41.3 C
Phnom Penh

ក្រុម​ការ​ងារ​ដែល​ធ្វើការ​​លើ​ការ​កំណត់​ប្រាក់​ខែ​គោល​​ថ្មី​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ប្រាក់​ខែ​គោល​បាន​ឲ្យ​ដឹង​ថា ក្រុម​មេដឹកនាំ​សហជីព​​ ម្ចាស់​រោងចក្រ និង​តំណាង​រដ្ឋាភិបាល​​​ ដែល​ធ្វើ​ការ​លើ​ការ​​ពិភាក្សា​អំពី​​ប្រាក់​ខែ​គោល​ថ្មី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​នឹង​មក​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​បោះ​ឆ្នោត​លើ​​សេចក្ដី​សម្រេច​ចុង​ក្រោយ​មួយ​។

តំណាង​ចំនួន​ប្រាំបួន​រូប​ដែល​មកពី​សហជីព រោងចក្រ និង​រដ្ឋាភិបាល ​ត្រូវ​បានដាក់​ឲ្យ​​ធ្វើ​ការ​រួម​​គ្នា​នៅ​ក្នុង​ខែ​នេះ​ ដើម្បី​ជួយ​គណៈកម្មាធិការ​​ប្រឹក្សា​ការ​ងារ​នៅ​ក្នុង​ការ​កំណត់​ប្រាក់​ខែ​គោល​ថ្មី​​ ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ខែ​មករា និង​​ដែល​ភាគី​ទាំង​អស់​អាច​ទទួល​យក​បាន។​

លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​បាន​លើក​ឡើង​ថា ក្រុម​ការ​ងារ​​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្រសួង​ការ​ងារ​​នៅ​ព្រឹក​នេះ​​ក្នុង​គោល​បំណង​ឈានទៅ​រក​ការ​ឯកភាព​គ្នា​មួយ​។ សហជីព​ភាគច្រើន​​ចង់​​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​សព្វ​ថ្ងៃ​ត្រឹម​តែ​១០០​ដុល្លារ​​នោះ​។

លោក មុំថុល ​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ជួប​ប្រជុំគ្នា ហើយ​ព្យាយាម​​កំណត់​​ចំនួន​មួយ ហើយ​ប្រសិន​បើ​មិន​អាច​កំណត់​បាន​ទេ​នោះ យើង​នឹង​បោះ​ឆ្នោត​សម្ងាត់​ដើម្បី​​ទទួល​បានចំនួន​មួយ​​ដែល​យើង​នឹង​បញ្ជូន​ទៅ​គណៈកម្មាធិការ​ប្រឹក្សា​ការ​ងារ​”។ គេ​រំពឹង​ថា ក្រសួង​ការ​ងា​​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​មួយ​ស្ដីពី​​ប្រាក់​ខែ​គោល​ថ្មី​នៅ​ខែក្រោយ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ បាន​លើក​ឡើង​ថា តំណាង​ទាំង​អស់​​នឹង​ចុះ​ហត្ថលេខា​លើ​របាយការណ៍​មួយ​ ដែល​លម្អិត​អំពី​ទស្សន​របស់​​ភាគី​នីមួយ​ៗ​​ស្ដីពី​ប្រាក់​ខែ​គោល​មុន​ពេល​បោះ​ឆ្នោត។

លោក​បាន​អះអាង​ថា វា​មាន​ “សម្ពាធ​យ៉ាង​ខ្លាំង​” លើ​តំណាង​រោងចក្រ​​ក្នុង​ការ​បោះ​ឆ្នោត​​ដើម្បី​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់​១២០​ដុល្លារ​ ពោល​គឺ​វា​លើស​១០​ដុល្លារ​​ពី​ប្រាក់​ខែ​គោល​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) បាន​​ស្នើ​ឡើង​ បន្ទាប់ពីការ​សិក្សា​មួយ​របស់​​រដ្ឋាភិបាល​​​​បាន​បង្ហាញ​ថា បន្ទាត់​ភាព​ក្រី​ក្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​១២០​ដុល្លារ​នោះ។

លោក ស៊ីណា បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​គ្មាន​ជម្រើស​ទេ​ ព្រោះ​វា​​យោង​តាម​ការ​សិក្សា​របស់​រដ្ឋាភិបាល​។ ហេតុដូច្នេះ ពួកគេ​​ត្រូវ​តែ​គោរព​តាម​ការ​សិក្សា​នេះ​”។ ប៉ុន្តែ​នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​ GMAC នឹង​ពិចារណា​ដើម្បី​​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​ដែរ​ឬទេ​ទាក់​ទិននឹង​​ការ​កំណត់​នេះ លោក កែន លូ អគ្គលេខាធិការ​ GMAC បាន​ឆ្លើយ​តប​ថា ” ទេ​ ​ទាល់​តែ​ប្រាក់​ខែ​គោល​ [១១០​ដុល្លារ​] ទើប​ជា​​កម្រិត​មួយ​​ដែល​យើង​អាច​រ៉ាប់​រង​បាន”។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ បានលើក​ឡើង​ថា សហជីព​របស់​លោកស្រី​នឹង​ធ្វើ​ការ​ទាម​ទារ​តែ​ម្នាក់​ឯង​ ដើម្បី​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១៧៧​ដុល្លារ​ ជា​ចំនួន​មួយ​ដែល​សហជីព​​​បាន​គាំទ្រ​អំឡុង​ពេល​ចរចា​អំពី​​ប្រាក់​ខែ​គោល​ថ្មី​​ ដែល​ចាប់​ផ្ដើម​កាលពី​ដើម​ឆ្នាំ​នេះ​។ លោក​ស្រី​បានមាន​ប្រសាសន៍​ថា ” យើង​នឹង​បន្ត​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដល់​១៧៧​ដុល្លារ ព្រោះ​ថា កម្មករ​មិន​ព្រម​​ទទួល​យក​ប្រាក់​ខែ​ចំនួន​១១០​ដុល្លារ​នោះ​ទេ​”។ គេ​មិន​អាច​ទាក់​ទង​​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​ដើម្បីសុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​បាន​ឡើយ​៕ ស៊ុយឈាង​

(រាយការណ៍បន្ថែម​ដោយ Holly Robertson)​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស