30.7 C
Phnom Penh

នាយករដ្ឋមន្ត្រី​យោធា​ថៃ​ ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​ជា​ប្រវត្តិសាស្ត្រ​មក​កាន់​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ក្រាល​កម្រាល​ព្រំក្រហម​ចាំទទួល​ស្វាគមន៍​នាយ​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​ថៃ​​ នៅ​ពេល​មេដឹកនាំ​ថៃ​រូប​នេះ​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ជា​​លើក​ដំបូង​មក​កាន់​កម្ពុជា​ក្រោយ​ធ្វើ​រដ្ឋប្រហារ​យោធា​ដណ្ដើម​អំណាច​កាលពី​ខែ​ឧសភា។front

លោក ហ៊ុន សែន ​​ដែល​ចង​សម្ពន្ធមិត្ត​ជាយូរ​មក​ហើយ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​របស់​លោក​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​​យោធា​​កាលពី​ខែ​ឧសភា​នោះ បាន​ស្វាគមន៍​​​​យ៉ាង​កក់​ក្ដៅ​ចំពោះ​អតីត​មេកង​ទ័ព​រូប​នេះ​ទៅ​កាន់​វិមាន​សន្តិភាព​ដែល​ជា​​ការិយាល័យ​របស់​លោក។

​​​​​​​ ក្រោយពី​ពិធី​ផ្លូវ​ការ​ និង​ការ​​ជួប​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​កាលពី​រសៀល​ម្សិលមិញ មេដឹកនាំ​ទាំងពីរ​​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ប៉ុន្តែ​បាន​លុប​ចោល​វិញ​ដោយ​គ្មាន​ការ​បក​ស្រាយ​។

លោក អៀង សុផាល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​ជា​អ្នក​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជំនួស​វិញ ដោយ​សង្កត់​ធ្ងន់​ថា ការ​ពិភាក្សា​នេះ​មាន​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ ” សម្រាប់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​”។ លោក​មាន​ប្រសាសន៍​​ថា “មេដឹកនាំ​ទាំង​ពីរ​បាន​ចាត់​ទុក​វា​ជា​ដំណើរ​ទស្សនកិច្ច​​ប្រវត្តិសាស្ត្រ​ ហើយ​ដំណើរ​ទស្សនកិច្ច​​ប្រវត្តិសាស្ត្រ​នេះ​ គឺ​ដើម្បី​បង្កើន​​កិច្ច​សហ​ប្រតិបត្តិការ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​”។

ដូច​ការ​គ្រោង​ទុក​ លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ (MOU) ចំនួន​បី​ផង​ដែរ​ ដោយ​​សន្យា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ការ​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​តភ្ជាប់​ផ្លូវ​ដែក​រវាង​កម្ពុជា​ និង​ថៃ​។

លោក ហ៊ុន សែន បាន​​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​រាល់​វិវាទ​​តាម​រយៈ​ ” ការ​ចរចា​ជា​លក្ខណៈ​មិត្តភាព​” ហើយ​បាន​អំពាវ​នាវ​សុំ​ឲ្យ​មាន​​កិច្ច​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​​វាស់​វែង​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ឲ្យ​បាន​ត្រឹម​​ត្រូវ​។

លោក អៀង សុផាល្លែត បាន​ដក​ស្រង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដូច្នេះ​ថា ​”កុំ​​​បណ្ដោយ​ឲ្យ​បញ្ហា​មួយ​ដែល​មិន​ទាន់​ដោះ​ស្រាយ​ ឬ​បញ្ហា​មួយ​ដែល​កើត​​ឡើង ​រាំង​ស្ទះ​ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប​វិស័យ ហើយ​កុំ​ឲ្យ​បញ្ហា​មួយ​រាល​ដាល​ទៅ​បញ្ហា​ផ្សេង​ទៀត”។

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​គណៈប្រតិភូ​ថៃ​ ធ្វើ​តាម​​ការ​សន្យា​​​របស់​រដ្ឋាភិបាល​មុន​របស់​ខ្លួន​​ដែល​លើក​ឡើង​ថា នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​គ្រប់​គ្រង​ការ​ល្បាត​ព្រំដែន​រួម​ ហើយ​​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​​ខុស​ច្បាប់​​ចូល​ទៅ​កាប់​ឈើ​ប្រណីត។

លោក អៀង សុផាល្លែត បាន​ប្រាប់​ក្រុម​​អ្នកយកព័ត៌មាន​ថា លោក​ ប្រាយុទ្ធ ចាន់អូចា បាន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំងពីរ​គួរ​តែ​ ” បំភ្លេច​ជម្លោះ​ចាស់​ចោល​” ដើម្បី​ពង្រឹង​ទំនាក់​ទំនង​បន្ថែម​នៅ​ពេល​​អនាគត​ ហើយ​បាន​សង្កត់​ធ្ងន់​ពី​បំណង​របស់​លោក​ដែល​ចង់​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច។ លោក​ អៀង សុផាល្លែត បាន​មាន​ប្រសាសន៍​​ថា ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​ទឹក​ប្រាក់​៤,៥៥ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ” ថៃ​មាន​​បំណង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​បណ្ដោយ​ព្រំដែន។ ឯកឧត្ដម​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​​តំបន់​សេដ្ឋកិច្ច​ពិសេស​”។

តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ ​នឹង​មាន​ទីតាំង​ស្ថិត​ក្នុង​​ខេត្ត​ត្រាត និង​ខេត្ត​ស្រះកែវ​របស់​ថៃ​ នេះ​បើ​យោង​តាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ដែល​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​​ជំនួប​ដាច់​ដោយ​ឡែក​មួយ​កាលពី​ម្សិល​មិញ​រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សម​ភាគី​ថៃ​របស់​លោក គឺ​ឧត្ដម​សេនីយ៍ ​តាណាសាក់ ប៉ាទីម៉ាប្រាកន។

លោក​ កុយ គួង បាន​មាន​ប្រសាសន៍​ថា លោក​ តាណាសាក់ ប៉ាទីម៉ាប្រាកន ​​បាន​លើក​ឡើង​ពី​ផែន​ការ​មួយ​ដើម្បី​ទាក់​ទាញ​រោងចក្រ​ទៅ​កាន់​តំបន់នោះ​ ដែល​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​កម្លាំង​ពលកម្ម​កម្ពុជា​ដែល​ថោក​ជាង​នៅ​ថៃ។

អ្នកនាំាពាក្យ​រូប​នេះ​ក៏​​បាន​បន្ត​ច្រាន​ចោល​សំណើ​របស់​លោក​ ប្រាយុទ្ធ ចាន់អូចា ដែល​​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​បាង​កក​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ​តាម​ច្រក​​​ប្រទេស​ថៃ​។ ការ​ឆ្លង​ដែន​នៅ​ចំណុច​ប្រាសាទ​​ព្រះវិហារ​​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ដែល​នៅ​ពេល​នោះ​ភាព​តាន​តឹង​បាន​ផ្ទុះឡើង​​រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​ទឹក​ដី​មាន​វិវាទ​នៅ​ជិត​ប្រាសាទ​នេះ​។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ទៀត​ថា ” ខ្ញុំ​គិត​ថា ភ្ញៀវ​ទេសចរ​ជាច្រើន​​បាន​ទៅ​ទស្សនា​​​ប្រាសាទ​ព្រះវិហារ​ពី​ខាង​កម្ពុជា ពីព្រោះ​មាន​ផ្លូវ​ល្អ និង​មាន​​សណ្ឋាគារ​ប្រណីតៗ។ តាម​ទស្សន​របស់​ខ្ញុំយល់​ឃើញ​ថា​ ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​​ចូល​ទស្សនា​ពី​ខាង​ថៃ​ទេ”។

លោក អៀង សុផាល្លែត ដែល​ជា​ជំនួយ​ការ​របស់​នាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន និង​លោក​ ប្រាយុទ្ធ ចាន់អូចា មិនទាន់​​បាន​ពិភាក្សា​លើ​ចំណុច​ជាក់​លាក់​ណា​មួយ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​ទេសចរណ៍​នៅ​ឡើយ​ទេ​។

លោក​ ប្រាយុទ្ធ ចាន់អូចា ក៏​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សវនាការ​គាល់​​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី ផង​ដែរ​កាលពី​ល្ងាច​ម្សិលមិញ ហើយ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នឹង​បញ្ចប់​នៅ​ថ្ងៃ​នេះ​៕ សុខុម​​​​ (រាយការណ៍​បន្ថែម​ដោយ Holly Robertson)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស