មន្ត្រីមូលដ្ឋានម្នាក់បាននិយាយថា អគ្គិភ័យបានឆាបឆេះផ្សាររុងក្លឿក្នុងខេត្តស្រះកែវ ប្រទេសថៃជិតព្រំដែនកម្ពុជាកាលពីយប់ថ្ងៃអង្គារ បណ្ដាលឲ្យខូចខាតតូបចំនួន២០ដែលភាគច្រើនជារបស់អាជីវករខ្មែរគិតជាទឹកប្រាក់ជាង៣០០.០០០ដុល្លារ។
លោក អាន វណ្ណៈ ប្រធានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានមានប្រសាសន៍ថា អគ្គិភ័យនេះបានឆាបឆេះនៅម៉ោងប្រហែល១០និង២៥នាទីយប់ ហើយបានបំផ្លាញតូបលក់ដូររបស់អាជីវករខ្មែរ ដែលភាគច្រើនលក់អាវជជុះ និងគ្រឿងសង្ហារិម។ លោកបានមានប្រសាសន៍ថា ” អាជ្ញាធរថៃបានជូនដំណឹងមកយើងថា អគ្គិភ័យនេះទំនងជាបណ្ដាលមកពីការទុស្សេខ្សែភ្លើង”។
លោកបានបន្ថែមថា នេះជាលើកទី២ហើយនៅឆ្នាំនេះ ដែលអគ្គិភ័យបានឆាបឆេះផ្សារដែលចង្អៀតណែនណាន់តាន់តាប់នេះ។ ខ្ញុំសោកស្ដាយជំនួសពួកគាត់ខ្លាំងណាស់ ពីព្រោះអាជីវករប្រឹងប្រែងរកស៊ី ហើយពួកគាត់បានបាត់បង់របស់របររបស់ខ្លួនទាំងអស់”។
លោក ទឹម សារ៉េត អនុប្រធានការិយាល័យសម្របសម្រួលព្រំដែនកម្ពុជា-ថៃបានមានប្រសាសន៍ថា នៅពេលការិយាល័យរបស់លោកដឹងថា មានអគ្គិភ័យនៅម៉ោង១០និង៣០នាទីយប់ លោកបានទាក់ទងទៅនគរបាលថៃ ហើយបានចាត់ចែងធ្វើយ៉ាងណាឲ្យអាជីវករខ្មែរអាចចូលទៅក្នុងកន្លែងនោះ និងយករបស់របរដែលពួកគាត់អាចយកបាន។
លោកបានបន្ថែមថា នេះជាលើកទី២ហើយដែលផ្សារនេះត្រូវអគ្គិភ័យឆាបឆេះ ហើយពីមុនក៏មានការលើកឡើងថា ដោយសារការទុស្សេខ្សែភ្លើងដែរ។ យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែររាប់រយនាក់បាននាំគ្នាឈរមើលអ្នកពន្លត់អគ្គិភ័យ ដែលព្យាយាមពន្លត់ភ្លើងដោយប្រើរថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង៕ សារុន