35 C
Phnom Penh

កញ្ញា សន សៀវមីុ ចូល​​​រួម​​​​​​ក្នុង​​​អង្គភាពអង្គរក្ស​​​ពិសេស​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​ឆ្នាំ​​​កន្លង​​​ទៅ​​​ កញ្ញា សន សៀវមីុ  បាន​​​ចំណាយ​​​ពេល​​​ភាគ​​​ច្រើន​​​​​​​​​ដើម្បី​​​ត្រៀ​​​ម​​​ខ្លួន​​​សម្រាប់​​​ការ​​​​​​ប្រកួត​​​​​​កីឡា​​​អាស៊ីហ្គេម​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េខាង​​​ត្បូង​​​ ដែល​​​ជា​​​លទ្ធផល​​​ នាង​​​ដណ្តើម​​​បាន​​​មេដាយ​​​មាស​​​ដំបូង​​​មិន​​​ធ្លាប់​​​មាន​​​​​សម្រាប់​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ ។ ប៉ុន្តែ ទន្ទឹម​​​នឹង​​​នេះ​​​ នាង​​​ក៏​​​បាន​​​លួច​​​ហ្វឹក​​​ហាត់​​​សម្រាប់​​​ទម្រង់​​​នៃ​​​ការ​​​ប្រកួត​​​មួយ​​​ទៀត​​​ផង​​​ដែរ។eavmey

លោក​​​ ទូច ណារ៉ុថ ប្រធាន​​​នាយក​​​ដ្ឋាន​​​អង្គរក្ស​​​​​​​​​នៃ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កាល​​​ពី​​​បី​​​ខែ​​​មុន តារាក្បាច់​​​គុន​​​តេក្វាន់​​​ដូ​​​វ័យ​​​១៩​​​ឆ្នាំ​​​រូប​​​នេះ​​​បា​​​ន​​​ស្ថិត​​​ក្នុង​​​ចំណោម​​​​​​បេក្ខជន​​​ថ្មី​​​ចំនួន​​​១០០​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ឲ្យ​​​ចូលបម្រើ​​​ការ​​​​​​នៅ​​​ក្នុង​​​អង្គភាព​​​អង្គរក្ស​​​ពិសេស​​​នៃ​​​ក្រសួងនេះ​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​ហ្វឹក​​​ហាត់​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ។

លោក ទូច ណារ៉ុថ បាន​​​បញ្ជាក់​​​ថា អង្គភាព​​​នេះ​​​ជ្រើស​​​រើស​​​អ្នក​​​ដែល​​​ធ្លាប់​​​ហាត់​​​ក្បាច់​​​គុន​​​ ហើយ​​​​​​ជ្រើស​​​រើស​​​បាន​​​ប្រាំពីរ​​​នាក់​​​ ដែល​​​សុទ្ធ​​​តែ​​​មាន​​​ប្រវត្តិ​​​ខ្លាំង​​​ខាង​​​ក្បាច់​​​គុន​​​តេក្វាន់​​​ដូ​​​ ឬការ៉ាត់​​​តេ​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​កញ្ញា សន ដាវីន និង​​​យុវជន​​​ សន អេលីត​​​ ដែល​​​ត្រូវ​​​ជា​​​បង​​​ប្អូន​​​បង្កើត​​​របស់​​​កញ្ញា សន សៀវមីុ  ផង​​​ដែរ​​​​​​​​​​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​មិន​​​ចាំបាច់​​​បង្ហាត់​​​​​​ពួកគេ​​​ច្រើន​​​ទេ ពីព្រោះ​​​ពួកគេ​​​មាន​​​បទ​​​ពិសោធ​​​ខាង​​​ក្បាច់​​​គុន​​​ស្រាប់​​​ ហើយ​​​ពួក​​​គេ​​​ថែម​​​ទាំង​​​អាច​​​បង្ហាត់​​​នគរ​​​បាល​​​ផ្សេង​​​ទៀត​​​បាន​​​ទៀត​​​ផង​​​។ ប្រសិន​​​បើ​​​យើង​​​មាន​​​បួន​​​ប្រាំ​​​នាក់​​​ដូច​​​នាង ​​​ពួក​​​គេ​​​អាច​​​បង្ហាត់​​​នគរ​​​បាល​​​បាន​​​​​​៩៥​​​នាក់​​​ផ្សេង​​​ទៀត​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​ការ​​​ហ្វឹក​​​ហាត់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ សមាជិក​​​នៃ​​​អង្គភាព​​​អង្គរក្ស​​​​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​ឲ្យ​​​ការ​​​ពារ​​​សុវត្ថិភាព​​​ជូន​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ និង​​​គណៈ​​​ប្រតិភូ​​​អន្តរ​​​ជាតិ។ លោក​​​បាន​​​លើក​​​ឡើង​​​​​​បន្ត​​​ថា “កម្ពស់​​​របស់​​​នាង​​​​​​​​​គឺ​​​សំខាន់​​​ណាស់​​​ ពីព្រោះ​​​យើង​​​ត្រូវ​​​ការ​​​ពារ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​”។

កញ្ញា សន សៀវមីុ  ដែល​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ក្នុង​​​នាម​​​ជា​​​វីរនារី​​​តំណាង​​​ឲ្យជាតិ​​​ទាំង​​​មូល​​​ ក្រោយ​​​ពី​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ក្បាច់​​​គុន​​​តេក្វាន់​​​ដូ​​​​​​ផ្នែក​​​នារី​​​ទម្ងន់​​​ក្រោម​​​៧៣​​​គីឡូក្រាមនៅ​​​​​​ក្នុង​​​ទីក្រុង​​​អីុនឆុន (Incheon) បាន​​​និយាយ​​​ថា ជំនាញ​​​ក្បាច់​​​គុន​​​តេក្វាន់​​​ដូ​​​​​​របស់​​​នាង​​​បាន​​​ជួយ​​​ដល់​​​​​​នាង​​​នៅ​​​​​​ក្នុង​​​ការ​​​ហ្វឹក​​​ហាត់​​​ធ្វើ​​​ជា​​​អង្គរក្ស។

កញ្ញា សន សៀវមីុ ​​​​​​កម្ពស់​​​១,៨ម៉ែត្រ ដែល​​​ខ្ពស់​​​ជាង​​​បុរស​​​កម្ពុជា​​​ភាគ​​​ច្រើន​​​បាន​​​និយាយ​​​ទៀត​​​ថា “វា​​​ធម្មតា​​​ទេ​​​សម្រាប់​​​ខ្ញុំ  ពីព្រោះ​​​ខ្ញុំ​​​មាន​​​បទ​​​ពិសោធ​​​ខាង​​​ក្បាច់​​​គុន ហើយ​​​វា​​​មិន​​​​​​ខុស​​​ប្លែក​​​គ្នា​​​ខ្លាំង​​​ទេ​​​”។

​​​ក្នុង​​​ចំណោម​​​អត្តពល​​​ិក​​​ក្បាច់​​​គុន​​​លេច​​​ធ្លោ​​​ មិន​​​មែន​​​មាន​​​តែ​​​បង​​​ប្អូន​​​បង្កើត​​​ត្រកូល​​​ សន នោះ​​​ទេ ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​​​​ចូល​​​ក្នុង​​​អង្គភាព​​​នេះ។ ឌុន សម្ផស្ស​​​ ជា​​​ម្ចាស់​​​ខ្សែ​​​ក្រវ៉ាត់​​​ខ្មៅ​​​ផ្នែក​​​ក្បាច់​​​គុន​​​ការ៉ាត់តេ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ប្រកួត​​​នៅ​​​ក្នុង​​​ព្រឹត្តិការណ៍​​​កីឡា​​​ស៊ីហ្គេម​​​២០១៣​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ភូមា ក៏​​​បានក្លាយ​​​ជា​​​អង្គរក្ស​​​ដែរ​​​។

លោក ឌុន​​​ សម្ផស្ស បាននិយាយ​​​ថា “យើង​​​ហ្វឹក​​​ហាត់​​​បួន​​​ប្រាំ​​​ថ្ងៃ​​​ក្នុង​​​មួយ​​​សប្តាហ៍​​​នៅ​​​នាយកដ្ឋាន​​​អង្គរក្ស​​​នៃ​​​ក្រសួង​​​មហាផ្ទៃ។ យើង​​​ហ្វឹក​​​ហាត់​​​ពីរបៀប​​​រត់​​​​​​ដើម្បីការ​​​ពារ​​​ភ្ញៀវ និង​​​ដើម្បី​​​បង្កើត​​​កម្លាំង​​​រាង​​​កាយ​​​របស់​​​យើង​​​”។

ទន្ទឹម​​​នឹង​​​​​​ការ​​​ហ្វឹក​​​ហាត់​​​ផ្នែក​​​រាង​​​កាយ​​​ អង្គភាព​​​នេះ​​​ក៏​​​ទទួល​​​ហ្វឹក​​​ហាត់​​​ខាង​​​កាន់​​​កាំភ្លើង​​​ផង​​​ដែរ​​​។ អ្នកស្រី សួន ចន្ធី​​​ ដែល​​​ត្រូវ​​​ជា​​​ម្តាយ​​​របស់​​​​​​បង​​​ប្អូន​​​​​​ត្រកូល សន បាន​​​និយាយ​​​ថា ដំបូង​​​ឡើយ​​​អ្នកស្រី​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​កូន​​​ស្រី​​​​​​ប្រើ​​​ប្រាស់​​​កាំភ្លើង​​​ ប៉ុន្តែ ពេល​​​នេះ​​​អ្នកស្រី​​​កាន់​​​តែ​​​​​​មាន​​​ចំណាប់​​​អារម្មណ៍​​​លើ​​​រឿង​​​នេះ។

អ្នក​​​ស្រី សួន ចន្ធី ដែល​​​បាន​​​ចិញ្ចឹម​​​កញ្ញា សន សៀវមីុ  និង​​​បង​​​ប្អូន​​​​​​បង្កើត​​​ចំនួន​​​ប្រាំ​​​នាក់​​​​​​​​​​​​របស់​​​នាង​​​រហូត​​​ដល់​​​ធំ​​​ពេញ​​​វ័យ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​នាង​​​នៅ​​​ពេល​​​ឈាន​​​ដល់​​​ការ​​​កាន់​​​កាំភ្លើង​​​ ប៉ុន្តែ ខ្ញុំ​​​ក៏​​​ចង់​​​ឲ្យ​​​កូន​​​ស្រី​​​របស់​​​ខ្ញុំ​​​មាន​​​ការ​​​ងារ​​​ជា​​​មន្ត្រី​​​សាធារណៈ​​​ដែរ ​​​​​​នៅ​​​ពេល​​​នាង​​​ចាស់​​​ទៅ​​​ និង​​​មិន​​​អាច​​​លេង​​​កីឡា​​​បាន”។

ទោះ​​​បី​​​ជាអ្នក​​​ស្រី​​​ទទួល​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​ជ្រើស​​​រើស​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ចូល​​​បម្រើការ​​​នៅ​​​ក្នុង​​​អង្គភាព​​​អង្គរក្ស​​​ក្តី​​​ ក៏​​​អ្នក​​​ស្រី​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា កញ្ញា សន សៀវមីុ  នឹង​​​ជួប​​​​​​ការ​​​ពិបាក​​​​​​​​​​​​​​​ក្នុង​​​ការ​​​លៃពេល​​​វេលាសម្រាប់​​​​​​ហាត់​​​ក្បាច់​​​គុន​​​តេក្វាន់ដូ ការ​​​ហ្វឹក​​​ហាត់​​​ធ្វើ​​​ជា​​​អង្គរក្ស និងការ​​​សិក្សា​​​របស់​​​នាង​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​សម្រេច​​​ឲ្យ​​​កញ្ញា សន សៀវមីុ ជាប់​​​ដោយ​​​ស្វ័យប្រវត្ត​​​ិនៅ​​​ក្នុងការ​​​ប្រឡង​​​ថ្នាក់​​​ទី​​​១២ បន្ទាប់​​​ពីនាង​​​ដណ្តើមបាន​​​​​​មេដាយ​​​មាស​​​ជូន​​​​​​ជាតិ។ នាង​​​មាន​​​បំណង​​​សិក្សា​​​មុខវិជ្ជា​​​ច្បាប់ ប៉ុន្តែ នាង​​​មិនទាន់​​​សម្រេច​​​ចិត្ត​​​ថា​​​ត្រូវ​​​ជ្រើស​​​រើស​​​សាកល​​​វិទ្យា​​​ល័យ​​​ណា​​​មួយ​​​នៅឡើយ​​​ទេ​​​។

អ្នកស្រី សួន​​​ ចន្ធី ម្តាយ​​​របស់​​​នាង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ ពីព្រោះ​​​នាង​​​នឹង​​​ត្រូវ​​​ខិត​​​ខំ​​​យ៉ាង​​​ខ្លាំង​​​​​​ ប៉ុន្តែ ខ្ញុំ​​​ក៏​​​សប្បាយ​​​ចិត្ត​​​ដែរ ពីព្រោះ​​​ខ្ញុំ​​​មិនដែល​​​គិតថា គ្រួសារ​​​របស់​​​ខ្ញុំ​​​មាន​​​ដូច​​​ថ្ងៃ​​​នេះ​​​ទេ​​​”។

លោក ទូច​​​ ណារ៉ុថ បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​វិភាគ​​​មមាញឹក​​​របស់​​​កញ្ញា សន សៀវមីុ ​​​នឹង​​​ត្រូវ​​​បាន​​​សម្រប​​​សម្រួល​​​ អំឡុង​​​ការ​​​ហ្វឹក​​​ហាត់​​​​​​ការ​​​ហ្វឹក​​​​​​ហាត់​​​របស់​​​នាង​​​ធ្វើជា​​​អង្គរក្ស​​​។​​​ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​នឹង​​​ផ្តល់​​​ពេល​​​ឲ្យ​​​នាង​​​រៀន​​​សូត្រ និង​​​ហាត់​​​តេក្វាន់​​​ដូ ពីព្រោះ​​​នាង​​​ត្រូវ​​​ត្រៀមខ្លួន​​​សម្រាប់​​​ការ​​​ប្រកួត​​​កីឡា​​​អូ​​​ឡាំពិក​​​នៅ​​​​​​ប្រេស៊ីល ក្នុង​​​ពេល​​​ពីរ​​​ឆ្នាំ​​​ទៀត​​​​​​”៕​​​សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស