29.3 C
Phnom Penh

បន្ទាប់​​​ពី​​​​​​​​បញ្ចញ​​​សេចក្តី​​​ព្រាង​​​ថវិកាជាតិ​​​​​​ឆ្នាំ២០១៥ គណ​​​បក្ស​​​ប្រឆាំង​​​រិះ​​​គន់​​​​​​យ៉ាង​​​​​ខ្លាំ​​​ចំពោះ​​​ដំណើរ​​​ការគ្មាន​​​តម្លា​​​ភាព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​​​​​​​​​​សេចក្តី​​​ព្រាង​​​ថវិកា​​​ជាតិសម្រាប់​​​ឆ្នាំ​​​២០១៥​​​​​​​​ត្រូវ​​​​​​បាន​​​បញ្ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែលតំណាង​​​រាស្ត្រ​​ទាំង​​​៥​​​៥​​​រូប​​​របស់​​​ខ្លួន​​​បាន​​​​​​ចូល​​​សភា​​​កាល​​​ពី​​​​​​ខែសីហា ​​​បាន​​​​​​ចាត់​​​ទុក​​​ដំណើរ​​​ការ​​​ធ្វើ​​​សេច​​​ក្តី​​​ព្រាង​​​ថវិកា​​​របស់​​​កម្ពុជា ថា “គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ និង​​​មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​” កាល​​​ពី​​​​​ថ្ងៃ​​​សុក្រ។

យោង​​​តាម​​​លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​អំឡុង​​​ពេល​​​ពីរ​​​សប្តាហ៍​​​​​​ដើម​​​ខែ​​​វិច្ឆិកា រដ្ឋ​​​សភា​​​​​​នឹង​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​អំពី​​​សំណើ​​​​​​ថវិកា​​ជាតិ​​​​​​ចំនួន​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន បាន​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​​​​ទី​​​២៤ខែ​​​តុលា។ សំឡេង​​​ភាគ​​​​​​​​​ច្រើន​​​​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា នៅ​​​ក្នុង​​​រដ្ឋ​​​សភា ​​​មាន​​​ន័យ​​​ថា ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​អាច​​​​​​អនុម័ត​​​​​​ថវិកា​​​នេះ​​​បាន​​​​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​ត្រូវ​​​ការ​​​ការ​​​គាំទ្រ​​​​​​ពី​​​គណ​​​បក្ស​​​​​ប្រឆាំង។

លោក សុន ឆ័យ ដែល​​​ជា​​​ប្រធា​​​ន​​​ក្រុម​​​តំណាង​​​រាស្ត្ររបស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​ និង​​​ជា​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​ហិរញ្ញវត្ថុ និង​​​ធនាគារ​​​នៃ​​​រដ្ឋ​​​សភា បាន​​​មាន​​​​​​ប្រសាសន៍​​​ថា រដ្ឋាភិបាលគ្មាន​​​តម្លា​​​ភាព​​​ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ថវិកា​​​របស់​​​ខ្លួន​​​ ហើយ​​​ឆ្នាំ​​​នេះ​​ក៏​​​មិន​​​ខុស​​​​​​គ្នា​​​ដែរ។

លោក​​​បាន​​​លើក​​​ឡើង​​​​​​បន្ថែម​​​ទៀត​​​ថា “យើង​​​ត្រូវ​​​ការ​​​​​​សេចក្តី​​​លម្អិត។ អស់​​លោក​​​​​​ឲ្យ​​​តែ​​​លេខ​​​មក​​​យើង ហើយ​​​រំពឹង​​​ចង់ឲ្យ​​យើង​​​យល់​​​ និង​​​​​​ជឿ​​​ទុក​​​ចិត្ត​​​ថា ​​​ប្រាក់​​​នេះ​​​នឹង​​​​​​ចូល​​​ទៅ​​​ក្នុង​​​ថវិកា”។

លោក សុន ឆ័យ បាន​​​អំពាវ​​​​​​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ផ្តល់តួលេខ​​​ចំណាយ​​​ក្នុង​​​រយៈ​​ពេល​​​​​​​​ប្រាំបួន​​​ខែ​​​មក​​​នេះដើម្បី​​​ឲ្យ​​​ដឹង​​​​​​ថា តើ​​​ប្រាក់​​​បាន​​​​​​ពី​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៤ត្រូវ​​​បាន​​​ចំណាយ​​​ទៅលើ​​​អ្វីឲ្យ​​​ប្រាកដ ពីព្រោះ​​​លោ​ក​​​ជឿ​​​ថា ​​​តួលេខ​​​​នៅ​​​ក្នុង​​​​​​ថវិកា​​​នេះ​​​​​​មិន​​​ឆ្លុះ​​បញ្ចាំង​​​ពី​​​ការ​​​ចំណាយ​​​ជាក់​​​ស្តែងឡើយ។

​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “លេខ​​​​​​​​​ចេញពី​​​ថវិកា​​​​​​​​​​​នេះ​​​​​​​​​ប្រហែល​​​ជា​​​ផ្លាស់​​​ប្តូរ​​​ទាំង​​​​​​ស្រុង។ វិស័យ​​​អប់​​​រំ​​​អាច​​​ទទួល​​​​​​បាន​​​​​​១៨​​​ភាគ ប៉ុន្តែ​​​វា​​​​​​អាច​​ថយ​​​​​​ចុះ​​​មក​​​​​នៅ​​​ត្រឹម១៤​​​ភាគ​​​រយ។​​​​​​​​​

វា​​​គួរឲ្យ​​​ភ្ញាក់​​​​​​ផ្អើល​​​ និង​​​មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​​​​​បាន​​​ចំពោះ​​​​​​ប្រភេទ​​​ឯក​​​សារ​​​​​​​​​សម្រាប់​​​បោក​​​​​​ប្រាស់​​​តំណាង​​​រាស្ត្រ”។ សេច​​​ក្តី​​​​ព្រាង​​​ថវិកា​​​សម្រាប់​​​ឆ្នាំ​​​២០១៥​​​​​នេះ ស្នើ​​សុំ​​​​​​លើស​​​ថវិកា​​​​​​ឆ្នាំ​​​២០១៤​​​​​​​​​​​ចំនួន​​​៤០០​​​លាន​​​ដុល្លារ ឬ​​​ប្រហែល​​​១០,៦​​​ភាគ​​​រយ។ភាគ​​​ច្រើន​​​នៃថវិកា​​​​​នេះ​​​​​​នឹង​​​ត្រូវ​​​​​លៃ​​​ទុក​​​សម្រាប់​​​​​​វិស័យ​​​ការ​​​ពារ​​​ជាតិ សន្តិសុខ និង​​​អប់​​​រំ។

ការ​​​ចំណាយ​​​សរុប​​​​​​​​នៅ​​​ថ្នាក់​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​​​​ ​​​មាន​​​ចំនួន​​​៣,៦​​​លាន​​​ដុល្លារ​​​ ដែល​មានន័យ​​​ថា មាន​​​តែ​​​២០០​​​លាន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​នៃ​​​ថវិកា​​​​​​សរុប​​​ដែល​​​នឹង​​​ត្រូវ​​​លៃ​​​ទុក​​​សម្រាប់​​​​​​​រដ្ឋ​​​បាល​​ឃុំ-សង្កាត់ ស្រុក-ខណ្ឌ​​​និង​​ខេត្ត។

​​​មួយ​​​ភាគ​​​ធំ​​​​​​នៃ​​​ថវិកា​​​នេះ​​​ គឺ​​​ចំនួន​​​៥៦៧លាន​​​ុល្លារ ឬ​​​ស្មើ​​​​​​ប្រហែល​​​១៥ភាគ​​​រយ​​​​​​នៃ​​​ថវិកា​​​សរុប នឹង​​​​​​បាន​​​ទៅ​​​លើ​​​ក្រសួង​​​មហា​​​ផ្ទៃ និង​​​ក្រសួង​​​ការពារ​​​ជាតិ។ថវិកា​​​នេះ​​​​​​​​​មិន​​បាន​​​បញ្ជាក់​​​លម្អិត​​​​​​ថា​​​ ចំនួន​​​ណា​​​មួយ​​​នៃ​​​ថវិកា​​​សរុប​​​៣,៨​​​ពាន់​​​លាន​​ដុល្លារ​​​នេះ​​​ នឹង​​​ត្រូវ​​​ចំណាយ​​​ដោយ​​​បៀប​​​ណា​​​ឡើយ។

ប្រសិន​​​បើ​​​​​​សេចក្តី​​​​​​ព្រាង​​​ថវិកា​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ ៤៣៣លាន​​​ដុល្លារ​​​នឹង​​​បាន​​​ទៅ​​​លើ​​​វិស័យ​​​អប់រំ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥ ​​​ពោល​​​គឺ​​​ច្រើន​​​ជាង​​​ជិត​​​១០០​​​លាន​​​​​​ដុល្លារ​​​​​​នៅ​​​​​​ក្នុង​​​​​​ថវិកា​​​កាលពី​​​ឆ្នាំ​​​មុន។

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍មួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​តុលា ដែល​​​បាន​​​​​​ចេញអម​​​​​​​​​ជាមួយ​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​នេះ រដ្ឋាភិបាល​​​និយាយ​​​ថា សេចក្ដី​​​សម្រេច​​​​​​របស់​​​ខ្លួន​​​​​​លើ​​​​​​​​​វិស័យដែល​​​ត្រូវ​​​ចំណាយ ថវិកា គួរ​​​​តែ​​​លៃ​​​ទុក​​​​​​ដោយ​​​​​​ផ្អែក​​​លើ​​​ “តម្រូវ​​​ការ​​​ និង​​​អាទិភាព​​​” របស់​​​វិស័យ​​​មួយៗ​​​។

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ថវិកា​​​នេះ​​​​​​នឹង​​​” ផ្តោត​​​លើ​​​ការ​​​ពង្រឹង​​​ការ​​​គ្រប់​​​គ្រង​​​ដីធ្លី​​​ និង​​​ការ​​​កែលម្អ​​​សេវា​​​តុលាការ​​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​ចៅក្រម​​​ និង​​​តុលាការ​​​”។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​សេចក្ដី​​​ព្រាងថវិកា​​​នៅក្នុង​​​​​រដ្ឋសភា​​​ក្នុង​​​ពេល​​​ណាមួយ​​​​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា រដ្ឋាភិបាល​​​តាំង​​​ចិត្ត​​​ស្ដាប់​​​រាល់​​​ក្ដី​​​បារម្ភ​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​លើក​​​
ឡើង​​​​​​។ លោក​​​បាន​​​បន្ត​​​ថា ” ពួកគេ​​​មាន​​​ឱកាស​​​ស្នើ​​​សុំ​​​ការ​​​ពន្យល់​​​បក​​​ស្រាយ និងពិនិត្យ​​​​​​​​​ផ្ទៀង​​​ផ្ទាត់​​​​​​ថវិកា​​​​​​​​​។ ពួកគេ​​​មាន​​​សិទ្ធិ​​​ធ្វើ​​​បែប​​​នោះ​​​”។

ប្រហែល​​​៣១០លាន​​​​​​ដុល្លារ​​​នៅ​​​ក្នុង​​​ថវិកា​​​នេះ ត្រូវ​​​បាន​​​លៃទុក​​​សម្រាប់​​​ក្រសួង​​​សុខាភិបាល ​​​១៦លាន​​​​​​ដុល្លារ​​​សម្រាប់​​​ក្រសួង​​​យុត្តិធម៌ និង​​​២០៣​​​លាន​​​ដុល្លារ​​​​​​​​​​​​ទៀត​​​សម្រាប់​​​​​ក្រសួង​​​ធនធាន​​​ទឹក​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ សេចក្ដី​​​​​​ព្រាង​​​ថវិកា​​​នេះ​​​​​​មាន​​​សំណើ​​​​សុំ​​​ដំឡើង​​​​​​កម្រិត​​​​​​​​​សម្រាប់​​​ប្រាក់​​​ខែ​​​​​​រួច​​​ពន្ធ​​​នៅ​​​ក្នុង​​​សេវា​​​សាធារណៈ​​​ចាប់​​​ពី​​​​​​​​​ក្រោម​​​១២៥​​​ដុល្លារ​​​ ដល់​​​ក្រោម​​​២០០​​​ដុល្លារ​​​។

រដ្ឋាភិបាល​​​ក៏​​​កំពុង​​​ស្នើ​​​សុំ​​​ឲ្យ​​​សភា​​​អនុម័ត​​​ឥណទាន​​​៨៨៨​​​លាន​​​ដុល្លារ​​​​​​​​​ខ្ចី​​​ពី​​​បរទេស​​​​​​ផង​​​ដែរ។ លោក ផៃ ស៊ីផាន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​​​​​​​ថា​​​ប្រាក់​​​នេះ​​​បាន​​ពី​​ណា​​​ទេ ប៉ុន្តែ​​​លោក សុន ឆ័យ បាន​​​គូស​​​បញ្ជាក់​​​ថា កម្ពុជា​​​មាន​​​ទម្លាប់​​​ខ្ចីបុល​​​ច្រើន​​​​​​ពី​​​ប្រទេស​​​ចិន។

ថវិកា​​​ជាតិ​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​ត្រូវ​​​បាន​​​អនុម័ត​​​កាលពី​​​ឆ្នាំ​​​មុន​​​ដោយ​​​រដ្ឋសភា​​​ ដែល​​​មាន​​​តែ​​​សមាជិក​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ ​​​​​​ក្រោយ​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​​​​​​​​​​ដោយសារ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស​​​​​​កាលពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស