36 C
Phnom Penh

រដ្ឋាភិបាល​​​ទាត់​ចោល​​ការ​ទាម​ទារ​របស់​​សហជីព​​​​​ពាក់​ព័ន្ធ​ប្រាក់​ខែ​គោល​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​​បង្កើត​ក្រុម​ការ​ងារ​​មួយ​ជា​ពិសេស​ ដើម្បី​​មិន​ឲ្យ​សហជីព​មួយ​ចំនួន​ចូល​រួម​នៅ​ក្នុង​ការ​ចរចា​​​​​ប្រាក់​​ខែ​គោល​​​សម្រាប់​វិស័យ​កាត់​ដេរ​ ក្រសួង​​​​ការ​ងារ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​​ខ្លួន​បាន​​ទាត់​ចោល​ការ​ទាម​ទារ​​ប្រាក់​ខែ​គោល​​១៤០​ដុល្លារ​របស់​សហជីព​​​ ​ដោយ​ងាក​ទៅ​​គាំទ្រ​អនុសាសន៍​​ពី​រដ្ឋាភិបាល​ និង​ថៅកែ​រោងចក្រ​។

​គណៈកម្មការ​មួយ​ដែល​មាន​សមាសភាព​​​មេដឹកនាំ​សហជីព​៩​រូប ​តំណាង​រោងចក្រ​៩រូប និង​មន្ត្រី​រដ្ឋាភិបាល​​​៩រូប​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​​ស្វែង​រក​មតិរួម​សម្រេច​លើ​ប្រាក់​ខែ​គោល​ថ្មី​​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​​​ដែល​សម្បូរ​ដោយ​បញ្ហា​ បាន​​រៀបចំ​ការ​បោះ​ឆ្នោត​សម្ងាត់​មួយ​កាលពី​ម្សិលមិញ​ ដើម្បី​ជ្រើស​រើស​ក្នុង​ចំណោម​ជម្រើស​បី​​​សម្រាប់​ប្រាក់​ខែ​គោល​ថ្មី​ ទី១​គឺ​១១០​ដុល្លារ​ស្នើ​ឡើង​ថៅកែរោងចក្រ​ ទី២​គឺ​១២១ដុល្លារ​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល ឬទី៣​គឺ​១៤០​ដុល្លារ​​ស្នើ​ឡើង​ដោយ​សហជីព។

ទាំង​១១០​ដុល្លារ និង​១២១​ដុល្លារ​​សុទ្ធ​តែ​ទទួល​បានសំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៩​ដូច​គ្នា រីឯ​១៤០​ដុល្លារ​​ទទួល​បាន​សំឡេង​ឆ្នោតតែ​៧ប៉ុណ្ណោះ ដោយ​​​តំណាង​សហ​ជីព​ពីរ​រូប​បាន​បោះ​ឆ្នោត​អនុប្បវាទ​។ ​លោក ហេង សួរ ​អ្នកនាំាពាក្យក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​​​បង្ហាញ​ថា គណៈកម្មាធិការ​ប្រឹក្សាការ​ងារ​ដែល​គ្រោង​​ផ្ដល់​អនុសាសន៍​ស្ដីពីប្រាក់​ខែ​គោល​ថ្មី​​នៅ​ខែ​ក្រោយ​ នឹង​មិន​ពិចារណា​សំណើ​របស់​សហជីព​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” អង្គប្រជុំ​របស់​យើង​នឹង​យក​ចំនួន​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន​​ទាំង​ពីរ​ប្រគល់​ឲ្យទៅ​គណៈកម្មាធិការ​ប្រឹក្សា​ការ​ងារ​ ដើម្បី​ពិចារណា​ និង​ពិភាក្សា​បន្ថែម​។ យើង​នឹង​​លើក​សំណើ​១១០​ដុល្លារ និង​១២១​ដុល្លារ​​សម្រាប់​គណៈកម្មាធិការ​ប្រឹក្សា​ការ​ងារ​​ពិភាក្សា​បន្ថែម​”។

អំឡុង​ជំនួប​ចរចា​លើក​មុនៗ​របស់​​ក្រុម​នេះ​ រដ្ឋាភិបាល​​បាន​​​​លើក​ឡើង​ថា ​ប្រាក់​ខែ​១២០​ដុល្លារ​គឺ​​ស្ថិត​នៅ​ក្នុង​បន្ទាត់​នៃ​ភាព​​​ក្រីក្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​មាន​រោងចក្រ​កាត់​ដេរ​ភាគ​ច្រើន ហេតុ​ដូច្នេះ​ហើយ​កម្មករ​​មិន​គួរ​ទទួល​បាន​តិច​ជាង​នេះ​ទេ​។

ប៉ុន្តែ​រោងចក្រ​បាន​បដិសេធ​​មិន​ព្រម​ប្ដូរ​​ចិត្ត​ពី​សំណើ​​១១០​ដុល្លារ​របស់​ខ្លួន​​ឡើយ។ សហ​ជីព​ដែល​បាន​ចាប់​ផ្ដើម​ចរចា​ទាម​ទារ​១៧៧​ដុល្លារ​ បាន​បន្ទាប​ការ​ទាម​ទារ​របស់​ខ្លួន​​មក​នៅ​ត្រឹម​​១៤០​ដុល្លារ​វិញ​។

លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ បាន​បន្ទោស​​សហសេវិក​ពីរ​រូប​របស់​លោក​​ដែល​មាន​សម្ពន្ធ​ភាព​ជាមួយ​រដ្ឋាភិបាល​ ចំពោះ​ការ​​បដិសេធ​មិន​​បោះ​ឆ្នោត និង​ការ​លុប​ចោល​ការ​ទាម​ទារ​របស់​សហជីព​ចេញ​ពីការ​ពិចារណា​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” លោក នួន ចន្ថា តំណាង​​របស់​លោក សោម អូន និង​លោក ជួន មុំថុល ​ប្រធាន​​សហព័ន្ធ​សហជីព​កម្ពុជា​ បាន​ជំទាស់​ការ​ទាម​ទារ​​១៤០ដុល្លារ​របស់​យើង​​”។

ទន្ទឹម​នឹង​លោក សោម អូន និងលោក ជួន មុំថុល តំណាង​ឲ្យ​កម្មករ​នៅ​ក្នុង​ការ​ចរចា​​លើ​ប្រាក់​ខែ​គោល​ លោក​ទាំងពីរ​ក៏មាន​មុខ​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ គឺ​​លោក សោម អូន ជា​មន្ត្រី​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​លោក​​ ជួន មុំថុល គឺ​ជា​ទីប្រឹក្សា​របស់​ក្រសួង​ការ​ងារ​។

បន្ទាប់ពី​ការ​​បោះ​ឆ្នោត​កាលពី​ម្សិលមិញ លោក ជួន មុំថុល មិន​បាន​បញ្ជាក់​ឬ​​បដិសេធ​ថា លោក​មិន​បាន​បោះ​ឆ្នោត​​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ” ម៉េច​អ្នក​ឯង​ដឹង​? ការ​បោះ​ឆ្នោត​​នេះ​គឺ​ធ្វើ​ឡើង​ជា​សម្ងាត់​”៕ សុខុម​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស