបាន​​​សន្យា​​​បំពេញ​​​ព្រះរាជ​​​កិច្ច​​​ជា​​​ប្រមុខ​​​រដ្ឋ​​​ដើម្បី​​​បម្រើ​​​ប្រទេស​​​ជាតិ​​​។

ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​​មាន​​​ព្រះ​​​រាជ​​​បន្ទូល​​​ថា “ថ្ងៃ​​​នេះ​​​ ខ្ញុំ​​​មាន​​​កិត្តិយស​​​ដ៏​​​ធំធេង ដែល​​​បាន​​​បន្ត​​​គ្រង​​​រាជ​​​សម្បត្តិ​​​​​​​​​របស់​​​កម្ពុជា​​​។ ចាប់​​​ពី​​​ថ្ងៃ​​​ដ៏​​​សប្បាយ​​​រីក​​​រាយ​​​ និង​​​ដ៏​​​ឱឡារិក​​​នេះ​​​ទៅ ខ្ញុំ​​​នឹង​​​បូជា​​​កម្លាំង​​​កាយ​​​ចិត្ត​​​ដើម្បី​​​បម្រើ​​​ប្រជា​​​រាស្ត្រ និង​​​ប្រទេស​​​ជាតិ​​​”។

​​​មួយ​​​ទសវត្សរ៍​​​បន្ទាប់​​​ពី​​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោត្តម សីហនុ ដ៏​​​ក្លៀវក្លា​​​បាន​​​ស្តារ​រាជា​​​និយម​​​​​​​​​​​​​​​​​​​​​ឡើង​​​វិញ វា​​​ជា​​​ការ​​​ចាប់​​​ផ្តើម​​​នៃ​​​រជ្ជ​​​​​​កាល​​​មួយដែល​​​ខុស​​​គ្នា​​​ស្រឡះ។

លោក ឡៅ ម៉ុងហៃ អ្ន​​​ក​​​វិភាគ​​​នយោបាយ​​​បាន​​​មាន​​​ប្រសាសន​​​៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “រាជា​​​និយម​​​ពេល​​​នេះ​​​គ្រាន់​​​តែ​​​ជា​​​និមិត្ត​​​រូប​​​ប៉ុណ្ណោះ​​​​​​​​​ វា​​​គ្មាន​​​អំណាច​​​ដូច​​​មុន​​​ទេ​​​។វា​​​គ្រាន់តែ​​​មាន​​​​​នាមៗដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​របប​​​នេះ​​​ស្រប​​​ច្បាប់​​​​​​ប៉ុណ្ណោះ​​​។ ដំបូង​​​ខ្ញុំ​​​គិត​​​ថា ‘ទុក​​​ពេល​​​ឲ្យ​​​ព្រះ​​​អង្គ​​​ប្រាំ​​​ឆ្នាំ​​​ក្ដាប់​​​អំណាច​​​រាជវង្សសិន​​​’ ប៉ុន្តែ ចាប់​​​តាំង​​​ពីពេល​​​នោះ​​​មក​​​ ភាគ​​​ច្រើន​​​គឺ​​​ព្រះ​​​អង្គ​​​មិន​​​អាច​​​​​​ការ​​​ពារ​​​ព្រះ​​​កាយ​​​ពី​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​របស់​​​យើង​​​បាន​​​ឡើយ។ វា​​​ជា​​​រឿង​​​គួរ​​​ឲ្យ​​​ខក​​​ចិត្ត​​​”។

​​​បើ​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​​​គ្នា គឺបិតា​​​របស់​​​ព្រះ​​​អង្គ​​​បាន​​​ដឹក​​​នាំ​​​ប្រទេស​​​ដោយ​​​កណ្តាប់​​​​​ដៃ​​​ដែក​​​នៅ​​​មុន​​​ឆ្នាំ​​​១៩៧០​​​ ហើយ​​​បាន​​​ដឹក​​​នាំ​​​ចលនា​​​តស៊ូ​​​ប្រដាប់​​​អាវុធ​​​ប្រឆាំង​​​លោក  ហ៊ុន សែន នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ ​​​ចំណែក​​​ឯព្រះ​​​មហាក្សត្រ នរោត្តម សីហមុនី បាន​​​ឡើង​​​គ្រង​​​រាជ​​​សម្បត្តិ​​​ក្នុង​​​ឆ្នាំ​​​២០០៤​​​ បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​ស្ទើរ​​​តែ​​​ពេញ​​​មួយ​​​ព្រះជន្ម​​​គង់​​​នៅ​​​ក្នុង​​​រដ្ឋធានី​​​ប្រាក (សាធារណរដ្ឋឆែក) និង​​​ក្រុង​​​បា៉រីស ហើយ​​​ខិត​​​ខំ​​​យ៉ាង​​​ខ្លាំង​​​​​ក្នុង​​​​​​​​ការ​​​ងារ​​​សិល្បៈ​​​របាំ។

ចាប់​​​តាំង​​​ពី​​​ឡើង​​​គ្រង​​​រាជ​​​សម្បត្តិ​​​មក ​​​ព្រះ​​​មហាក្សត្រ​​​វ័យ​​​ក្មេង​​​ដែល​​​មិន​​​សូវ​​​មាន​​​បន្ទូល​​​ជា​​​សាធារណៈ​​​​​​ បាន​​​បំពេញ​​​ព្រះរាជ​​​កិច្ច​​​ដោយ​​​គ្មាន​​​ទំនុក​​​ព្រះ​​​ទ័យ​​​ដូច​​​បិតា​​​របស់​​​ព្រះ​​​អង្គ​​​ ដែល​​​ធ្លាប់​​​ប្រើ​​​ប្រាស់​​​អំណាច​​​ផ្ទាល់់​​​ព្រះ​​​កាយ​​​ព្រះ​​​អង្គ​​​ដើម្បី​​​រិះ​​​គន់​​​លោក ហ៊ុន សែន និង​​​មេដឹកនាំ​​​រដ្ឋាភិបាល​​​ផ្សេង​​​ៗ​​​ទៀត​​​ដោយ​​​បើក​​​ចំហ​​​​​​។cam photo king inside

ព្រះមហាក្សត្រ​​​ នរោត្តម សីហនុ ថែមទាំង​​​ធ្លាប់​​​បដិសេធ​​​មិន​​​​​យាង​​​ចូល​​​ធ្វើ​​​ជា​​​ព្រះរាជ​​​អធិបតី​​ក្នុង​​​ពិធី​​​បើក​​​​ដំ​​​ណើរ​​​ការ​​​​​​រដ្ឋ​​​សភា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៣​​​ទៀត​​​ផង​​​ រហូតដល់​​​គណបក្ស​​​នយោបាយ​​​ទាំង​​​បី​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោតមាន​​​វិវាទ​​​នៅ​​​ឆ្នាំ​​​នោះ គឺជា​​​ការ​​​សម្រេច​​​មួយ​​​ដែល​​​ផ្ទុយ​​​គ្នា​​​ស្រឡះ​​​ពី​​​ព្រះ​​​មហាក្សត្រ នរោត្តម សីហមុនី​​​ ដែល​​​បាន​​​កោះ​​​ប្រជុំ​​​សភា​​​ឯក​​​បក្ស​​​ដែល​​​មាន​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ក្នុងពេល​​​ដែល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​អះអាង​​​​​​ថាមាន​​​ការ​​​លួច​​​បន្លំ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ពេល​​​នេះ ​​​ព្រះ​​​មហាក្សត្រ​​​ជា​​​ទី​​​ស្រឡាញ់​​​របស់​​​ខ្ញុំ​​​ គឺ​​​ជា​​​ព្រះ​​​មហាក្សត្រ​​​ដែល​​​ស្ថិត​​​​ក្រោម​​​រដ្ឋធម្មនុញ្ញ ហើយ​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​ចែងអំ​​​ពី​​​អ្វី​​​ដែល​​​ព្រះ​​​មហាក្សត្រ​​​គួរ​​​ធ្វើ និង​​​មិន​​​គួរ​​​ធ្វើ។​ ​​​ព្រះ​​​អង្គ​​​គឺ​​​ជា​​​ព្រះមុខ​​​រដ្ឋ​​​ ហើយ​​​មិន​​​ចេះ​​​តែ​​​ធ្វើ​​​អ្វី​​​តាម​​​គេ​​​និយាយ​​​​​ទេ​​​។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​មិន​​​សូវ​​​​​​ឃើញ​​​ព្រះ​​​អង្គ​​​ពាក់​​​ព័ន្ធ​​​ច្រើន​​​ក្នុង​​​រឿង​​​នយោបាយ​​​។ ព្រះ​​​អង្គ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ឯកភាព និង​​​សន្តិភាព នោះ​​​ជា​​​អ្វី​​​ដែល​​​ប្រមុខ​​​រដ្ឋ​​​នៃឯកភាព និង​​​សន្តិភាព​​​ធ្វើ។ ព្រះ​​​អង្គ​​​គោរព​​​រដ្ឋធម្មនុញ្ញ”។

សែ​​​រាជ​​​វង្ស​​​មួយ​​​ចំនួន​​​ក៏​​​បាន​​​យល់​​​ស្រប​​​តាម​​​ទស្សនៈ​​​នេះ​​​ដែរ ក្នុង​​​នោះ​​​រួម​​​ទាំង​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ ស៊ីសុវត្ថិ​​​ សិរីរ័ត្ន ផង​​​ដែល​​​មាន​​​ព្រះ​​​បន្ទូល​​​ថា កាល​​​ដែល​​​ព្រះមហាក្សត្រ នរោត្តម ​​​សីហមុនី ​​​មិន​​​ធ្វើ​​​រឿង​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ពាក់​​​ព័ន្ធ​​​បញ្ហានយោបាយ​​​ ដូច​​​ជា​​​យុទ្ធ​​​សាស្ត្រ​​​ភៀស​​​ព្រះកាយ​​​​​​របស់​​​ព្រះមហាក្សត្រ នរោត្តម សីហនុ ទៅ​​​ទីក្រុង​​​ប៉េកាំង​​​ អំឡុង​​​ពេល​​​មាន​​​វិវាទ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៣​​​​​​ជា​​​ដើម បាន​​​ដករាជានិយម​​​ចេញ​​​ពី​​​នយោបាយ​​​។

ព្រះ​​​អង្គ​​​ម្ចាស់​​​បាន​​​មាន​​​ព្រះបន្ទូល​​​ទៀត​​​ថា “ខាង​​​ផ្នែក​​​នយោបាយ​​​ មាន​​​បញ្ហា​​​ខុសៗ​​​គ្នា​​​ ប៉ុន្តែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​​សមាជិក​​​រាជ​​​វង្ស​​​ដូច​​​ជា​​​ខ្ញុំ​​​ជា​​​ដើម​​​ដឹងថា​ ព្រះ​​​មហា​​​ក្សត្រ នរោត្តម
សីហមុនី បាន​​​បំពេញ​​​ព្រះ​​​រាជ​​​កិច្ច​​កិច្ច​​​​​​​​​បាន​​​យ៉ាង​​​ល្អ​​​ពាក់​​​ព័ន្ធ​​​​​​ការ​​​រក្សា​​​សន្តិភាព និង​​​ស្ថិរភាព​​​។ ព្រះ​​​មហាក្សត្រ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ឯកភាព និង​​​ស្ថិរភាព​​​ក្នុង​​​ចំណោម​​​ប្រជា​​​រាស្ត្រ​​​ខ្មែរ​​​ប្រកប​​​ដោយ​​​ព្រះ​​​បញ្ញា​​​ញាណ”​​​​​​។

នេះ​​​បើ​​​យោង​​​តាម​​​លោក​​​ស្រី​​​អាស្ទ្រីត ណូរ៉េន នីលសុន (Astrid Noren-Nilsson) ជា​​​សាស្ត្រាចារ្យ​​​ជ​​​ន​​​ជាតិ​​​ស៊ុយ​​​អែត មួយ​​​រូប​​​ដែល​​​បាន​​​សិក្សា​​​ពីរាជា​​​និយម​​​នៅ​​​​​​កម្ពុជា​​​ឲ្យដឹងថា​ កិច្ច​​​ប្រឹង​​​ប្រែង​​ដើម្បី​​​ការ​​​ពារ​​​រាជានិយម​​​តាម​​​រយៈ​​​ការ​​​រួម​​​រស់​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ជា​​​របប​​​មួយ​​​ដែល​​​មាន​​​ឫស​​​គល់​​​ពីសាធារណរដ្ឋ​​​សង្គមនិយម​​​ និង​​​ប្រវត្តិ​​​របប​​​នេះ​​​ដែល​​​ធ្លាប់​​​ប្រឆាំង​​​រាជវង្សានុវង្ស​​​ គឺទទួល​​​បាន​​​ជោគ​​​ជ័យ​​​ហើយ​​​​​​ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុ​​​​​​ម៉េល​​​មួយ​​​ថា “ជំហរ​​​គោរព​​​​​​​​រដ្ឋធម្មនុញ្ញ​​​ដ៏​​​តឹង​​​រឹុង​​​របស់​​​ព្រះ​​​មហាក្សត្រ នរោត្តម សីហមុនី​​​ តាម​​​រយៈ​​​ការ​​​មិន​​​បង្ក​​​​​ឧបសគ្គ​​​ដល់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​ធានា​​​ឲ្យ​​​រាជា​​​និយម​​រស់​​​រាន​​​”។ លោកស្រី​​​បាន​​​គូស​​​បញ្ជាក់​​​ថា ការស្ដែង​​​ចេញ​​​​​​​​​នូវ​​​​​​អារម្មណ៍​​​ទុក្ខ​​​​​សោក​​​ដ៏ក្រៀម​​​ក្រំ​​​របស់​​​ប្រជា​​​រាស្ត្រ​​​​​​ខ្មែរ​​​ ក្រោយ​​​ពី​​​ព្រះ​​​មហាក្សត្រ នរោត្តម សីហនុ ​​​បាន​​​ចូល​​​ទិវង្គតនៅ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ ក៏​​​បាន​​​ជួយ​​​ពង្រឹង​​​រាជា​​​និយម​​​​​​​​មួយ​​​ចំណែក​​​ដែរ​​​។

លោកស្រីសាស្រ្តាចារ្យបាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “កាល​​​ពី​​​មុន​​​​​​ គណបក្ស​​​​​​ប្រ​​​ជា​​​ជន​​​កម្ពុជា ធ្លាប់​​​បាន​​​ព្រលយ​​​ពាក្យ​ម្តង​​​ម្កាល​​​ថា រាជា​​​និយម​​​អាច​​​នឹង​​​ត្រូវ​​​លុប​​​បំបាត់​​​ចោល ​​​ហើយ​​​ត្រូវ​​​តែ​​​យក​ការលើក​​​ឡើង​​​បែប​​​នេះ​​​មក​​​ពិចារណា​​​ឲ្យ​​​បាន​​ល្អិត​​​ល្អន់​​​។ ថ្ងៃ​​​​​​នេះ​​​ សេនា​​​រិយោ​​​បែប​​​នោះ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទៀត​​​ឡើយ រាជា​​​និយម​​​នឹង​​​​​​នៅ​​​តែ​​​​​​​​​​​​​ស្ថិត​​​ស្ថេរ​​​​​នា​​​​​​ពេល​​​អនាគត។ អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​គឺ​​​ថា រាជា​​​និយម​​​ខ្លួន​​​ឯង​​​ហាក់​​​ដូច​​​​​​ជា​​​មិន​​​ទទួល​​​ស្គាល់​​​តួនាទី​​​នៃ​​​​​កម្លាំង​​​ថ្មី​​​នេះ​​​”។

នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាង​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​​​​មាន​​​ការ​​​ត្រៀម​​​​​​រៀប​​​ចំ​​​សម្រាប់​​​​​​​​​​ព្រះ​​​រាជ​​​​​​​​​​ពិធី​​​​​មួយ​​​នៅ​​​ព្រឹក​​​នេះ នោះ​​​គឺ​​​ខួប​​​១០​​​ឆ្នាំ​​​ដែល​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​​ឡើង​​​គ្រង​​​រាជ​​​សម្បត្តិ​​​ជា​​​ប្រមុខ​​​រដ្ឋ​​​ ដោយ​​​មាន​​​មនុស្ស​​​ប្រហែល​​​៥០០​​​នាក់​​​ចេញ​​​មក​​​រាប់​​​បាត​​​ព្រះ​​​សង្ឃ។

លោកយាយ កែវ សារឿន អាយុ​​​៧០​​​ឆ្នាំ​​​ដែល​​​បាន​​​មើល​​​ព្រះ​​​សង្ឃ​​​ប្រមាណ​​​១.០០០​​​អង្គ​​​សូត្រ​​​ធម៌​​​ប្រោះ​​​ព្រំ​​​អំឡុង​​​ពិធី​​​នេះ​​​ ​​​និយាយ​​​ថា “ខ្ញុំ​​​ធ្លាប់​​​​​​រស់​​​នៅ​​​ក្រោម​​​ការ​​​ដឹក​​​នាំរបស់​​​សម្តេច​​​ឪ​​​ នរោត្តម សីហនុ ហើយ​​​ខ្ញុំ​​​សប្បាយ​​​ក្នុង​​​ចិត្ត​​​​​​ណាស់​​​។ ព្រះ​​​អង្គ​​​បាន​​​យាង​​​ទៅ​​​ខេត្ត​​​រតនគិរី ហើយ​​​ព្រះ​​​អង្គ​​​​​​បាន​​​នាំ​​​យក​​​អង្ករ​​​ចែក​​​ពួក​​​យើង​​​ ព្រះអង្គ​​​បាន​​​ចែក​​​ស្បៀង​​​ដល់​​​ប្រជា​​​រាស្ត្រ ហើយ​​​ប្រជា​​​រាស្ត្រ​​​គ្រប់​​​រូប​​​សុទ្ធ​​​តែ​​​​​​ស្រឡាញ់​​​ព្រះអង្គ។ ខ្ញុំ​​​សូម​​​បួង​​​សួង​​​​​​ឲ្យ​​​រាជ​​​វង្សានុវង្ស​​​​​​ស្ថិត​​​នៅ​​​ជាមួយ​​​ប្រជា​​​រាស្ត្រ​​​ខ្មែរ​​​ជា​​​រៀង​​​រហូត​​​”។

សម្រាប់​​​លោក​​​ ចន ហ្ស៊ីអ័រស៊ីអារី (John Ciorciari) ជា​​​អ្នក​​​ជំនាញ​​​ខាង​​​កម្ពុជា​​​ នៅ​​​សាកល​​​វិទ្យា​​​ល័យ​​​មីឈីហ្គែន (University of Michigan) យល់​​​ឃើញ​​​ថា ​​​ប្រសិន​​​បើ​​​ចង់​​​​​​​​បន្ត​​​រាជា​​​និយម​​​​​​របស់​​​កម្ពុជា ឲ្យ​​​ស្ថិត​​​ស្ថិរ​​​ ចាំ​​​បាច់​​​ត្រូវ​​​យក​​​គំរូ​​​តាម​​​សម្តេច​​​ឪ ប៉ុន្តែ​​​១០​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​បុត្រ​​​របស់ព្រះអង្គ​​​ឡើង​​​គ្រង​​​រាជ​​​សម្បត្ត​​ិ​​​បានបង្ហាញ​​​​​​​​​តួនាទីទន់ខ្សោយ​​​​​​របស់​​​ស្ថាប័ន​​​​​​រាជា​​​និយមស្ថិត​​​​​នៅ​​​ក្នុង​​​​​​ឆាក​​​នយោ​​​បាយ​​​។

លោក​​​បាន​​​លើកឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “បុគ្គលិក​​​លក្ខណៈ​​​គួរ​​​ឲ្យ​​​សរសើរ​​​របស់​​​ព្រះ​​​មហាក្សត្រ សីហនុ បាន​​​ធ្វើ​​​ឲ្យ​​​​​​តួនាទី​​​របស់​​​រាជានិយម​​​ក្លាយ​​​ជា​​​​​​កត្តា​​​ដ៏​​​សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​នយោបាយ​​​របស់​​​​​​កម្ពុជា ប៉ុន្តែតួនាទី​​​នោះ​​​ត្រូវ​​​បាន​​​កាត់​​​បន្ថយ​​​ទៅជាតួនាទី​លក្ខណៈ​​ពិធី​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៤​​​មក​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “នេះ​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​រឹត​​​បន្តឹង​​​​ខាង​​​នយោបាយ ដែល​​​ព្រះ​​​មហាក្សត្រ​​​បច្ចុប្បន្ន​​​ប្រឈម​​​នៅ​​​ក្នុង​​​ឆាកយោបាយ​​​​ដែល​​​គ្រប់​​​គ្រង​​​លើស​​​លប់ដោយ​​​​​​នាយក​​​​​​រដ្ឋមន្ត្រី​​​ និង​​​គណបក្ស​​​របស់​​​លោក ។ វា​​​ក៏​​​ទំនង​​​ជា​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​​​ភាព​​​ស្រគត់ស្រគំ​​ខាង​​​​​​នយោបាយ​​​ដែល​​​មិន​​​សូវ​​​មានទំនុក​​​ព្រះទ័យ​​​​​​របស់​​​ព្រះ​​​អង្គ​​​​​​ផង​​​ដែរ​​​។ ដោយ​​​​​មាន​​​ការទប់​​​ស្កាត់​​​ការ​​​ឡើង​​​គ្រង​​​រាជ​​​សម្បត្តិ​​​​​​ជា​​​មួយ​​​នឹង​​​កាដូ​​​នយោបាយ​​​​​​ពិសេស​​​ និង​​​និន្នាការ​​​ មាន​​​ហេតុផល​​​តិច​​​តួចណាស់​​​ដែល​​​រំពឹង​​​ថា រាជា​​​និយម​​​នឹង​​​ទទួល​​​បាន​​​តួនាទី​​​នយោបាយសំខាន់​​​​​​​​​​​​​​​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ក្នុង​​​ពេល​​​នាពេល​​​អនាគតឡើយ”។

លោក ដេវីដ ឆាណ្ឌល័រ (David Chandler) អ្នក​​​ប្រវត្តិសាស្ត្រ​​​កម្ពុជា​​​ ​​​កាន់​​​តែ​​​លើក​​​ឡើង​​​​​​ចំៗ​​​ជាង​​​នេះ​​​ទៅ​​​ទៀត ​​​ដោយ​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​ការ​​​អសកម្ម​​​​​​មិន​​​ប្រើ​​​ប្រាស់​​​​​​រាជ​​​បល្ល័ង្ក និងបរិកាស​​​នយោបាយ​​​ជុំវិញ​​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ​​​​​​អាច​​​ព្យាករ​​​បាន​​​​​ថា​​​ វា​​​ជា​​​​​​ចុង​​​បញ្ចប់​​​​​​​​​នៃ​​​រាជា​​​និយម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា ព្រះ​​​អង្គ​​​​​​មិន​​​ត្រូវ​​​​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​សេរីភាព​​​ឡើយ។ ហើយ​​​ក៏​​​គ្មាន​​​ភ័ស្តុ​​​តាង​​​ណា​​​ដែល​​​ខ្ញុំ​​​ដឹង​​​ ដើម្បី​​​បង្ហាញ​​​ថា ព្រះ​​​អង្គ​​​សព្វ​ព្រះ​​​រាជ​​​ហរទ័យ​​​​​​​​នឹង​​​​​​ការ​​​គ្រង​​​រាជ​​​សម្បត្តិ​​​ជា​​​​​​ព្រះ​​​មហាក្សត្រដែរ ជា​​​តួនាទីមួយ​​​ដែល​​​​​​មាតា និង​​​បិតា​​​​​​​​​បង្ខំ​​​ព្រះ​​​អង្គ។ រាជ​​​្យរបស់​​​ព្រះ​​​អង្គ​​​នឹង​​​គ្មាន​​​ឥទ្ធិពល​​​សោះ​​​ឡើយ ពីព្រោះ​​​សញ្ញាទាំង​​​អស់​​​ដែល​​​ខ្ញុំ​​​មើល​​​ឃើញ​​​បង្ហាញ​​​ថា ព្រះ​​​អង្គ​​​គឺ​​​ជា​​​ព្រះ​​​មហាក្សត្រ​​​ចុង​​​ក្រោយបង្អស់​​​​​​របស់​​​កម្ពុជា​​​”៕សុខុម (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ឃួន ណារីម)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស