38.1 C
Phnom Penh

អគ្គិភ័យ​បំផ្លាញ​តូប​លក់ដូរ​របស់​អាជីវករ​ខ្មែរ​នៅផ្សារ​ជិត​ព្រំដែន​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​​មូល​ដ្ឋាន​ម្នាក់​បាន​និយាយ​ថា អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្សារ​រុងក្លឿ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ជិត​ព្រំដែន​កម្ពុជា​កាលពី​យប់​ថ្ងៃ​អង្គារ បណ្ដាល​ឲ្យ​​ខូច​ខាត​​តូប​ចំនួន​២០​ដែល​ភាគ​ច្រើន​ជា​របស់​អាជីវករ​ខ្មែរ​គិត​ជា​ទឹក​ប្រាក់​ជាង​៣០០.០០០​ដុល្លារ​។

លោក អាន វណ្ណៈ ប្រធាន​​ច្រក​ព្រំដែនអន្តរជាតិ​ប៉ោយប៉ែត​បាន​មាន​ប្រសាសន៍​ថា អគ្គិ​ភ័យ​នេះបាន​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​១០​និង​២៥​នាទី​យប់ ហើយ​បាន​បំផ្លាញ​តូបលក់ដូរ​របស់​​អាជីវករ​ខ្មែរ ដែល​ភាគច្រើន​លក់​អាវ​ជជុះ​ និង​គ្រឿង​សង្ហារិម​។ លោក​បាន​មានប្រសាសន៍​ថា ” អាជ្ញាធរ​ថៃ​បាន​ជូន​ដំណឹង​មក​យើង​ថា អគ្គិភ័យ​នេះ​ទំនង​ជា​បណ្ដាល​មក​ពីការ​ទុស្សេ​ខ្សែភ្លើង​”។

លោក​បាន​បន្ថែម​ថា នេះ​ជា​លើក​ទី​២​ហើយ​នៅឆ្នាំនេះ ដែល​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្សារ​ដែល​​ចង្អៀត​​​ណែនណាន់​តាន់​តាប់​នេះ​។ ខ្ញុំ​សោក​ស្ដាយ​ជំនួស​ពួកគាត់ខ្លាំងណាស់ ពីព្រោះ​អាជីវករ​ប្រឹង​ប្រែង​រក​ស៊ី ហើយ​ពួកគាត់​បាន​បាត់​បង​់របស់របរ​របស់ខ្លួន​ទាំង​អស់”។

លោក ទឹម សារ៉េត អនុប្រធាន​ការិយាល័យ​សម្រប​សម្រួល​​ព្រំដែន​កម្ពុជា​-ថៃ​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ការិយាល័យ​របស់​លោក​ដឹង​ថា មាន​អគ្គិភ័យ​នៅម៉ោង​​១០​និង​៣០​នាទី​យប់ លោក​បាន​ទាក់ទង​​ទៅ​នគរ​បាល​ថៃ​ ហើយ​បាន​ចាត់ចែងធ្វើយ៉ាងណាឲ្យអាជីវករ​ខ្មែរ​អាច​ចូល​ទៅ​ក្នុង​កន្លែង​នោះ និង​យក​របស់​របរ​ដែល​ពួកគាត់​​អាច​យក​បាន។

លោក​បាន​បន្ថែម​ថា នេះ​ជា​លើក​​ទី​២​ហើយ​ដែល​ផ្សារ​នេះ​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ ហើយ​​ពី​មុន​ក៏​មាន​ការ​លើក​ឡើង​ថា ដោយ​សារ​ការ​ទុស្សេ​ខ្សែ​ភ្លើង​ដែរ​។ យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​រាប់​រយ​នាក់បាន​​​នាំគ្នា​ឈរ​មើល​អ្នកពន្លត់​អគ្គិភ័យ ដែល​ព្យាយាម​ពន្លត់​ភ្លើង​ដោយប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ​ជាង​២០​គ្រឿង៕ សារុន​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស