27.5 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​មណ្ឌល​គិរី​ស្វះ​ស្វែង​ឲ្យ​លុប​ចោល​ដីសម្បទាន​សម្រាប់​ធ្វើ​ចម្ការ​កៅស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អ្នកភូមិ​ជន​ជាតិ​ភាគតិច​ព្នង​​២៧៣​គ្រួសារ ​មក​ពី​ខេត្ត​មណ្ឌលគិរី​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វះ​ស្វែង​ឲ្យ​មាន​ការ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ពួកគាត់​លើក​ឡើង​ថា ​បាន​រំលោភ​យក​ដី​ដូន​តា​របស់​ខ្លួន​។

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ទំហំ​៧២៨​ហិកតា​ដល់​ក្រុម​ហ៊ុន​ Villa Development កាល​ពី​ឆ្នាំ​២០១១​ ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ​នៅ​ក្នុង​ក្រុង​សែន​មនោរម្យ។

ទោះ​ជាយ៉ាង​ណា អ្នកភូមិ​មូលដ្ឋាន​បាន​ត្អូញត្អែរ​ថា ក្រុម​ហ៊ុន​នេះ​កំពុង​កាប់ដើម​ជ័រ​ទឹក​ និង​ព្រៃដ៏​ពិសិដ្ឋ​របស់​ខ្លួន​លើ​ដី​ទំហំ​រាប់​រយ​ហិកតា​​នៅក្រៅ​តំបន់​សម្បទានរបស់​ក្រុម​ហ៊ុន​នេះ​​ក្នុង​សង្កាត់​សុខដុម។

​បន្ទាប់​ពី​ដាក់​ញត្តិ​ទៅ​ខុទ្ទកា​ល័យ​​លោក ហ៊ុន​ សែន ​តំណាង​​អ្នកភូមិ​ប្រាំនាក់​បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ការិយាល័យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក ប្លឹក ម៉ល អាយុ​៧៤​ឆ្នាំ​បាន​និយាយ​ថា ក្រុម​ហ៊ុន Villa Development បាន​កាប់​ដើម​ជ័រ​ទឹក​៣៧​ដើម​របស់​គ្រួសារ​លោក​កាលពីបីឆ្នាំ​មុន ដោយ​ផ្ត​ល់ប្រាក់សំណងពី​៥ទៅ៧,៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយ​ដើមជា​អ្វី​ដែល​លោក​គិត​ថា ជា​សំណង​មិន​គ្រប់​គ្រាន់ឡើយ​។

លោក​បាន​និយាយ​ថា លោក​ចង់​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​ប្រាក់​ឲ្យ​ខ្ញុំ​១.០០០.០០០​រៀល​ក្នុង​មួយ​ដើម ពីព្រោះ​ជីវភាព​របស់​គ្រួសារ​ខ្ញុំ​ពឹង​ផ្អែក​លើ​ដើម​ជ័រ​ទឹក​ និង​​អនុផល​ព្រៃ​ឈើ​ផ្សេងៗ​។ ប៉ុន្តែ​ឥឡូវ​នេះ​ដើម​ឈើ​ទាំង​នេះអស់​រលីង​ហើយ ហើយ​ដី​សហគមន៍​ក៏​ត្រូវ​​ក្រុមហ៊ុន​នេះ​រាន​អស់ដែរ ដូច្នេះ​តើ​គ្រួសារ​របស់​ខ្ញុំ​ទៅ​រស់​នៅ​ឯណា​ទៅ?”។

លោក ប្លឹក ម៉ល និង​អ្នកស្រី ខ្វឿង ទុំ អាយុ​៤២​ឆ្នាំ​ជា​តំណាងដូចលោក​ដែរ​នោះបាន​​និយាយ​ថា សហគមន៍​របស់​ខ្លួន​មាន​ជីវភាព​សមរម្យដោយការ​ប្រមូល​ជ័រ​ទឹក និង​អនុផល​ព្រៃ​ឈើ​ផ្សេងៗរហូត​ដល់​ឆ្នាំ​២០១១។

អ្នកស្រី​ ទុំ បាន​រំឭក​អនុស្សាវរីយ៍​កាលពី​កុមារ​ភាព​ដ៏សប្បាយរីករាយពី​ការ​ជិះ​ដំរី​ចូល​ទៅ​ក្នុង​ព្រៃសហគមន៍​ជាមួយ​ឪពុក​របស់​គាត់​ដើម្បី​ប្រមូល​ជ័រ​ទឹក។ ប៉ុន្តែ​​តាំង​ពី​ឆ្នាំ​២០១១​មក​​ ក្រុម​ហ៊ុន Villa Development បាន​កាប់​ដើម​ជ័រ​ទឹក​របស់​គ្រួសារ​អ្នកស្រី​ជាង​៤០០​ដើម​។ អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុំ​អស់​សង្ឃឹមរលីង​​នៅ​ពេល​ក្រុម​ហ៊ុន​រារាំង​ខ្ញុំ​​មិន​ឲ្យ​ចូល​ទៅ​ក្នុងព្រៃ​ដើម្បី​ប្រមូល​ជ័រទឹក​”។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិមនុស្សអាដហុក​​​បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ក្រុម​ហ៊ុន​ Villa Development គឺ​ជាក្រុម​ហ៊ុន​វៀតណាម ប៉ុន្តែលោក​មិន​ច្បាស់ពី​ម្ចាស់​ក្រុម​ហ៊ុន​នេះឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ” សម្បទាន​នេះ​គួរ​ត្រូវ​ដក​ហូត​វិញ ពីព្រោះ​ក្រុម​ហ៊ុន​បាន​រំលោភ​សិទ្ធិ​របស់​អ្នក​ភូមិជនជាតិ​ដើម​ភាគ​តិច​ជា​ប្រព័ន្ធ​តែ​ម្ដង​។

គេមិនមានព័ត៌មាន​សម្រាប់​ទាក់​ទង​ក្រុម​ហ៊ុន​ Villa Development ឡើយ។ ទោះ​ជាយ៉ាង​ណា នៅ​ពេល​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ការ​អះអាង​របស់​អ្នកភូមិ​កាលពី​ម្សិលមិញ លោក យឹម លុច អភិបាល​រង​ខេត្ត​បាន​បង្ហើបឲ្យ​ដឹង​ថា ប្រពន្ធ​របស់​លោក​ជា​ម្ចាស់​ក្រុម​ហ៊ុន​នេះ​។ លោក​បាន​មាន​​ប្រសាសន៍​ថា “ដី​នេះ​ជា​របស់​ប្រពន្ធ​ខ្ញុំ​ ហើយ​ប្រពន្ធ​របស់​ខ្ញុំ​មិន​​មែន​ជា​​ជន​ជាតិ​វៀតណាម​ទេ” ហើយ​លោក​បាន​ពន្យល់​ថា រហូត​មក​ទល់​ពេល​នេះ​ក្រុម​ហ៊ុន​បាន​​ដាំ​ដើម​កៅស៊ូ​លើ​ដី​សម្បទានបាន​​៣៨១​ហិកតា​ហើយ។ លោក​បាន​បន្ថែម​ថា “ក្រុម​ហ៊ុន​​ធ្វើការ​​អភិវឌ្ឍបាន​យ៉ាងល្អ​​តាម​គោល​នយោបាយ​រដ្ឋា​ភិ​បាល​ មិន​​ដូចការ​ចោទ​ប្រកាន់​របស់​ក្រុមអ្នកភូមិ​ទេ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស