34 C
Phnom Penh

អាជ្ញាធរ​ឆ្មក់ចូល​រោង​អារឈើមួយ​ចំនួន​​ក្នុង​ខេត្ត​ព្រះវិហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា រោង​អារ​ឈើ​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ព្រះវិហារ​ដែលគេ​សង្ស័យ​ថា បាន​កែ​ច្នៃឈើ​ខុស​ច្បាប់​នោះ​ ត្រូវ​នគរ​បាល​​​ កង​រាជ​អាវុធ​ហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆ្មក់​ចូល​កាលពី​ថ្ងៃ​ច័ន្ទ ដែល​បាន​​រឹប​អូស​សម្ភារ​ធ្វើពីឈើប្រណីត​មួយ​ចំនួនដែល​មិន​បង្ហាញ​ឲ្យ​ដឹងអំឡុង​ការ​ឆែកឆេរនោះ​។

លោក លី លន់ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​ដែល​បាន​ដឹក​នាំ​ការ​ស៊ើបអង្កេត​​បាន​មាន​ប្រសាសន៍​ថា រោង​អារ​ឈើ​ទាំង​ប្រាំមួយ​កន្លែងនេះ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​មាន​សុពល​ភាព​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​ ប៉ុន្តែ​ត្រូវ​បាន​រកឃើញ​ថា ​កែច្នៃ​គ្រឿង​សង្ហារិម និង​សម្ភារ​ផ្សេង​ៗ​ទៀត​ពី​ឈើ​ខុស​ច្បាប់​។

ការ​ឆ្មក់​ចូល​រោងអារ​ឈើ​ទី​៧​​របស់​លោក ម៉ៅ សុវណ្ណ វរសេនីយ៍​ឯក និង​ជា​មេបញ្ជាការ​រង​​យោធាខេត្ត​ព្រះវិហារ។ ប៉ុន្តែ​ក្រុម​ការ​ងារ​បាន​ស៊ើបអង្កេតមួួយភ្លែតប៉ុណ្ណោះបន្ទាប់​ពី​ដឹង​ថា រោង​អារ​ឈើ​នេះ​កែច្នៃ​គ្រឿង​សង្ហារិម​ឲ្យ​កាកបាទ​​ក្រហមកម្ពុជា​ក្នុង​ខេត្ត​នេះ​​។

​លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បានចាត់​វិធាន​ការ​លើ​រោង​អារ​ឈើ​ចំនួនប្រាំមួយ​នៅ​ថ្ងៃ​​នេះ ពីព្រោះ​​រោង​អារ​ឈើ​ទាំង​នេះ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​”។ លោក​បាន​បន្ថែម​ថា លោក​ចាំ​តែ​ចំនួន​ឈើ​ខុស​ច្បាប់​ដែល​រឹប​អូស​បាន​ពី​រោង​អារ​ឈើ​មួយ​ប៉ុណ្ណោះ​ក្នុងស្រុក​ជាំក្សាន្ត ដែល​អាជ្ញាធរ​រឹប​អូស​បាន​ឈើ​បេង ឈើ​ធ្នង់ និង​ឈើ​គគី​ចំនួន​៣៣​ម៉ែត្រគូប​”។

រោង​អារ​ឈើ​ដែល​ជា​កម្មសិទ្ធិ​របស់​វរសេនីយ៍ឯក ម៉ៅ សុវណ្ណ មិនបាន​ធ្វើការ​ស៊ើប​អង្កេត​ពេញលេញទេ​ បន្ទាប់ពី​ក្រុម​ការ​ងារ​ដឹង​ថា មាន​កិច្ច​សន្យា​ជាមួយ​កាកបាទ​ក្រហម​ខេត្ត​កែច្នៃ​គ្រឿង​សង្ហារិម​សម្រាប់​សណ្ឋាគារ​ប្រណីត​​ថ្មី​មួយ​ដែលកំពុង​ធ្វើ​ការ​សាង​សង់​ក្នុង​ក្រុង​ព្រះវិហារ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ហា៊ន​សួរ​ព័ត៌មាន​លម្អិតបន្ថែមទាក់​ទង​ការ​កែច្នៃ​ឈើ​ខុស​ច្បាប់​នៅ​រោង​អារ​ឈើ​របស់​លោក​ទេ ​ពីព្រោះ​លោក​ទទួល​បានសិទ្ធិ​កែច្នៃ​គ្រឿង​សង្ហារិម​សម្រាប់​សណ្ឋាគារ​មួយ​ដែល​សាង​សង់​ដោយ​កាកបាទ​ក្រហម​កម្ពុជា ដូច្នេះ​យើង​មិន​បាន​ស៊ើបអង្កេត​ [លោក​វរសេនីយ៍ឯក សុវណ្ណ] ​ទេ​”។

លោក​បាន​បន្ថែម​ថា ម្ចាស់​រោង​អារ​ឈើ​ផ្សេង​ទៀត​ត្រូវ​បាន​ទុក​ពេល​ឲ្យ​មួយ​ខែ​ដើម្បី​បង់​ប្រាក់​​ពិន័យ បើ​មិន​ដូច្នោះ​ទេ​ត្រូវ​ដាក់លក់​ដេញ​ថ្លៃ​ឈើ​របស់​ពួកគេ។

លោក​ យង់ គឹមហ៊ាន នាយក​ប្រតិបត្តិ​​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់​ថា ​សណ្ឋាគារនេះកំពុង​តុប​តែង​លម្អ​នៅឡើយ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា តើ​ក្រុម​ហ៊ុន​ណា​ទទួល​បាន​កិច្ច​សន្យា​ធ្វើការ​ងារ​នេះ​​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​​តុប​តែង​ផ្នែកខាង​ក្នុង​សណ្ឋាគារ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានទេ ពីព្រោះ​ខ្ញុំ​មិន​ដឹង​ថា តើ​លោក ម៉ៅ សុវណ្ណ ផ្គត់​ផ្គង់​គ្រឿង​សង្ហា​រិម​ដល់​សណ្ឋាគារ​នេះ​ឬយ៉ាងណាឡើយ​”។

កាលពី​ល្ងាច​ម្សិលមិញ លោក លី លន់ បាន​ទូរស័ព្ទ​ទៅ​អ្នក​យក​ព័ត៌មាន​ដើម្បី​បញ្ជាក់​​ព័ត៌មាន​ដែល​លោក​បាន​ផ្ដល់​កាលពី​ព្រឹក​ថ្ងៃ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ធ្វើ​ការ​កែតម្រូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កាលពី​ព្រឹក​នោះ ហើយ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា រាល់គ្រឿង​សង្ហារិម​ដែល​កែច្នៃ​ដោយរោងអារឈើ​[របស់លោក​​វរសេនីយ​៍ឯក សុវណ្ណ] គឺ​ស្រប​ច្បាប់​ ហើយ​គ្រឿង​សង្ហារិម​ទាំង​នេះ​ត្រូវ​បាន​កុម្ម៉ង់​ដោយ​កាកបាទ​ក្រហម​​ ដើម្បី​យក​មក​តុប​តែងលម្អ​​បន្ទប់​សណ្ឋាគារ​នោះ ​ត្រូវ​បាន​ទិញ​ដោយ​ស្រប​ច្បាប់​”។

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោកវរសេនីយ៍ឯក សុវណ្ណ ត្រូវ​គេ​​ជឿជាទូទៅ​ថា​បាន​រក​ស៊ី​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ​ ហើយ​មាន​​​​​កេរ្តិ៍ឈ្មោះ​ស្រដៀង​ទៅ​នឹង​ឧកញ៉ា ទ្រី ភាព ដែល​ជា​អ្នក​រក​ស៊ី​ឈើ​ដ៏​អសោច​”។

លោក​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត ជា​ពិសេស​រដ្ឋបាល​ព្រៃ​ឈើ​មិន​ដែល​ចាត់​វិធាន​ការ​លើ​លោក​ សុវណ្ណ ទេ​ បើ​ទោះ​ណា​ជា​ពួកគេដឹង​ថា គាត់​​រកស៊ីឈើ​ខុស​ច្បាប់​ក៏ដោយ”។ លោក​បាន​មាន​ប្រសាសន៍​ថា ” ជាក់​ស្ដែង​ព្រះរាជ​អាជ្ញា​ដែលបាន​ដឹក​នាំ​អាជ្ញាធរ​ទៅ​ចាត់​វិធានការ​នៅថ្ងៃនេះតែ​លើ​រោងអារ​ឈើ​តូច​តាច​​ប៉ុណ្ណោះ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​លោក សុវណ្ណ ធ្វើដោយសេរី ពីព្រោះ​ពួកគេ​ខ្លាច​មិន​ហា៊ន​ប៉ះពាល់​​អ្នក​មាន​អំណាចឡើយ​”៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស