38 C
Phnom Penh

ទីភ្នាក់ងារ​បារាំង​នឹង​ផ្តល់​ឥណទាន​សម្រាប់​ប្រជាជនជនបទមានលទ្ធភាព ប្រើប្រាស់ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​មាន​ទឹក​ប្រាក់​សរុប៦​លាន​ដុល្លារ ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (MFI) ចំនួន​៣ ដើម្បី​ជួយ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ជន​បទ​អាច​ទិញ​ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​និង​អគ្គិសនី។

លោក ទុង សុខលីម មន្ត្រី​ព័ត៌មាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បាន​ឲ្យ​ដឹង​តាមរយៈអីុម៉េល​កាលពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នឹង​ផ្តល់​ឥណទាន​ដល់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញវត្ថុ​ក្រេឌីត គ្រឹះស្ថាន​ធនាគារ​ភូមិ និង វីហ្សិន​ហ្វាន់ ដើម្បីធ្វើជាប្រាក់កម្ចី​មាន​ការ​ប្រាក់​ទាប​សម្រាប់ផ្តល់ដល់​ប្រជាពលរដ្ឋ​ជនបទ​២៥.០០០​គ្រួសារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ព្រមព្រៀង​នេះ​គ្រោង​នឹង​ចុះ​ហត្ថលេខា​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

លោក អង់ដ្រេ ពូអីុឡេ ឌូប្លេ នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​តាំង​ពិព័រណ៍​ផលិតផល​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​ថា “យើង​កំពុង​ធ្វើ​ការ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៣ ដើម្បីអាច​ផ្តល់​កម្ចី​ដល់​ពួកគេ ហើយ​បន្ទាប់​មក​​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថានទាំង​៣ ដើម្បី​ទិញ​ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ និង​អគ្គិសនី”។

លោក ព្រាប ពិសិដ្ឋ ប្រធានប្រតិបត្តិការ​ជាន់​ខ្ពស់​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វីហ្សិនហ្វាន់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នឹង​យក​ការ​ប្រាក់​ចន្លោះ​ពី​២​ទៅ​៤,៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ពី​ស្ថាប័ន​ទាំង​បី ហើយ​វីហ្សិនហ្វាន់​នឹង​យក​ការ​ប្រាក់​ប្រចាំ​ខែ​អតិបរមា​២,៥​ភាគរយ​ពី​អ្នក​ទទួល​កម្ចី។

លោក ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា “ប្រជាពលរដ្ឋ​ដែល​មាន​លក្ខណៈ​សម្បត្តិ​សម​នឹង​ទទួល​កម្ចី ចាំបាច់​ត្រូវ​មាន​អាជីវកម្ម ឬ​មុខរបរ​ត្រឹមត្រូវ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស