32 C
Phnom Penh

​បុរស​ម្នាក់​ស្លាប់​ដោយ​សារ​កាំជ្រួច​អំឡុង​​ពិធី​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការ​គ្រងរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ និង​ប្រាំពីរ​នាក់​ផ្សេង​ទៀត​រងរបួស​កាលពី​យប់​មិញ នៅ​ពេល​កាំជ្រួច​ដែល​គេ​បាញ់​ដើម្បី​អបអរសាទរ​ខួប​គម្រប់​១០​​ឆ្នាំ​ នៃ​ការ​គ្រង​រាជសម្បត្តិ​​របស់​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ​បាន​ផ្ទុះ​ឡើង​ខុស​ប្រក្រតី​ ដោយ​ធ្វើ​ឲ្យ​អំបែង​ខ្ទាត​ទៅ​លើ​អ្នក​ឈរ​មើល​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ។

​កាំជ្រួច​នេះ​ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​ច្រាំង​ទន្លេសាប​ ទល់​មុខ​ព្រះបរមរាជ​វាំង​​នៅ​ម៉ោង​ប្រហែល​៧និង​១៥​នាទី​ ជា​ផ្នែក​នៃ​ការ​បញ្ចប់​ពិធី​គ្រង​រាជ​សម្បត្តិ​។

លោក យឿន ចន្ថា នាយ​រង​នគរ​បាល​​ប៉ុស្តិ៍​​សង្កាត់​ជ្រោយ​ចង្វារ បាន​មាន​ប្រសាសន៍​ថា “បុរស​ម្នាក់​បាន​ស្លាប់ ប្រាំពីរ​នាក់​របួស​​ ក្នុង​នោះ​ពីរ​នាក់​រង​របួស​ធ្ងន់​”។ លោក​បាន​បន្ថែម​ថា ជនរងគ្រោះ​ដែល​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រីឯអ្នក​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​គ្លីនិក​ឯកជន​មួយ​។

លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា “បុរស​ដែល​ស្លាប់​នោះ បាន​ឈរ​នៅ​ឆ្ងាយពី​កន្លែង​បាញ់​កាំជ្រួច​” លោក​បាន​ពន្យល់​ថា កាំជ្រួច​ដែល​ផ្ទុះ​ខុស​ប្រក្រតី​​នេះ​បាន​​​​ផ្ទុះ​បែក​ជា​​អំបែង​​រួច​ជះ​ទៅ​លើ​​អ្នក​ឈរ​មើល​ក្បែរ​នោះ​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​កំពុង​តែ​ស៊ើបអង្កេត​​ដើម្បី​​ចង់​ដឹង​ថា​តើ​ហេតុ​អ្វី​បាន​ជា​វា​ផ្ទុះ​ជះ​អំបែង​ដូច្នេះ​”។

លោក ស៊ុយ ចំណាប់ ស្មៀន​នៅ​សង្កាត់​ជ្រោយចង្វារ បាន​និយាយ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​​៧​និង​២០​នាទី ខណៈ​អ្នក​ឈរ​មើល​​កំពុង​ឈរ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​កន្លែង​បាញ់​កាំជ្រួច​។

លោក​​បាន​​កំណត់​អត្តសញ្ញាណ​បុរស​ដែល​បាន​ស្លាប់​នោះ​ថា មាន​ឈ្មោះ ណាគ្រី ដារ៉ូ អាយុ​២៣​ឆ្នាំ មកពី​ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​លោក​បាន​លើក​ឡើង​ថា បុរស​រូប​នេះ​​ត្រូវ​អំបែង​កាំជ្រួច​ចំ​ទ្រូង​។

នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ឯណោះ​វិញ ញ៉ែល មករា សន្តិសុខ​ដែល​យាម​នៅ​ខាង​មុខ​បន្ទប់​សង្គ្រោះ​បន្ទាន់​បាន​បញ្ជាក់​ថា ​មនុស្ស​ម្នាក់​ដែល​រង​របួស​ធ្ងន់​ត្រង់​ជើង​អំឡុង​ហេតុការណ៍​នោះ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​​បន្ទប់​នេះ​។

យូ ហំលី អាយុ​១៥​ឆ្នាំ ក៏ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​រង​របួស​ទាំង​នោះ​ដែរ​។ ក្មេង​ប្រុស​រូប​នេះ​បាន​និយាយ​ថា “នៅ​ពេល​វា​ផ្ទុះ​ អំបែង​បាន​ហោះ​មក​ចំ​ជើង​ខ្ញុំ។ ប៉ុន្តែ​មុន​ពេល​វា​ហោះ​មក​ចំ​ជើង​ខ្ញុំ​ វា​បាន​ហោះ​ទៅ​ត្រូវ​ជើង​បុរស​ម្នាក់​ផ្សេង​ទៀត​រួច​ទៅ​ហើយ​។ ខ្ញុំ​មាន​សំណាង​ណាស់​​ដែល​គាត់​ឈរ​នៅ​ពី​មុខ​ខ្ញុំ​”។

ជិន ទូច សន្តិសុខ​ម្នាក់​​យាម​នៅ​សណ្ឋាគារ​សុខា ​ក្នុង​​សង្កាត់​ជ្រោយចង្វារ បាន​ឲ្យ​ដឹង​ថា គាត់​ឈរ​នៅ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​កន្លែង​បាញ់​កាំជ្រួច​​ដែល​ទាហាន​ជា​អ្នក​​បាញ់។ សន្តិសុខ​រូប​នេះ​បាន​និយាយ​ថា “កម្លាំង​ខ្យល់​​បាន​បោក​បក់​​ខ្លួន​របស់​​យើង​ឲ្យ​ខ្ទាត​នៅ​ពេល​កាំជ្រួច​ផ្ទុះ​ឡើង”៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ វណ្ណ រើន និង អ៊ូច សូនី)​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស