35 C
Phnom Penh

លោក កឹម សុខា អំពាវនាវ​ឲ្យ​អូស្ត្រាលី​ពិចារណា​កិច្ចព្រមព្រៀង​ស្តីពី​ជនភៀសខ្លួន​ជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធាន​ទី១​រដ្ឋសភា ​នៅ​សប្តាហ៍​នេះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ស្រី​ អាលីសុន ប៊ឺរ៉ូ ឯកអគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ដោយ​ស្នើ​ឲ្យ​លោក​ស្រី និង​រដ្ឋាភិបាល​អូស្ត្រាលី ពិចារណា​ជាថ្មី​នូវ​កិច្ចព្រមព្រៀង​ចម្រូង​ចម្រាស ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មុន ដើម្បី​បញ្ជូន​ជនភៀស​ខ្លួន​ដែល​ចង់​ទៅ​ប្រទេស​អូស្ត្រាលី​នោះ មក​ប្រទេស​កម្ពុជា។

លោក កឹម សុខា សរសេរ​ថា លោក​បាន​ជួប​ជាមួយ​ព្រះ​សង្ឃ និស្សិត បញ្ញវ័ន្ត និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​នេះ ហើយ​ថា អ្នក​ទាំង​អស់​គ្នា មាន​ការ​ព្រួយ​បារម្ភ​ត្រឹមត្រូវ​តាម​ច្បាប់​ថា ជនភៀសខ្លួន​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​លើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

លោក​បាន​សរសេរ​ថា “ខ្ញុំ​យល់​ថា កង្វល់​របស់​ពួកគាត់​សមហេតុ​សមផល ស្របតាម​ស្ថានការណ៍​ជាក់ស្តែង”។ “ដូច្នេះ​ហើយ ខ្ញុំ​សរសេរ​លិខិត​ទៅ​លោកស្រី​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​របស់​លោក​ស្រី សុំ​ឲ្យ​ពិចារណា​ឡើងវិញ នូវការ​ផ្ទេរ​ជនភៀសខ្លួនពី​ប្រទេស​ណូរូ មក​ព្រះរាជាណាចក្រ​កម្ពុជា”។

លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់​លោក កឹម សុខា បាន​និយាយ​ថា លោកស្រី​ឯកអគ្គរដ្ឋទូត មិនទាន់​បាន​ឆ្លើយតប​ទៅ​នឹង​លិខិត​ ដែលបាន​បញ្ជូន​ទៅ​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ឡើយ​ទេ។ នៅពេល​ទាក់ទង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក សាយម៉ុន ហ្វិឡូ អ្នក​នាំពាក្យ​ស្ថានទូត​អូស្ត្រាលី​បាន​និយាយ​ថា លោកមិន​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​លិខិត​នោះ​បាន​ទេ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស