យោងតាមមន្ត្រីនគរបាលនិងមន្ត្រីស្ថានទូតអាមេរិកឲ្យដឹងថា ទាហានពលបាលត្រីអាមេរិក ម៉ៃឃើល ហារីស (Michael Harris) ដែលបានរត់គេចខ្លួនក្នុងប្រទេសកម្ពុជាអស់រយៈពេល២សប្តាស៍កន្លងមកនេះ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារនៅខេត្តក្រចេះ ហើយនឹងត្រូវនិរទេសទៅអាមេរិកវិញ ដើម្បីប្រឈមមុខនឹងការចោទជាង៤០ករណីពីបទមានរូបភាពអាសអាភាសកុមារ និងពីបទរំលោភកុមារ។
គេគិតថា បុរសអាយុ៣៤ឆ្នាំរូបនេះកំពុងពួនសម្ងំក្នុងក្រុងភ្នំពេញ បន្ទាប់ពីរត់ភៀសខ្លួនពីក្រុងព្រះសីហនុ ដែលកាលពីដើមខែនេះ គេបានដឹងថា គាត់កំពុងធ្វើការជាអ្នកបង្ហាត់ឆ្កែ ដោយកែឈ្មោះថាMichael Dobbs វិញ។ កងទ័ពអាមេរិកបានបញ្ជាក់ថា ជននេះបានធ្វើដំណើរមកប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ខែមករា បន្ទាប់ពីមិនបានឡើងតុលាការនៅក្រុងអ័រឡិនដូ រដ្ឋផ្លរីដា។
លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ជនសង្ស័យជនជាតិអាមេរិករូបនេះត្រូវនគរបាលខេត្តក្រចេះចាប់ខ្លួនបានកាលពីព្រឹកថ្ងៃអង្គារ ពេលកំពុងបើកម៉ូតូម៉ាក ហុងដា រីបែល ដោយមានវ៉ាលីសជាមួយផង ដែលធ្វើឲ្យគេអាចសន្និដ្ឋានបានថា គាត់មានបំណងគេចខ្លួនទៅខេត្តផ្សេងទៀត”។
លោក ជេ រ៉ាម៉ាន អ្នកនាំពាក្យស្ថានទូតអាមេរិកបានបញ្ជាក់ថា បុរសមានដើមកំណើតនៅរដ្ឋអារីហ្សូណារូបនេះ ស្ថិតក្នុងទីឃុំឃាំងរបស់នគរបាល ប៉ុន្តែបានបង្វែរសំណួរផ្សេងទៀតទាក់ទិននឹងការនិរទេសទៅអាជ្ញាធរកម្ពុជា។
លោក រ៉ាម៉ាន បាននិយាយថា “យើងពេញចិត្តណាស់នឹងការជួយពីអាជ្ញាធរកម្ពុជាក្នុងការតាមចាប់ ម៉ៃឃើល អិដវើដ ហារីស”។
យោងតាមលោក ហៃសិលា ឲ្យដឹងថា ក្នុងពេលតាមរកចាប់ដែលផ្តោតតែក្នុងក្រុងភ្នំពេញ ដោយប៉ូលិសដេញតាមតម្រុយមិនច្បាស់លាស់ជាច្រើនក្នុងរាជធានីអំឡុងពេលសប្តាហ៍មុននោះ អាជ្ញាធរខេត្តនិងមន្ត្រីព្រំដែនបានប្រុងប្រយ័ត្នខ្ពស់ និងបានបញ្ជូនរូបថតលោក ហារីស ទៅគ្រប់គោលដៅ។
លោកបាននិយាយថា “ប៉ូលិសខេត្តក្រចេះជឿថា ពួកគេបានរកឃើញជនសង្ស័យនេះ២ថ្ងៃមកហើយ គាត់ស្នាក់នៅក្នុងផ្ទះសំណាក់មួយក្នុងក្រុងក្រចេះ ហើយពួកគេបានចាប់ផ្តើមឃ្លាំមើលគាត់”។
“ព្រឹកម្សិលមិញ ជនសង្ស័យរូបនេះបានចាកចេញពីផ្ទះសំណាក់តាមម៉ូតូរបស់គាត់ ហើយមន្ត្រីប៉ូលិសខេត្ត១០នាក់បានតាម ក្រោយម៉ោង១០បន្តិច ប៉ូលិសបានព័ទ្ធម៉ូតូរបស់គាត់និងសុំឲ្យគាត់ឈប់”។
លោក ហៃសិលា បាននិយាយថា លោក ហារីស បានឈប់ម្ខាងផ្លូវ ប៉ុន្តែបន្ទាប់មកគាត់បានព្យាយាមរត់គេចខ្លួនតាមថ្មើរជើង។ ប៉ុន្តែ គាត់ទៅមិនបានឆ្ងាយទេ ប៉ូលិសក៏ចាប់គាត់បាន គាត់បានអះអាងថា គាត់មិនមែនជាមនុស្សដែលប៉ូលិសកំពុងតាមរកនោះទេ។
លោក ហៃសិលា បន្ថែមទៀតថា “ជនសង្ស័យបានស្រែកដាក់ប៉ូលិសកុំឲ្យចូលជិតគាត់ ឬប៉ះគាត់ និងបាននិយាយថា គាត់មិនមែនជាជនសង្ស័យទេ។ គាត់បានទូរស័ព្ទហៅមិត្តភក្តិរបស់គាត់នៅក្រុងភ្នំពេញ ឲ្យនិយាយជាមួយប៉ូលិសជាភាសាខ្មែរ ប៉ុន្តែមន្ត្រីប៉ូលិសរបស់យើងចេះភាសាអង់គ្លេស និងបានឮគាត់និយាយថា ‘ម៉ៃឃើល ហារីស’ កំពុងនិយាយ”។
លោក ហៃសិលា បានឲ្យដឹងទៀតថា ចាប់តាំងពីមានការស្វែងរកលោក ហារីស ប្រហែលពីរសប្តាហ៍មកនេះ អាជ្ញាធរបានតាមរកដោយគ្មានជំនួយពីស្ថានទូតអាមេរិកឡើយ។
លោកនិយាយថា “យើងមិនបានសហប្រតិបត្តិការជាមួយមន្ត្រីអាមេរិក តាំងពីការចាប់ផ្តើមការស៊ើបអង្កេតរបស់យើងរហូតឈានដល់ការចាប់ខ្លួនគាត់បាន ហើយឥឡូវនេះនឹងស្នើអាមេរិកឲ្យនិរទេសជនសង្ស័យរូបនេះចេញ”។
“ករណីនេះជាការព្រមានមួយថា ប្រទេសកម្ពុជាមិនមែនជាកន្លែងងាយស្រួលសម្រាប់ជនរត់គេចខ្លួនមកពួនសម្ងំលាក់ខ្លួនឡើយ”។
អ្នកស្រី ដេនីស ដាយ៉ា អតីតភរិយារបស់លោក ហារីស បានតាមដានអតីតប្តីរបស់អ្នកស្រីនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ខែតុលា និងបានផ្តល់ដំណឹងដល់អាជ្ញាធរនិងសាធារណជន តាមរយៈហ្វេសប៊ុកនិងតាមអិុនធើណិត។ អ្នកស្រីបានផ្តល់ប្រាក់២.០០០ដុល្លារដល់នរណាដែលបានបញ្ជូនលោក ហារីស ទៅស្ថានទូតអាមេរិក។
កាលពីថ្ងៃអង្គារ អ្នកស្រីមានជំនឿថា គេចាប់ខ្លួនអតីតប្តីរបស់គាត់ហើយ។ អ្នកស្រីបានឲ្យដឹងតាមអីុម៉េលពីផ្ទះរបស់គាត់នៅរដ្ឋខេនថាឃីថា “ខ្ញុំរីករាយដោយបានទទួលដំណឹងនៅព្រឹកនេះថា ជនរត់គេចខ្លួន ម៉ៃឃើល អិដវើដ ហារីស ត្រូវចាប់ខ្លួននៅប្រទេសកម្ពុជា ហើយកំពុងរង់ចាំការនិរទេសខ្លួន”។
“បណ្តាទីភ្នាក់ងារអនុវត្តច្បាប់របស់យើងដែលចូលរួមក្នុងការតាមរកចាប់ខ្លួននិងការស៊ើបអង្កេតនេះ សមនឹងទទួលបានការទទួលស្គាល់បំផុតរបស់យើងចំពោះការយកចិត្តទុកដាក់របស់ពួកគេក្នុងការបញ្ចប់ការរត់គេចខ្លួនរបស់ ម៉ៃឃើល ហារីស។ អរគុណប្រទេសកម្ពុជា!”៕មានិត