29.3 C
Phnom Penh

អ្នក​វិនិយោគ​ខក​ចិត្ត​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទន់ខ្សោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​របាយការណ៍​ថ្មី​ដែល​រកឃើញ​ដែរ​ថា​អ្នក​វិនិយោគ​ខក​ចិត្ត​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs)​នៅ​ប្រទេស​កម្ពុជា​នោះ​បាន​ឲ្យ​ដឹង​ថា តម្លៃ​អគ្គិសនី​ខ្ពស់​ជា​ឧបសគ្គ​ធំ​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា។​​​

របាយការណ៍ ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​មកពី​ការ​សម្ភាស​ទល់​មុខ​គ្នា​ជាច្រើន​រយ​លើក​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ទូទាំង​ប្រទេស និង​ទិន្នន័យ​ធនាគារ​ពិភពលោក។

អ្នក​ឆ្លើយ​តប​បាន​ចាត់​ថ្នាក់​តម្លៃ​អគ្គិសនី​ថា​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា លំដាប់​បន្ទាប់​គឺ​ភាព​មិន​ប្រាកដ​ខាង​ម៉ាក្រូ​សេដ្ឋកិច្ច និង​អំពើ​ពុករលួយ។

របាយការណ៍​ឲ្យ​ដឹង​ថា “មិន​ត្រឹមតែ​អគ្គិសនី​ថ្លៃ​ជាង​នៅ​សឹង​គ្រប់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ថែមទាំង​រអាក់​រអួល​ទៀត​ផង”។

វិធី​តែមួយ​ដែល​អ្នក​វិនិយោគ​បរទេស​និង​ក្នុង​ស្រុក​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​អគ្គិសនី​របស់​ខ្លួន​នោះ គឺ​ដំឡើង​ម៉ាស៊ីន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ប៉ុន្តែ​យោងតាម​របាយការណ៍​ដដែល តំបន់​សេដ្ឋកិច្ច​នេះ​មិន​បាន​ធ្វើ​តាម​ការ​រំពឹង​ទុក​ជាច្រើន។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា “ភ័ស្តុតាង​ស្រាវជ្រាវបង្ហាញ​ថា តំបន់​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ ដែល​វិនិយោគិន​​ប្រឈម​ឡើយ ដែល​ការ​នេះ​អាច​ពន្យល់​បាន​ច្បាស់​ថា ហេតុអ្វី​ក៏យើង​កត់​សម្គាល់​ឃើញ​ថា មិន​មាន​អត្ថ​ប្រយោជន៍​សំខាន់​ក្នុង​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៣ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​២៣​កន្លែង​ដែល​ទទួល​បាន​ការ​អនុញ្ញាត ប្រមូល​ផ្តុំ​ក្នុង​ក្រុង​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។

សួន​ឧស្សាហកម្ម​ជាច្រើន​កន្លែង​បាន​បង្កើត​ឡើង​ដំបូង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៥ គឺ​ជា​ការ​ប្រឹងប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​ផ្តល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​គុណភាព​ខ្ពស់​ដល់​វិនិយោគិន។

ប៉ុន្តែ​យោងតាម​របាយការណ៍​នេះ ក្រុមហ៊ុន​ជាច្រើន​ដែល​បើក​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ផលិត​បាន​ច្រើន​ជាង​ដៃគូ​របស់​ខ្លួន​នៅ​ខាង​ក្រៅ​តំបន់​ពិសេស​ឡើយ។

លោក ជូលៀន ក្លាក អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​ធនាគារ​ពិភពលោក បាន​និយាយ​ថា ការ​នេះ​អាច​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​ជាមួយ​នឹង​ការ​រំពឹងទុក​ខ្ពស់។

លោក​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ចេញ​ជា​ផ្លូវ​ការ​នេះ​ក្នុង​ក្រុង​ភ្នំពេញ​ថា “ដោយ​វិនិយោគិន​នឹង​ចូល​ក្នុង​តំបន់​មួយ​ណានោះ យើង​យល់​ថា ពួកគេ​មាន​ការ​រំពឹងទុក​ខ្ពស់។ ពួកគេ​ទំនង​បំប៉ោង​បញ្ហា”។

លោក សុខ ចិន្តាសុភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា “វិនិយោគិន​ដែល​មាន​ការ​រំពឹងទុក​ខ្ពស់​បំផុត គឺ​ជប៉ុន ទោះបី​នៅ​ប្រទេស​ផ្សេងទៀត​ក៏ដូច្នេះ​ដែរ”។

យ៉ាងណាក៏ដោយ អ្នក​វិនិយោគ​ប្រហែល​មិន​ពេញ​ចិត្ត​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទេ តែ​របាយការណ៍​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​អគ្គិសនី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​គឺថោក​ជាង​១៥​ភាគរយ ផលិតភាព​ការងារ​គឺ​២០​ភាគរយ​ខ្ពស់ជាង និង​ប្រតិវេទន៍​គយ​គឺ​លឿន​ជាង​១៦​ភាគរយ ហើយ​របាយការណ៍​ផ្តល់​អនុសាសន៍​ថា ត្រូវ​មាន​ការ​ផ្តល់​ការ​លើក​ទឹកចិត្ត​ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បន្ថែម។

ប៉ុន្តែ​លោក ចិន្តាសុភា បាន​និយាយ​ថា ការ​ផ្តល់​ការ​លើក​ទឹកចិត្ត​បន្ថែម​ទំនង​នឹង​មិន​កើត​ឡើង​នៅ​ពេលណាមួយ​ឆាប់ៗ​នេះ​ទេ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស