26 C
Phnom Penh

អ្នក​បើក​បរ​រថយន្ត​អះ​អាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារប្រាក់​ចំពោះ​កា​រដឹក​គ្រឿង​សង្ហារិម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បើក​បរ​រថយន្ត​មួយ​ក្រុម​បានបិទ​ផ្លូវ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​អង្គារ តវ៉ា​ទៅ​នឹង​អ្វី​ដែល​ពួកគេ​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​គ្រឿង​សង្ហារិម​កែច្នៃ​រួច​។

អ្នក​បើក​បរ​ប្រហែល​២០​នាក់​បាន​ចត​រថយន្ត​របស់​ខ្លួន​កាត់​ផ្លូវ​ជាតិ​លេខ​៧៦​ ក្នុង​ស្រុក​កែវសីមា ដែល​កង​រាជ​អាវុធ​ហត្ថ​ មន្ត្រីរដ្ឋបាល​ព្រៃ​ឈើ និង​នគរ​បាល​សេដ្ឋកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​ត្រួត​ពិនិត្យ​រថយន្ត​បើក​ឆ្លង​កាត់នោះ​ តវ៉ា​​នឹង​ការ​បង់​លុយ​ “ក្រោម​​តុ”។

លោក សុខ បូរី អាយុ​៣៣​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ម្នាក់ដែល​បាន​ចូល​រួម​ការ​តវ៉ា​និយាយ​ថា លុយ​ដែលលោក​​រំពឹង​ថា នឹង​បង់​នោះ​គឺ​ខ្ពស់​ណាស់​ ដែល​លោក​មិនអាច​រក​លុយ​បាន​ពី​ការ​ដឹក​​គ្រឿង​សង្ហារិម​ឡើយ។

លោក​បាន​និយាយ​ថា “មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​បួន​ទៅ​ប្រាំ​កន្លែង​ឯណោះ ហើយយើង​ត្រូវ​បង់​លុយ​ពី​១០.០០០ទៅ​២០.០០០​រៀល​​ក្នុង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​នីមួយៗ។ ប្រសិន​បើ​យើង​​មិន​បង់​លុយ​នៅ​​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នីមួយ​ៗ​ទេ​នោះ ពួកគេ​បាន​គំរាម​រឹប​អូស​យក​រថយន្ត​របស់​យើង​”។

លោក ស៊ិន វណ្ណវុធ អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា អ្នក​បើក​បរ​មិន​មាន​លិខិត​ស្នាម​ដែល​ចេញ​ដោយ​ម្ចាស់​​អាជីវកម្ម​ជា​ភ័ស្តុតាង​ថា​ គ្រឿង​សង្ហារិម​ធ្វើពីឈើ​នេះ​មិន​មែន​ធ្វើ​ពី​ឈើ​ខុស​ច្បាប់ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​បើក​បរត្រូវ​អនុវត្ត​តាម​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ដើម្បី​​ទប់​ស្កាត់​បទ​ល្មើស​​ព្រៃ​ឈើ យើង​ត្រូវ​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​គ្រឿង​សង្ហារិម​ដែល​គ្មាន​លិខិត​ស្នាម ពីព្រោះ​គ្រឿង​សង្ហារិម​ទាំង​នោះ​ធ្វើពី​ឈើ​”។

អ្នក​បើក​បរ​ដែល​ធ្វើ​ការ​តវ៉ា​លើក​ឡើង​ថា ភាគច្រើន​នៃ​អតិថិជន​របស់​ខ្លួន​គឺ​ជា​ម្ចាស់​អាជីវ​កម្ម​លក់​គ្រឿង​សង្ហារិម​តូច​តាច​ លក្ខណៈគ្រួសារ ដែល​​មិន​បាន​ចេញ​លិខិត​ស្នាម​។

​លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធ​ថា កង​រាជ​អាវុធ​ហត្ថ​មិន​បាន​ជំរិត​ទារ​ប្រាក់ពី​អ្នក​ភូមិ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” សូម​ផ្ដល់​ភ័ស្តុ​តាង​ពី​ [ការ​ធ្វើខុស​របស់​កង​រាជ​អាវុធ​ហត្ថ]។ ជួន​កាល​អ្នក​រត់តាក់ស៊ី​យល់បន្ទោសច្រឡំ​​​លើ​កង​រាជ​អាវុធ​ហត្ថ​​នៅ​ពេល​ពួកគេ​បាន​រំលោភ​ច្បាប់​ចរាចរណ៍​”។

លោក ឯម សុភ័ក្ត្រ អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ប្រចាំ​ខេត្ត​នេះ​បាន​អំពាវ​នាវ​ឲ្យ​​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ណាដែល​យក​លុយ​ពី​ប្រជា​ពល​រដ្ឋ​ដោយ​ខុស​ច្បាប់​។ លោក​បាន​មាន​ប្រសាសន៍​ថា ” វា​អនាធិបតេយ្យ​​ដែល​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទាំង​នេះ​មិន​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ប៉ុន្តែ​ជា​ឱកាស​យក​លុយពី​អ្នក​បើក​បរ​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អាជ្ញាធរ​មួយ​ចំនួន​ទៅ​វិញ​”៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស