27 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​យុវជន​ម្នាក់​បន្ទាប់ពី​បើករថយន្ត​បុក​មនុស្ស​ពីរ​នាក់​ស្លាប់​ក្នុង​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​​បាន​ចាប់​ខ្លួន​​អ្នក​បើក​រថយន្ត​ធុនធ្ង​ន់​ម្នាក់​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​យុវជនរូប​នេះ​បាន​បើក​បុក​ស្ត្រី​អាយុ​៦៧​ឆ្នាំ​ម្នាក់ និង​ចៅ​ស្រីអាយុ​៥​ឆ្នាំ​របស់​គាត់​ស្លាប់​ក្នុង​ខេត្ត​កណ្ដាល​។

លោក នៅ សុភ័ណ នាយ​នគរ​បាល​​ចរាចរ​ស្រុក​បាន​មាន​ប្រសាសន៍​ថា ​អ្នកស្រី រ៉ៃ ខែម បាន​ជិះកង់​ឌុប​ចៅស្រី​របស់​ខ្លួន​ឈ្មោះ វុធ សុខគៀង ​ក្នុង​ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់​កណ្ដាល​។

យោង​តាម​អធិការ​នគរ​បាល​ស្រុក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រសៀល​ រថយន្ត​ Hyundai ដែលបើកបរដោយ​យុវជន​ សុខ ដែន អាយុ​១៩​ឆ្នាំ​បើក​ក្នុង​ល្បឿន​លឿន​បុក​គាត់​ពីក្រោយ​បណ្ដាល​​ឲ្យ​អ្នកស្រី ខែម និង​កុមារី សុខគៀង ស្លាប់​ភ្លាមៗ​។

លោក សុភ័ណ បាន​មានប្រសាសន៍​ថា បន្ទាប់ពី​បង្ក​គ្រោះ​ថ្នាក់​ ជន​សង្ស័យ​បាន​បន្ថែម​ល្បឿន ហើយ​រត់​គេច​ពី​កន្លែង​កើត​ហេតុ​។ មន្ត្រី​នគរ​បាល​របស់​យើង​បាន​បើក​​រថយន្ត​​តាម រថយន្ត​​របស់​យុវជន​នេះ ប៉ុន្តែ​យើង​ខ្លាច​ថា​ជននេះ​អាច​បង្ក​​គ្រោះ​ថ្នាក់​បន្ថែម​ទៀត​ ដូច្នេះ​ពួកគេ​បាន​បើក​តាម​ក្នុង​ល្បឿន​យឺត”។

លោក សុភ័ណ បាន​មាន​ប្រសាសន៍​ថា ការ​បើក​ដេញ​តាម​រយៈពេល​១ម៉ោង​បានឈប់​នៅពេល​មន្ត្រី​នគរ​បាល​ក្រុម​ទី២ បាន​ដាក់របាំងបិទ​ផ្លូវ​រថយន្ត​របស់​ សុខ ដែន នៅ​ផ្លូវ​ជាតិ​លេខ​៦A ក្នុង​រាជ​ធានី​ភ្នំពេញ កន្លែង​ដែល​នគរ​បាល​ចាប់ខ្លួន​ជន​នេះ​បាន​។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​នគរ​បាល​ត្រួត​ពិនិត្យ​រថយន្ត​បន្ទាប់ពី​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ ពួកគេ​រក​មិន​ឃើញ​ប័ណ្ណ​បើក​បរ​ទេ។ យើង​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​យុវ​ជន​នេះបើក​បរ​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ​។

យោង​តាម​លោក សុភ័ណ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សាក​សួរ​នៅ​​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ខ្សាច់​កណ្ដាល យុវជន​ សុខ ដែន​ បាន​និយាយ​ថា ខ្លួន​បាន​បើក​រថយន្ត​បុក​កង់​នោះ​ដោយ​ចៃដន្យទេ ពីព្រោះ​អ្នកស្រី ខែម បាន​ជិះ​កង់​ម្ត​ង​រេ​ទៅ​នេះម្ត​ងរេ​ទៅ​នោះ ហើយ​បាន​អះអាង​ថា ​ខ្លួន​បាន​បើក​រត់​ ព្រោះ​ខ្លាច​អ្នក​ភូមិ​វាយខ្លួន​។

លោក សុភ័ណ បាន​មាន​ប្រសាសន៍​ថា យុវជន​ សុខ ដែន មានដើមកំណើតមក​ពី​ខេត្ត​ស្វាយ​រៀង ហើយ​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុនឯកជន​មួយ​ក្នុង​ខេត្ត​កណ្ដាល​រយៈ​ពេល​ប្រហែល​១ខែ​មក​ហើយ ប៉ុន្តែ​មន្ត្រី​នគរ​បាល​រូប​នេះ​មិន​ចាំ​​ឈ្មោះ​ក្រុម​ហ៊ុន​ដែល សុខ ដែន បាន​បើក​បរ​ដឹក​ធុង​ទឹក​សុទ្ធ​ទទេ​ចំណុះ​២០លីត្រ​នៅ​ពេល​បង្ក​គ្រោះថ្នាក់​នោះឡើយ​។

លោក វ៉ាត សុផល ស្នង​ការ​នគរ​បាល​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍​ថា សុខ ដែន កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​​ខេត្ត ហើយ​​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​។ លោក​បាន​បន្ថែម​ថា ” រថយន្ត​របស់​ជន​សង្ស័យ​ និង​កង់​របស់​ជនរងគ្រោះ​កំពុង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​រហូត​ដល់​ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស