យោងតាមរបាយការណ៍មួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីម្សិលមិញ បង្ហាញថា ស្ទើរតែគ្រប់ទិដ្ឋភាពនៃការចាប់ផ្តើម ឬដំណើរការអាជីវកម្មមួយនៅកម្ពុជា កាន់តែពិបាកទៅៗ។
របាយការណ៍ដែលមានឈ្មោះថា “ការធ្វើពាណិជ្ជកម្មឆ្នាំ២០១៥” ដែលបានធ្វើការស្ទាបស្ទង់ក្នុងប្រទេសចំនួន១៨៩នេះលើកឡើងថា បើប្រៀបធៀបនឹងឆ្នាំមុន កម្ពុជាបានធ្លាក់៩ថ្នាក់ក្នុងចំណោម១០ថ្នាក់ដែលប្រើសម្រាប់វាស់ស្ទង់ភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មក្នុងប្រទេសនេះ។ ចំណាត់ថ្នាក់សរុបរបស់កម្ពុជាបានធ្លាក់ចុះពីលេខ១៣៤មកដល់លេខ១៣៥នៅឆ្នាំនេះ។
របាយការណ៍នេះដាក់ចំណាត់ថ្នាក់ភាពងាយស្រួលនៃការចាប់ផ្តើមអាជីវកម្ម ការដោះស្រាយបញ្ហាពាក់ព័ន្ធលិខិតអនុញ្ញាតឲ្យសាងសង់ ការតបណ្តាញអគ្គិសនី ការចុះបញ្ជីអចលនទ្រព្យ ការទទួលបានឥណទាន ការការពារវិនិយោគិន ការបង់ពន្ធ ពាណិជ្ជកម្មឆ្លងដែន ការអនុវត្តកិច្ចសន្យា និងការដោះស្រាយការក្ស័យធន។ មានតែចំណាត់ថ្នាក់អនុវត្តកិច្ចសន្យាតែមួយគត់ដែលកម្ពុជាអាចរក្សាឲ្យនៅដដែលដូចក្នុងឆ្នាំ២០១៣ដែរ គឺលេខ១៧៨។
នៅក្នុងចំណាត់ថ្នាក់នៃការចាប់ផ្តើមអាជីវកម្ម កម្ពុជាបានធ្លាក់ពីលេខ១៨៣មកដល់លេខ១៨៤ ពោលគឺនាំមុខតែប្រទេសឆាដ ប្រទេសហ្គីណេអេក្វាទ័រ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសហៃទី និងប្រទេសភូមាប៉ុណ្ណោះ ។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា តម្រូវឲ្យមាននីតិវិធីចំនួន១១ ចំណាយពេល១០១ថ្ងៃ ចំណាយអស់១៣៩,៥ភាគរយនៃផលិតផលសរុបក្នុងម្នាក់ៗ ហើយតម្រូវឲ្យមានដើមទុនបង់ចូលអប្បបរមា២៦,១ភាគរយនៃផលិតសរុបក្នុងម្នាក់ៗ។ កម្ពុជាបានធ្វើឲ្យការចាប់ផ្តើមអាជីវកម្មកាន់តែពិបាកទៅៗតាមរយៈការដាក់ចេញលក្ខខណ្ឌតម្រូវឲ្យក្រុមហ៊ុនពិនិត្យមើលឈ្មោះនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតាមរយៈការដំឡើងថ្លៃសម្រាប់ការអនុម័ត និងបោះត្រាលើឯកសារចុះបញ្ជីដោយមន្ទីរពន្ធដាររាជធានីភ្នំពេញ និងសម្រាប់ការបំពេញលក្ខន្តិកៈជាមួយភ្នាក់ងារកាន់បញ្ជីពាណិជ្ជកម្ម”។
ចំណាត់ថ្នាក់បង់ពន្ធរបស់កម្ពុជាបានធ្លាក់ចុះខ្លាំងបំផុតចំនួនប្រាំពិន្ទុពីលេខ៨៥មកដល់លេខ៩០។ ចំណែកឯពាណិជ្ជកម្មឆ្លងដែនវិញ កម្ពុជាបានធ្លាក់ចុះបួនពិន្ទុមកដល់លេខ១២៤។ ចំណាត់ថ្នាក់នៃការការពារវិនិយោគិនបានធ្លាក់ចុះបីពិន្ទុមកដល់លេខ៩២។
ចំណាត់ថ្នាក់បីទៀតពាក់ព័ន្ធលិខិតអនុញ្ញាតឲ្យសាងសង់បានធ្លាក់ចុះពីរពិន្ទុមកដល់លេខ១៨៣ ការទទួលបានបណ្តាញអគ្គិសនីប្រើប្រាស់ធ្លាក់ចុះពីរពិន្ទុមកដល់លេខ១៣៩ ហើយការទទួលបានឥណទានបានចុះពីរពិន្ទុដូចគ្នាមកដល់លេខ១២។
នៅទីបំផុត កម្ពុជាបានធ្លាក់ចុះមួយពិន្ទុនៅក្នុងចំណាត់ថ្នាក់ចុះបញ្ជីអចលនទ្រព្យពីលេខ៩៩មកដល់លេខ១០០ ហើយការដោះស្រាយបញ្ហាក្ស័យធនបានធ្លាក់ចុះពីលេខ៨៣មកដល់លេខ៨៤។
សរុបមក កម្ពុជានៅតែដើរយឺតជាងគេឆ្ងាយបើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។ សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ម៉ាឡេស៊ី ជាប់លេខ១៨ថៃជាប់លេខ២៦ ហើយឥណ្ឌូនេស៊ីជាប់លេខ១១៤។ មានតែប្រទេសឡាវ និងប្រទេសភូមាប៉ុណ្ណោះ ដែលជាប់ចំណាត់ថ្នាក់ទាបជាងកម្ពុជា ដោយឡាវជាប់លេខ១៤៨ ហើយភូមាជាប់លេខ១៧៧។
តែទោះជាយ៉ាងណា បណ្តានាយកប្រតិបត្តិធនាគារបានលើកឡើងកាលពីម្សិលមិញថា ការធ្វើពាណិជ្ជកម្មនៅកម្ពុជាហាក់ដូចជាកាន់តែងាយស្រួលទៅៗ។
លោក ហ្គ្រាន ណាក់ឃី (Grant Knuckey) នាយកប្រតិបត្តិធនាគារ ANZ Royal បានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំគិតថា អ្វីៗក៏ដោយគឺកាន់តែមានភាពងាយស្រួលដោយសារតម្លាភាពកើនឡើង និងការប្រសើរឡើងនៅក្នុងវិស័យមួយចំនួនដូចជាគយជាដើម។ ទោះជាយ៉ាងណា នៅតែមានទស្សនមួយចំនួនយល់ថា អ្វីៗដូចជាការបង្ក្រាបទិដ្ឋាការធ្វើការជាដើម គឺជាកត្តាមួយដែលមិនសូវងាយស្រួល ប៉ុន្តែ ខ្ញុំសូមសម្លឹងមើលលើបរិបទនៃការប្រសើរឡើងជាក់ស្តែង និងជាបន្តបន្ទាប់នៅក្នុងក្របខណ្ឌស្ថាប័នរបស់ប្រទេសនេះ”។
លោក អិុន ចន្នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា ធនាគាររបស់លោកមិនធ្លាប់ជួបប្រទះការធ្លាក់ចុះចំនួនអតិថិជនមកខ្ចីប្រាក់ឡើយ ជាសញ្ញាមួយបង្ហាញថា មានមនុស្សតិចតួចដែលចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង។
លោកបានមានប្រសាសន៍ទៀតថា “កំណើនឥណទាននៅតែរឹងមាំនៅក្នុងធនាគារនេះ។ កាលពីឆ្នាំមុន ឥណទានឲ្យខ្ចីនៅជំពាក់សរុបរបស់យើងមានចំនួន១,៤៦៨ពាន់លានដុល្លារ ប៉ុន្តែ នៅដំណាច់ខែកញ្ញាឆ្នាំនេះ វាមានចំនួន១,៨ពាន់លានដុល្លារ។ ចាប់តាំងពីដំណាច់ខែកញ្ញាមក យើងមានអតិថិជនឥណទានចំនួន៣៥៨.០០០នាក់។ កាលពីឆ្នាំមុន យើងមានសរុបចំនួន៣៣៤.០០០នាក់”៕សុខុម