បន្ទាប់ពីការដេញតាមទូកក្នុងល្បឿនយឺតរយៈពេលពីរម៉ោងតាមទន្លេមេគង្គនៅក្នុងខេត្តកណ្តាលកាលពីព្រឹកម្សិលមិញ អ្នកភូមិដែលមានកំហឹងប្រហែល១០០នាក់ដែលដឹកនាំដោយមន្ត្រីគណបក្សប្រឆាំងក្នុងមូលដ្ឋានម្នាក់បានឃាត់ខ្លួនជនជាតិវៀតណាមប្រាំនាក់ ដែលពួកគាត់និយាយថា បានប្រើបច្ចេកទេសនេសាទខុសច្បាប់រយៈពេលបីខែកន្លងមក។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសជនជាតិវៀតណាមទាំងនេះ ដែលអ្នកភូមិបានប្រគល់ឲ្យមន្ត្រីរដ្ឋបាលជលផលបន្ទាប់ពីចាប់ទូករបស់ពួកគេ ហើយបានដុតអួនរបស់ពួកគេចោលនោះ បន្ទាប់មកត្រូវបានដោះលែងវិញ។
លោក ម៉ឹក ជា ជំទប់ឃុំគគីរធំ ស្រុកកៀនស្វាយមកពីគណបក្សសង្គ្រោះជាតិដែលបានយល់ព្រមជួយអ្នកភូមិដេញតាមអ្នកនេសាទជនជាតិវៀតណាមនេះបានមានប្រសាសន៍ថា “នៅព្រឹកនេះបន្ទាប់ពីការស៊ើបអង្កេតរយៈពេលបីខែ អ្នកភូមិប្រហែល១០០នាក់បានសម្រេចឃាត់ខ្លួនអ្នកនេសាទខុសច្បាប់ទាំងនេះដោយខ្លួនឯង”។
លោក ម៉ឹក ជា បានមានប្រសាសន៍ថា “ក្រុមអ្នកភូមិជិះទូកបីគ្រឿងដេញតាមអ្នកនេសាទទាំងនេះ ចំណែកឯអ្នកភូមិផ្សេងទៀតបានដេញតាមមាត់ទន្លេ”។ លោកបានបន្ថែមថា អ្នកដេញតាមបានដេញតាមអ្នកនេសាទជនជាតិវៀតណាមទាំងនេះដែលមានទូកពីរគ្រឿងចាប់ពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង៧ និង៣០នាទីព្រឹក។
លោក ម៉ឹក ជា បានមានប្រសាសន៍ថា កាលពីបីខែមុន អ្នកភូមិនៅក្នុងឃុំរបស់លោកបានព្យាយាមចាប់បុរសទាំងនេះដែលគេដឹងថា បានប្រើឧបករណ៍ឆក់ត្រី និងអួនក្រឡាល្អិត ដោយគំរាមកំហែងដល់ចំនួនត្រីនៅក្នុងតំបន់។ លោកបានមានប្រសាសន៍ថា ទីបំផុតនៅពេលពួកគាត់ចាប់ពួកគេបានកាលពីម្សិលមិញ ពួកគាត់បែរជាសង្រាកចិត្តទៅវិញ។
លោកបានថ្លែងថា “នៅពេលអ្នកភូមិចាប់យកអួនរបស់ពួកគេ នគរបាលបានព្យាយាមឃាត់ពួកគាត់កុំឲ្យដុតចោល ប៉ុន្តែពួកគេខឹងយ៉ាងខ្លាំងដែលពួកគាត់បានដុតអួននោះចោល”។ លោកបានបន្ថែមថា អ្នកនេសាទជនជាតិវៀតណាមទាំងនេះត្រូវបានប្រគល់ទៅឲ្យមន្ត្រីជលផលស្រុក ដែលបន្ទាប់មកបានដោះលែងពួកគេភ្លាម។ លោកបានមានប្រសាសន៍ថា “ខ្ញុំខកចិត្តណាស់ដែលការិយាល័យជលផលស្រុកបានដោះលែងអ្នកនេសាទជនជាតិវៀតណាមដោយគ្មានដាក់ទោសទណ្ឌអ្វីសោះ”។
លោក រស់ ចន្ថា អធិការនគរបាលស្រុកលើកដែកបានអះអាងថា អ្នកនេសាទទាំងនេះត្រូវបានដោះលែងហើយ។ ដោយសំដៅដល់ប្រធានរដ្ឋបាលជលផលនៅក្នុងស្រុកនេះ លោក ចន្ថា បានមានប្រសាសន៍ថា “យើងនៅកន្លែងកើតហេតុ ប៉ុន្តែករណីនេះគឺជាការទទួលខុសត្រូវរបស់លោកមាស សាន់”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក មាស សាន់ មិនអាចទាក់ទងបានទេ។
លោក អូន ណា នាយប៉ុស្តិ៍ឃុំកំពង់ភ្នំបានមានប្រសាសន៍ថា នៅពេលលោកទទួលបានព័ត៌មានថា ក្រុមអ្នកភូមិបានឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ លោកបានបញ្ជូនកូនចៅរបស់លោកទៅដល់កន្លែងដើម្បីរក្សាសណ្តាប់ធ្នាប់។ លោកបានមានប្រសាសន៍ថា “នគរបាលរបស់យើងត្រូវការពារអ្នកនេសាទទាំងនេះ។ យើងបារម្ភថា អ្នកភូមិនឹងវាយពួកគេចំពោះអ្វីដែលពួកគេបានធ្វើ”៕សារុន