28 C
Phnom Penh

ស្ត្រីជនជាតិ​អូស្ត្រាលី​ម្នាក់​ចោទ​​ប្រកាន់​មន្ត្រី​នគរ​បាល​ក្រុង​ព្រះសីហនុ​ម្នាក់​ថា បាន​វាយ​ដំខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ជនជាតិ​អូស្ត្រាលី​អាយុ​២៤​ឆ្នាំ​ម្នាក់​ ដែល​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុបាន​អះអាង​ថា ​នាង​ត្រូវ​​មន្ត្រី​នគរ​បាល​​មូលដ្ឋាន​ម្នាក់​វាយ​ដំ​នៅ​ចំណត​រថយន្ត​មួយ​កន្លែង​ក្បែរ​ឆ្នេរ​សុខា កាលពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ពេល​មន្ត្រី​នគរ​បាល​រូប​នេះ​​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​​ទីតាំង​ដែល​នាង​បាន​ចត​ម៉ូតូ​របស់​ខ្លួន​។autralian

​អ្នកស្រី​ Lisa-MarieNass-Starr បាន​និយាយ​ថា ខ្លួន​​រៀប​នឹង​ចាក​ចេញ​ពី​ចំណត​​រថយន្ត​នៅ​ក្នុង​សង្កាត់​៤​នេះទៅ​ហើយ​​បន្ទាប់ពី​​ត្រឡប់​​មក​​ពី​កន្លែង​ទឹក​ធ្លាក់​​នៅ​ក្បែរ​នោះ​ជាមួយ​ប្ដី​មិន​ទាន់​រៀបការ​ និង​កូនប្រុស​អាយុ​២​ឆ្នាំ​របស់​គាត់​​ ​នៅ​ពេល​នោះ​លោក ភ័ក្ត្រ ភារម្យ នាយ​នគរ​បាល​​​​អន្តរាគមន៍​ខេត្ត​ព្រះសីហនុ បាន​​បើក​​​រថយន្ត​របស់​លោក​​​​​ចូល​មក​ ហើយ​បាន​ចាប់​ផ្ដើម​ស្រែក​គំហក​​ដាក់​ពួកគាត់​តែ​ម្ដង​។

អ្នកស្រី Nass-Starr បាន​និយាយ​ថា ​” ​យើង​​គ្រាន់​តែ​ចត​ម៉ូតូ​​នៅ​ក្នុង​តំបន់​នេះ​​​ដែល​ស្ថិត​​​នៅ​ក្បែរ​ឆ្នេរ​សុខា​តែ​ប៉ុណ្ណោះ ​ហើយ​មន្ត្រី​នគរ​បាល​​ដែល​​ទំនង​ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​នៅ​តំបន់​នោះ​បាន​​បើក​រថយន្ត​របស់​ខ្លួន​ចូល​មក​ ហើយ​បាន​ចាប់​ផ្ដើម​រំលោភ​បំពាន​​មក​លើ​យើង​តែ​ម្ដង​ ហើយ​ប្រាប់​យើង​ឲ្យ​​ថយ​ចេញ​​ នៅ​ពេល​នោះ​យើង​ក៏​ថយ​ចេញ​​ទៅ​”។

អ្នកស្រី​បាន​និយាយ​បន្ថែម​ថា ” បន្ទាប់​មក​គាត់​បាន​ចត​រថយន្ត​របស់​ខ្លួន ហើយ​បាន​ចាប់​ផ្ដើម​រំលោភ​បំពាន​មក​លើ​​យើង​តែ​ម្ដង។ គាត់​បាន​ទះ​កំផ្លៀង​ខ្ញុំ ហើយ​វាយ​ដំ​ខ្ញុំ​ ព្រមទាំង​ព្យាយាម​ទាញ​ទម្លាក់​ប្ដី​​ និង​កូន​របស់​ខ្ញុំ​ពី​ម៉ូតូ​​​ ហើយ​បន្ទាប់​មក​ទៀត​បាន​ស្រែក​គំហក​ដាក់​ពួក​ខ្ញុំ​ទៀត”។ អ្នកស្រី​បាន​បន្ថែម​ថា ​ខ្លួន​មិន​បាន​រង​របួស​ធ្ងន់​នោះ​ទេ​នៅ​ក្នុង​ហេតុការណ៍​នោះ។

​ជនជាតិ​អូស្ត្រាលី​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ​នាង​​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​​​ស្នង​​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ជា​ទី​ដែល​មន្ត្រី​នគរ​បាល​​ម្នាក់​ទៀត​ដែល​នាង​ធ្លាប់​បាន​ឃើញ​ផឹក​ស៊ី​ជាមួយ​លោក ភារម្យ នៅ​ព្រឹក​ថ្ងៃដដែល​នោះ​ បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​នាង​​​ឲ្យ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទី២​ ​ដោយ​យល់​ព្រម​មិន​ប្ដឹង​ផ្ដល់​បន្ត​ទៀត​។

អ្នកស្រី Nass-Starr បាន​និយាយ​ទៀត​ថា ” នគរ​បាល​​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ ដែល​មាន​​អត្ថន័យ​ថា ‘ អ្វី​ៗ​គ្មាន​បញ្ហា​នោះ​​ទេ យើង​នឹង​មិន​​ចាត់វិធានការ​​អ្វី​បន្ថែម​ទៀត​ឡើយ ហើយ​យើង​នឹង​នៅ​ឲ្យ​ឆ្ងាយពី​គាត់​ប្រសិន​បើ​គាត់​នៅ​ឆ្ងាយពី​យើង​’ ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ​”។

អ្នកស្រី​ Nass-Starr ​បាន​បន្ថែម​ថា អ្នកស្រី​​ក៏​កំពុង​ពិចារណា​​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្ថានទូត​អូស្ត្រាលី​ទាក់​ទិន​នឹង​បញ្ហា​នេះផង​ដែរ​។

គេ​មិន​អាច​ទាក់​ទង​មន្ត្រី​នៅ​ស្ថានទូត​អូស្ត្រាលី​​​បាន​ឡើយ​កាលពី​ម្សិលមិញ​។

លោក ភារម្យ បាន​បដិសេធ​ថា ខ្លួនមិន​បាន​វាយដំ​​អ្នកស្រី Nass-Starr ​ទេ ដោយ​អះអាង​ថា ខ្លួន​គ្រាន់​តែ​យក​ម៉ូតូ​ចេញ​តាម​សម្រួល​ដើម្បី​កុំ​ឲ្យ​វា​នៅ​បាំង​ច្រក​ចូល​ចំណត​រថយន្ត​តែ​ប៉ុណ្ណោះ។ លោក​បាន​លើក​​ឡើង​ថា ឈ្មោះ​ ញឹង ប៊ុនធើយ អាយុ​២៣​ឆ្នាំ ដែល​ជា​ប្ដី​របស់​ជនជាតិ​អូស្ត្រាលី​រូប​នេះ​បាន​បដិសេធ​​មិន​ព្រម​យក​ម៉ូតូ​ចេញ​។ លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​​យក​ម៉ូតូ​ចេញ ហើយ​ [ឈ្មោះ ប៊ុនធើយ] បាន​ឆ្លើយ​តប​មក​ថា ​ខ្លួន​មាន​សិទ្ធិ​ចត​ម៉ូតូ​នៅ​ទីនោះ​”។ ​លោក​បាន​បន្ថែម​ថា បន្ទាប់​មកទៀត​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរ​បាល​របស់​លោក​ទាញ​ម៉ូតូ​នេះ​ចេញ​ពី​ច្រក​ចូល​ចំណត​រថយន្ត​។

លោក​ ភារម្យ ​បាន​និយាយ​ទៀត​ថា ” ជា​មន្ត្រី​នគរ​បាល​អន្តរាគមន៍​ខេត្ត​ម្នាក់​​​ ខ្ញុំ​ដឹង​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ ហើយ​ខ្ញុំ​​មិន​បាន​វាយ​ដំ​ពួកគេ​ទេ​”។ លោក​ក៏​​បាន​​ចោទ​ប្រកាន់​ ប៊ុនធើយ ​ថា ​ជា​មនុស្ស​ម្នាក់​ដែល​​មក​ពី​គ្រួសារ​ចោរ​ផង​ដែរ​​​​។ លោក​បាន​និយាយ​បន្ថែម​ថា “សមាជិក​គ្រួសារ​របស់​ប្ដី​ជនជាតិ​អូស្ត្រាលី​រូប​នេះ​ គឺ​សុទ្ធ​តែ​ជា​ចោរ​។ ពួកគេ​លួច​របស់​របរ​ផ្សេង​ៗ​ពី​ភ្ញៀវ​ទេសចរ​នៅ​លើ​ឆ្នេរ។ យើង​ [នគរ​បាល​] ដូច​ជា​ឆ្អឹង​ទទឹង​ក​ពួកគេ​អ៊ីចឹង​”។

លោក ញ៉ែប ផន ​នាយ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​បន្ត​តាម​ដាន​ករណី​នេះ​ ប៉ុន្តែ​ថា ទាំង​លោក​ ភារម្យ និង​អ្នកស្រី Nass-Starr ​ទំនង​ជា​ខុស​ដូច​គ្នា​។ លោក​បាន​មាន​ប្រសាសន៍​ថា “គ្មាន​ការ​ទះកំផ្លៀង​ទេ គ្រាន់​តែ​វាយ​ដៃ ហើយ​ចាប់​ទាញ​​ដៃ​ឲ្យ​ចុះ​ពី​ម៉ូតូ​តែ​ប៉ុណ្ណោះ​ បុ៉ុន្តែ​គ្មាន​ស្នាម​ជាំ​​នោះ​ទេ​។ អ្នក​ទាំងពីរ​សុទ្ធ​តែ​ខុស​ដូ​ចគ្នា​ ព្រោះ​ពួកគេ​មិន​ចេះ​អធ្យាស្រ័យ​គ្នា​”៕ ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស