26 C
Phnom Penh

កង​រាជអាវុធហត​្ថ​ចាប់ខ្លួន​ទាហាន​ដែល​កាប់ប្រធាន​របស់ខ្លួន​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​រាជ​អាវុធ​ហត្ថ​​បាន​ឲ្យដឹងកាលពី​ម្សិលមិញ​ថា ទាហាន​អាយុ​៤៤​ឆ្នាំ​ម្នាក់​ដែល​បាន​សម្លាប់​ប្រធាន​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ កាលពី​សប្ដាហ៍មុន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ បន្ទាប់ពី​រត់គេច​ខ្លួន​រយៈ​ពេល​មួយ​សប្ដាហ៍។

​​​​​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុន លោក តែ ប៊ុនធឿន ទាហាន​នៅ​កង​ពលតូច​លេខ​៥១​ បាន​អារក​​​លោក ង៉ែត គង់រិទ្ធ ដែល​ជាប្រធាន​កង​អនុសេនាធំ​នៃ​កង​ពល​តូច​លេខ​៥១​ បន្ទាប់​ពី​ជនរងគ្រោះ​រូបនេះមក​ធ្វើ​អន្តរាគមន៍​​ក្នុង​ជម្លោះ​រវាង​ជនសង្ស័យ​ និង​ប្រពន្ធ​របស់​ខ្លួន​។

ប្រធាន​រូប​នេះ​បានទះ​កំផ្លៀង​លោក ប៊ុនធឿន បន្ទាប់ពី​ជន​នេះ​មិនព្រម​ឈប់​ឈ្លោះ​ប្រកែក​គ្នា បណ្ដាល​ឲ្យ​ជនសង្ស័យ​ចូល​ទៅ​​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ចេញ​មក​វិញ​ដោយ​មាន​កាំបិត​ផ្គាក់​ក្នុង​ដៃ​។ ជននេះ​បាន​រត់គេច​ខ្លួន​បន្ទាប់ពី​សម្លាប់​ប្រធាន​របស់ខ្លួន ហើយ​ត្រូវ​គេ​សង្ស័យ​ថា ស្ថិត​ក្នុង​ប្រទេស​ថៃ​។

លោក នួន ភារក្ស មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​ត្រូវ​ស្ទាក់​ចាប់​បាន​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​នេះ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ បន្ទាប់ពីក្រុម​​ស្វែង​រក​​បាន​កំណត់​ថា ជននេះ​កំពុង​លាក់​ខ្លួន​នៅ​ទី​នោះ​។

ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​ខណៈ​ដែល​​ក្រុម​ទាហាន​​បាន​ព្យាយាម​ចាប់​ជនសង្ស័យ ដែល​បាន​តដៃ​ ហើយ​បាន​ព្យាយាម​រត់គេច​។ លោក​ ភារក្ស បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​ក្រុម​ទាហាន​មកពី​កង​ពលធំ​លេខ​៣​ទៅ​ចាប់​ខ្លួន​ជនសង្ស័យ​នេះ​ ជននេះ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ។ ជនសង្ស័យ​​រត់បាន​ចម្ងាយ​ជាង​២០​ម៉ែត្រ ហើយ​បន្ទាប់​មក​ពួកគេ​បាន​បាញ់​ត្រូវ​ចំភ្លៅ​ខាង​ស្ដាំ ធ្វើ​ឲ្យ​ជនសង្ស័យ​រង​របួស​ធ្ងន់​”។

លោក ភារក្ស បាន​​ពន្យល់​ថា ក្រុម​ស្វែង​រក​​​ទទួល​បាន​ព័ត៌មាន​ថា ប៊ុនធឿន ដែល​​ឥឡូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជប៉ុន​-មង្គលបុរី​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ នៅ​មាន​កាំភ្លើង​ខ្លី​មួយ​ដើម​នៅ​ឡើយ​។ លោក ភារក្ស បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​គេ​រក​ឃើញ​តែ​ពូថៅ​មួយ​​ប៉ុណ្ណោះ ហើយ​កាំភ្លើង​ខ្លី​អាច​ត្រូវ​បាន​បោះ​ចោល​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​នោះ។

លោក ឱ បូរិន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បដិសេធ​ថា គ្មាន​នរណា​ម្នាក់​បាន​បាញ់​ ប៊ុនធឿន ទេ ហើយ​លោក​បាន​លើក​ឡើង​ថា ជនសង្ស័យ​រូប​នេះ​​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​បន្ទាប់ពី​ធ្លាក់​ពី​លើ​ម៉ូតូ​របស់​ខ្លួនអំឡុង​ការ​ស្ទាក់​ចាប់​។ លោក​បានមាន​ប្រសាសន៍​ថា ” វា​ជា​ការ​ធម្មតា​ទេ នៅ​ពេល​អ្នក​លោត​ចេញ​ពី​ម៉ូតូ​ដែល​កំពុង​តែ​ជិះ​នោះ ធ្វើ​ឲ្យ​អ្នក​របួស​ធ្ងន់​អ៊ីចឹង​ហើយ​។ ថ្ងៃ​ស្អែក​ជន​នេះ​នឹង​ចេញ​ពី​មន្ទីរ​ពេទ្យ ហើយ​យើង​​នឹង​សាក​សួរ​គាត់​”។

ឧត្ដមសេនីយ៍ត្រី ឱ បូរិន បាន​បន្ថែម​ថា ប៊ុនធឿន មាន​ប្រតិកម្ម​ជ្រុល​ពេកក្នុង​ការ​សម្លាប់​ប្រធាន​របស់​ខ្លួន​កាលពី​សប្ដាហ៍​មុន​។ លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​មិន​គួរ​ខឹង​ខ្លាំង​ពេក​នោះ​ទេ​ គាត់​ត្រូវ​ទះ​ពីរបី​កំផ្លៀង​តែ​ប៉ុណ្ណោះ ហើយ​វា​ជា​ច្បាប់​របស់​ទាហាន​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​ឲ្យ​កូន​ទាហាន​របស់​ខ្លួន​គោរព​”៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស