31 C
Phnom Penh

កាមកូ​ស៊ីធី​ពុះពារ​ដើម្បី​ឆ្លង​ឲ្យ​ផុត​ពី​ការ​ដួល​រលំ​របស់​ធនាគារ​កូរ៉េ​ខាង​ត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាំង​ពីដើម​ដំបូង គម្រោង​នេះហាក់ដូចជា​មាន​មហិច្ឆតា​ដែល​មិន​អាច​ទៅ​រួច​ឡើយ នោះ​គឺ​ជា​ទីក្រុង​រណប​កូរ៉េ​ខាង​ត្បូង​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​២ពាន់លាន​ដុល្លារ ដែល​រួម​មាន​អគារ​ខុនដូ ការិយាល័យ​ធ្វើការ ភូមិគ្រឹះ​ប្រណិតៗ ផ្សារ​ទំនើប ក្លីនិក​សុខភាព ធនាគារ និងព្រលាន​យន្តហោះ​មួយ​កន្លែង ស្ថិត​នៅ​ជាយ​ទីក្រុង​​ភ្នំពេញ។camko-graphic

រយៈ​ពេល​៧​ឆ្នាំចាប់តាំង​ពី​គម្រោង​ចាប់​ផ្តើម​មក កាមកូ​ស៊ីធី​មាន​អគារ​ផ្ទះ​ល្វែង​ពីរ​បី​​សង់​ហើយ​នៅ​លើ​ដី​ឡូតិ៍​ក្នុង​ខណ្ឌ​ឫស្សី​កែវ និង​ដី​មិន​ទាន់​ប្រើ​នៅ​ខាង​ម្ខាង​ទៀត។ វាជា​គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​ជាប់​គាំង​ដោយសារ​ការ​ដួល​រលំ​នៃ​ធនាគារ​កូរ៉េ​ខាងត្បូង​ដែល​មាន​អំពើ​ពុក​រលួយ។

ប៉ុន្តែ​ឥឡូវ​នេះ បន្ទាប់ពី​មាន​សកម្មភាព​បន្តិច​បន្តួច​ជា​ច្រើន​ឆ្នាំ​មក ក្រុមហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​នេះ ដែល​នៅតែ​តស៊ូ​ពុះពារ​ដោយសារ​ការ​ក្ស័យធន​នៃ​ធនាគារ​ប៊ូសាន (Busan)​ នោះ និយាយ​ថា ការងារ​លើ​គម្រោង​មាន​ផ្ទៃ​ដី១២៦​ហិកតា​នេះ កំពុង​ចាប់​ផ្តើម​ដើរ​ជា​ថ្មី​ហើយ។ ទោះជា​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន​មិន​ទាន់​ឆ្លង​ផុត​គ្រោះ​កំណាច​ទាំង​ស្រុង​ទេ ត្បិត​ការ​តស៊ូ​ខាង​ផ្លូវ​ច្បាប់​អាច​នាំ​ឲ្យ​ដី​មួយ​ចំណែក​នៃ​ទីតាំង​នេះ ត្រូវ​ដាក់​ដេញ​ថ្លៃ​លក់​នៅ​ឆ្នាំ​នេះ។

គឺ​នៅ​ខែ​ឧសភា​ឆ្នាំ​២០០៧ ពេល​ដែល​ក្រុមហ៊ុន វើល ស៊ីធី ខូ អិលធីឌី (World City Co. Ltd.) ចាប់​ផ្តើម​គម្រោង​នេះ​យ៉ាង​អ៊ឹកធឹក។ ក្រុមហ៊ុន វើល ស៊ីធី ថែម​ទាំង​បាន​ផលិត​វីដេអូ​ឌីជីថល​គួរ​ឲ្យ​ទាក់ទាញ​ ដែល​បង្ហាញ​ពី​អគារ​ខ្ពស់ៗ​ច្រូងច្រាង​ទាន់​សម័យ​បំផុត​ព័ទ្ធ​ជុំវិញ​ដោយ​ផ្លូវ​ទឹក​មួយ​អម​សួន​ស្មៅ​​និង​ដើម​ត្នោត​លាស់​ខៀវ​ស្រងាត់។

ក្រុមហ៊ុន ​វើល ស៊ីធី ស្ថិត​ក្នុង​រចនា​សម្ព័ន្ធ​ពាណិជ្ជកម្ម​ស្មុគស្មាញ ដោយ​ធនាគារ​ប៊ូសាន​ជា​អ្នក​គ្រប់គ្រង និង​ផ្តល់​ប្រាក់​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន ឡែនម៉ាក វើលវ៉ាយ ខូ អិលធីឌី (Land Mark Worldwide Co. Ltd.) ជា​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ ដែល​​ទទួល​បាន​ក្រុម​ហ៊ុន វើល ស៊ីធី ១០០​ភាគរយ។

ដោយ​មាន​ដើម​ទុន គម្រោង​នេះ​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្រុមហ៊ុន​សេវា​ហិរញ្ញ​វត្ថុ​កូរ៉េ ខេធីប៊ី អាសិត ម៉ានេជមិន ខូ អិលធីឌី (KTB Asset Management Co. Ltd.) ដែល​បាន​ប្រមូល​ប្រាក់​ពី​ស្ថាប័ន​វិនិយោគ​ចំនួន​៤ ក្នុង​នោះ​មាន​​សាខា​២​របស់​ធនាគារ​ប៊ូសាន​ផង ដើម្បី​ទិញ​ខុនដូ​៣៨៦​នៅ​កាមកូ​ស៊ីធី។

ដើម្បី​ជា​ម្ចាស់​ខុនដូ​ស្រប​ច្បាប់ ក្រុមហ៊ុន ខេធីប៊ី បាន​បង្កើត​ក្រុមហ៊ុន​គ្រប់គ្រង​អចលន​ទ្រព្យ​មួយ​ឈ្មោះ World City Asset Management (WCAM) ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង ប៉ុន្តែ លើ​ឯកសារ ហ៊ុន​៥១​ភាគរយ​កាន់កាប់​ដោយ វើល ស៊ីធី ជា​ក្រុមហ៊ុន​កម្ពុជា។

លោក ខេស៊ី វ៉ាង (K.C. Whang) អនុប្រធាន​ផ្នែក​ផែនការ​គម្រោង​របស់ កាមកូ ដែល​កំពុង​ធ្វើ​ការ​លើ​គម្រោង​កាមកូ តាំងពី​ការ​ចាប់​ផ្តើម​មក​បាន​និយាយ​ថា “ទាំង​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់ ទាំង​ភាគលាភ​ទាំងអស់​សុទ្ធតែ​ជា​របស់​ពួកគេ គឺ ក្រុមហ៊ុន ខេធីប៊ី”។

លោក វ៉ាង បាន​ពន្យល់​ថា “ក្នុង​រចនា​សម្ព័ន្ធ វើល ស៊ីធី ​ស្ថិត​នៅ​កណ្តាល។ [ប៊ូសាន]​បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន វើល ស៊ីធី ហើយ​វើល ស៊ីធី [ឲ្យ​ប្រាក់]​ទៅ World City Asset Management ដែល​ជា​ក្រុមហ៊ុន​របស់ ខេធីប៊ី ហើយ [WCAM] សង​ទៅ​ក្រុមហ៊ុន ខេធីប៊ី វិញ។ នេះ​ជា​រចនា​សម្ព័ន្ធ”។

លោក វ៉ាង បាន​និយាយ​ថា ក្រុមហ៊ុន ខេធីប៊ី បាន​បញ្ចូល​ប្រាក់​ក្នុង​ការ​វិនិយោគ​របស់​ខ្លួន​ជា​ប្រាក់​កម្ចី​តាម​រយៈ​ក្រុមហ៊ុន WCAM ដែល​បន្ទាប់​មក​បាន​បង់​ប្រាក់​ប្រហែល​៧៤​លាន​ដុល្លារ (ក្នុង​នោះ​២៤​លាន​ដុល្លារបាន​មកពី​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២​ផ្សេងទៀត) សម្រាប់​ថ្លៃ​ខុនដូ ដែល​សង់​នៅ​ដំណាក់​កាលទី​បី​នៃ​ជំហាន​ទី​១​នៃ​ការ​អភិវឌ្ឍ។ ប៉ុន្តែ ក្រុមហ៊ុន វើល ស៊ីធី ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ មិន​​បាន​ឈាន​ដល់​ចំណុច​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ខែ​តុលា​ឆ្នាំ​២០១០ គម្រោង​កាមកូ​បាន​ជាប់​គាំង បន្ទាប់ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក ដែល​បាន​បំផ្លាញ​វិស័យ​ធនាគារ​របស់​កូរ៉េ​ខាង​ត្បូង។

លោក ឌូគ្លាស ក្លេតុន ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Leopard Capital បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​ថា “ដូច​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ដែរ ក្រុមហ៊ុន កាមកូ បាន​ទិញ​ដីធ្លី ពេល​ដែល​តម្លៃ​ដី​កំពុង​ឡើង​ថ្លៃ ហើយ​បាន​រងគ្រោះ​ដោយសារ​វិបត្តិ​ហិញ្ញវត្ថុ​សាកល​ឆ្នាំ​២០០៨”។

លោក​បាន​និយាយ​ថា “ទំហំ​នៃ​គម្រោង​នេះ​គឺ​ដើរ​មុន​ពេល​វេលា​របស់​ខ្លួន ភ្នំពេញ​គឺ​មិន​មែន​សេអ៊ូល​ ទេ ហើយ​លទ្ធភាព​ធ្វើ​បាន​នៅ​ទី​នេះ គឺ​មាន​កម្រិត​នៅ​ឡើយ”។

ពេល​ដែល​ក្រុមហ៊ុន ខេធីប៊ី ទិញ​ខុនដូ​របស់​ក្រុមហ៊ុន​កាមកូ ពួកគេ​បាន​ស្នើ​ឲ្យ​ធនាគារ​ប៊ូសាន​ធ្វើ​ជា​អ្នក​ធានា​កម្ចី​ហិរញ្ញវត្ថុ ហើយក្រុមហ៊ុន Hanil Engineeringand Construction Co. Ltd. ជា​ក្រុមហ៊ុន​បាន​ចុះ​កិច្ច​សន្យា​សាងសង់​ខុនដូ​ទាំង​នោះ ជា​អ្នក​ធានា​ការ​សាងសង់។

យ៉ាងណាក៏​ដោយ ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​នេះ ក្រុមហ៊ុន Hanil បាន​ដួល​រលំ​បិទទ្វារ ហើយ​ធនាគារ​ប៊ូសាន ក៏អ៊ីចឹង​ដែរ។ ធនាគារ​នេះ​បាន​រលំ​ចំពេល​មាន​ការ​ឆបោក​ប្រាក់​ជាទូទៅ និង​បំណុល​ដោះស្រាយ​មិន​រួច។

កាលពី​ឆ្នាំ​២០១១ ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់​របស់​កូរ៉េ​បាន​រាយការណ៍​ថា រដ្ឋអាជ្ញា​និង​សមាជិក​សភា​កូរ៉េ​ខាង​ត្បូង​ម្នាក់​បាន​ចោទ​ធនាគារ​ប៊ូសាន ថា​បាន​ប្រមែប្រមូល​លុយ​ទុច្ចរិត ដោយ​ផ្តល់​កម្ចី​ខុស​ច្បាប់​ទៅ​ក្រុមហ៊ុន​នានា ដែល​វិនិយោគ​ក្នុង​គម្រោង​សំណង់ ក្នុង​នោះ​មាន​ទាំង​”ក្រុមហ៊ុន​អភិវឌ្ឍន៍អចលន​ទ្រព្យ​មួយ”​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ”។

លោក វ៉ាង ដែល​ធ្វើការ​នៅ​ផ្នែក​ផែនការ​របស់​ក្រុមហ៊ុន​កាមកូ បាន​និយាយ​ថា ផ្នែក​មួយ​នៃ​ប្រាក់​កម្ចី ដែល​ធនាគារ​ប៊ូសាន បាន​ឲ្យ​ទៅ​ក្រុមហ៊ុន Land Mark Worldwide នោះ ក្រុមហ៊ុន​វើល ស៊ីធី ត្រូវ​ផ្តល់៦០​ភាគរយ​នៃ​ប្រាក់​ចំណេញ​របស់​ខ្លួន​ទៅ​ឲ្យ​ធនាគារ​នេះ ជា​កិច្ច​ព្រមព្រៀង​មួយ​ដែលទំនង​ជាការ​ធ្វើ​ជំនួញ​ខុសច្បាប់ ដែល​មាន​លើក​ឡើង​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​កូរ៉េ។ លោក វ៉ាង បាន​និយាយ​ថា “កិច្ច​ព្រមព្រៀង​នោះ “មិន​ត្រឹមត្រូវ​ទេ។វា​មិន​ធ្វើ​តាម​ច្បាប់​ធនាគារ​កូរ៉េ​ទេ ហើយ​តុលាការ​បាន​សម្រេច​ថា អ្វី​ដែល​ធនាគារ​[ប៊ូសា]ន​បាន​ធ្វើ​គឺ​ខុស​ហើយ”។

ក្នុង​ពេល​ដែល​អ្នក​វិនិយោគ​នៅ​លើ​ពិភព​លោក​រក្សា​ទុក​ប្រាក់​របស់​ខ្លួន​អំឡុង​វិបត្តិ​ហិរញ្ញ​វត្ថុ​នេះ ប្រាកដ​ណាស់​ថា​មិន​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​ថែម​ទៀត​ទៅ​ក្នុង​ក្រុមហ៊ុន កាមកូ ស៊ីធី ទេ ហើយ​ក្រុមហ៊ុន វើល ស៊ីធី មិន​អាច​បន្ត​ការ​សាង​សង់​ខុនដូ​ចំនួន​៣៨៦​បាន​ទេ ដោយសារ​កិច្ច​ព្រមព្រៀង​មាន​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន Hanil។ គម្រោង​កាមកូ​នៅ​ជាប់​គាំង​នៅ​ឡើយ។

អ្នកស្រី គីម យុន ជា​គ្រូ​បង្រៀន​កើត​នៅ​កូរ៉េ​ខាងត្បូង និង​ជាស្ត្រី​មាន​កូន​២នាក់ បាន​ចូល​មក​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​នៅ​កាមកូ ស៊ីធី ៥​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ប្តី​របស់​អ្នកស្រី​មាន​ការងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​សំណង់​នៅ​ប្រទេស​ខ្មែរ។

អ្នក​ស្រី យុន បាន​និយាយ​ថា បញ្ហា​របស់​ក្រុមហ៊ុន វើល ស៊ីធី អ្នក​រស់​នៅ​ទី​នេះ​ដឹងឮ​យ៉ាង​ច្បាស់។ សព្វ​ថ្ងៃ​នេះ ផ្ទះ​ប្រហែល​៤៥០​ល្វែង​ក្នុង​ចំណោម​៦២៣​ល្វែង​ដែល​សង់​ហើយ​មាន​គេ​ចូល​នៅ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បារម្ភ​អំពី​អនាគត​អចលន​ទ្រព្យ​នេះ​មាន​កាន់តែ​ខ្លាំង​ឡើង។

អ្នក​ស្រី​បាន​និយាយ​ថា ៉មាន​ពាក្យ​ចរចាមអារ៉ាម​ថា ផ្ទះ​ល្វែង​ទាំង​នោះ​លក់​មិន​ដាច់​សោះ​ទេ ហើយ​ម្ចាស់​បំណុល​នឹង​មក​ទារ​ប្រាក់​ពី​ក្រុមហ៊ុន វើល ស៊ីធី។ អ៊ីចឹង​ហើយ អ្នក​នៅ​ទី​នេះ​ព្រួយ​បារម្ភ​ខ្លាចក្រែង​តម្លៃ​គ្រប់គ្រង​នឹង​ឡើង​ទៀត ឬសេវា​កាន់តែ​អន់ទៅៗ ពីព្រោះ​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​សង​ប្រាក់​វិញ។ ប្រជាជន​ក៏​ខ្លាច​មាន​អ្វី​អាច​កើត​ឡើង​ដល់​កន្លែង​រស់​នៅ​របស់​ខ្លួន​ដែរ”។

ដោយ​គម្រោង​នៅ​ជាប់​គាំង​នៅ​ឡើយ ក្រុមហ៊ុន ខេធីប៊ី បាន​ប្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ពាណិជ្ជ​កម្ម​កូរ៉េ​នៅ​ឆ្នាំ​២០១២។ គេ​ជឿ​ថា ធនាគារ​ប៊ូសាន រួច​ពី​ករណី​ប្តឹង​ផ្តល់​នេះ ដោយសារ​ការ​ក្ស័យ​ធន​របស់​ខ្លួន ហើយ​តុលាការ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន វើល ស៊ីធី បង់​ប្រាក់​សង​ក្រុមហ៊ុន ខេធីប៊ី ឬ​ត្រូវ​ប្រគល់​ដី​១០​ហិកតា ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​ដំបូង​សម្រាប់​៣៨៦​ខុនដូ។

យោងតាម​លោក រស់ ម៉ូនិន មេធាវី​តំណាង​ក្រុមហ៊ុន ខេធីប៊ី និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជ​កម្ម បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​កុម្ភៈ តុលាការ​កំពូល​កម្ពុជា​បាន​ទទួល​ស្គាល់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​កូរ៉េ​ខាងត្បូង និង​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​នីតិ​វិធី​ដាក់​ដេញ​ថ្លៃ​ដី​១០​ហិកតា​នោះ។

យោងតាម​លោក ម៉ូនីន ឲ្យ​ដឹង​ថា ដោយ​អះអាង​ថា ដី​នោះ​មិន​បាន​វាយ​តម្លៃ​ត្រឹមត្រូវ ហើយ​ថា សេចក្តី​សម្រេច​ធ្វើ​ដោយ​តុលាការ​កូរ៉េ​មិន​យុត្តិ​ធម៌​នោះ ក្រុមហ៊ុន វើល ស៊ីធី បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ក្តីជា​ថ្មី ដែល​ខ្លួន​បាន​ចាញ់​កាលពី​ខែ​មុន។ លោក​បាន​និយាយ​ថា រឿងក្តី​នេះ​ទៅ​ដល់​តុលាការ​កំពូល ក៏​ប៉ុន្តែ​មិនទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​សវនាការ​នៅ​ឡើយ​ទេ។ លោក ម៉ូនីន បាន​បន្ថែម​ថា ក្រុមហ៊ុន ខេធីប៊ី ចង់បាន​ដី​២​ហិកតា​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​កាមកូ ស៊ីធី ដើម្បី​ដាក់​លក់​ដេញ​ថ្លៃ ប៉ះប៉ូវ​ការ​ធ្លាក់​ថ្លៃ​នៃ​ដី​ដើម​១០​ហិកតា។

លោក ម៉ូនីន បាន​និយាយ​ថា “តម្លៃ​ដី​លើ​ទី​ផ្សារ​មិន​ខ្ពស់​ទេ ដូច្នេះ​យើង​គិត​ថា ​តម្លៃ​ប្រៀប​ធៀប ដែល​ត្រូវ​ចរចា​ជាមួយ​ម្ចាស់​បំណុល​[ខេធីប៊ី] មិន​អាច​ដោះ​បំណុល​នេះ​បាន​ទេ”។

ទោះជា​មាន​ការ​តស៊ូ​ខាង​ផ្លូវ​ច្បាប់​ជាបន្ត​ក៏​ដោយ ក៏​ក្រុមហ៊ុន វើល ស៊ីធី ​និយាយ​ថា គម្រោង​នេះ​មាន​សកម្មភាព​រើប​ឡើង​វិញ​តាំងពី​ចុង​ឆ្នាំ​មុន​មក​ម៉្លេះ ដោយ​មាន​ចំណូល​បាន​មកពី​ការ​លក់​ផ្ទះ​ល្វែង។

ការងារ​ក៏​បាន​ចាប់​ផ្តើម​នៅ​តាម​កន្លែង​ជាច្រើន ដែល​មាន​ការ​ហាមឃាត់​មិន​ឲ្យ​ដំណើរ​ការ​ពី​មុន បន្ទាប់ពី​មាន​ការ​សម្រេច​កាលពី​ខែ​មីនា ដោយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​កូរ៉េ​ខាង​ត្បូង ថា​កិច្ច​សន្យា​របស់​ក្រុមហ៊ុន វើល ស៊ីធី ជាមួយ​ក្រុមហ៊ុន Hanil ត្រូវ​បញ្ចប់ ហើយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បន្ត​ការ​សាងសង់​តទៅ​ទៀត។

ចំណែកឯ​៣៨៦​ខុនដូ​កំពុង​មាន​ជម្លោះ​វិញ ការ​តស៊ូ​ផ្លូវ​ច្បាប់​រវាង​ក្រុមហ៊ុន ខេធីប៊ី និង​ក្រុមហ៊ុន វើល ស៊ីធី ត្រូវតែ​ដោះស្រាយ​ឲ្យ​រួច​មុន​ពេល​ខុនដូ​ទាំង​នេះ​សាង​សង់​ហើយ​រួច​រាល់​និង​លក់។

ប៉ុន្តែ លោក វ៉ាង បាន​និយាយ​ថា បញ្ហា​លំបាក​វឹកវរ​ចប់​ហើយ ហើយ​ថា​ក្រុមហ៊ុន វើល ស៊ីធី មាន​ក្រុមហ៊ុន​សំណង់​ថ្មី​មួយ​និង​ប្រាក់​របស់​ខ្លួន​ផ្ទាល់ ដាក់​ក្នុង​កន្លែង​ហិញ្ញវត្ថុ​មាន​ស្ថិរភាព។ ក្រុមហ៊ុន​នេះ​ឥឡូវ​បានម៉ៅការ​សំណង់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ស្រុក។

លោក​បាន​និយាយ​ថា “ឥឡូវ​យើង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​គម្រោង​របស់​យើង។ ប្រសិនបើ​យើង​ត្រូវការ​ប្រាក់​ដំណើរ​ការ​គម្រោង យើង​អាច​ប្រើ​ប្រាក់​របស់​យើង​ផ្ទាល់។​យើង​មិន​ត្រូវការ​ប្រាក់​ពី​អ្នក​វិនិយោគ​ផ្សេង​ទេ”។

ប៉ុន្តែ​បើទោះជា​សេចក្តី​ទុក​ចិត្ត​របស់លោក វ៉ាង លើ​អនាគត​របស់​គម្រោង​នេះ​ក៏​ដោយ ក៏​រឿង​ល្អក់​កករ​កន្លង​មក​របស់​ខ្លួន មាន​ដូចជា​រឿងអាស្រូវ​ពុករលួយ​និង​ការ​ខាតបង់​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក បាន​ធ្វើ​ឲ្យ​គម្រោង​បញ្ចប់​របស់​ក្រុមហ៊ុន កាមកូ ដែល​ដើមឡើយ​គិតថា​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៨​នោះ យឺតពេល​យ៉ាង​ខ្លាំង។

លោក លី សឿងហ៊ុង អនុ​ប្រធាន​ក្រុមហ៊ុន វើល ស៊ីធី បាន​បដិសេធ​មិន​ប្រាប់​កាល​បរិច្ឆេទ​ជាក់លាក់​ថា​គម្រោង​សាងសង់​នេះ​នឹង​បញ្ចប់​នៅ​ពេលណា​នោះ​ទេ។ លោក​បាន​និយាយ​ដោយ​សើច​ក្អឹកៗ​ថា “អូ ខ្ញុំ​មិន​ដឹង​ទេ។ ប្រហែល​ជាង​១០​ឆ្នាំ​ទៀត​ហើយ​មើល​ទៅ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស