40.9 C
Phnom Penh

តុលាការ​ដាក់​មេដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ក្រោម​ការ​ឃ្លាំមើល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​​ប្រាំរូប​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ប្រាំមួយរូប​ ដែល​ជាប់​ចោទ​ពី​បទ​មាន​សកម្មភាព​​ដែល​នាំ​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ​អំឡុង​កូដកម្ម​កម្មករ​កាត់​ដេរ​ និង​បាតុកម្ម​ទូទាំង​ប្រទេស​​កាលពី​ខែ​ធ្នូ និង​ខែ​មករា ឥឡូវ​នេះ​​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ បន្ទាប់ពី​មេដឹកនាំ​ពីរ​រូប​ទៀត​បាន​បង្ហាញ​មុខ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​។

លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ និង​អ្នកស្រី យ៉ាង សុភ័ណ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​ឥឡូវនេះ​​ ដូច​សហការី​របស់​ខ្លួន​ដែរ​ ត្រូវ​គេ​ហាម​មិន​ឲ្យ​ជួប​ជុំ​ជាមួយ​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ ឬ​ចូលរួម​ការ​ប្រមូលផ្ដុំ​ជាសាធារណៈ​ណាមួយ​ រហូត​ដល់​ពួកគេ​ត្រូវ​​ជំនុំជម្រះ​​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​​បិទ​ផ្លូវ​។

ការ​ចោទ​​ប្រកាន់​ទាក់​ទិន​នឹង​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​អំឡុង​កូដកម្ម​​ទូទាំង​ប្រទេស​នៅ​ផ្លូវ​វេងស្រេង កណ្ដាល​តំបន់​ឧស្សាហកម្ម ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ពេល​ដែល​អ្នក​តវ៉ា​គប់​ដុំថ្ម​​​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ហិង្សា​ពី​សំណាក់​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ដែល​បាន​បាញ់​ស្លាប់​កម្មករ​ប្រាំ​នាក់ និង​ធ្វើ​ឲ្យ​របួស​រាប់​សិប​នាក់​ទៀត​។

ទាំង​លោក រ៉ុង ឈុន ទាំង​អ្នកស្រី សុភ័ណ រួម​ជាមួយ​​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ដូច​ជា​​ លោក អាត់ ធន់ លោក ជា មុនី និង​លោក ប៉ាវ ស៊ីណា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការនោះ​ បដិសេធ​ថា មិន​បាន​មាន​វត្តមាន​ពេល​ដែល​​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ ឬ​គាំទ្រ​អំពើ​ហិង្សា​​​នោះ​ឡើយ​។

បន្ទាប់ពី​ចេញ​ពី​ការ​សាកសួរ​ជាង​១ម៉ោង​ លោក រ៉ុង ឈុន ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា លោក​ និង​មេដឹកនាំ​សហជីព​ផ្សេងទៀត​​នឹង​ “​បន្ត​បេសកកម្ម​របស់​ខ្លួន” ក្នុង​កា​រគាំទ្រ​សិទ្ធិ​របស់​កម្មករ​។ លោក​បាន​និយាយ​ថា ” នៅ​ពេល​ពួកគេ​ដក​សិទ្ធិ​របស់​យើង​ដូច​នេះ​ តើ​យើង​​អាច​ការ​ពារ​​សមាជិក​របស់​យើង​យ៉ាង​ម៉េច​កើត​? វា​ដូច​ជា​ដាក់​យើង​ក្នុង​គុក​ គឺ​គុក​ឥត​ជញ្ជាំង​អ៊ីចឹង​”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ អ្នកស្រី សុភ័ណ បាន​បញ្ជាក់​ថា អ្នកស្រី​ក៏​ត្រូវ​គេ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ដែរ​។ អ្នកស្រី​បាន​និយាយ​ថា ” បើ​ទោះ​ជា​ពួក​គេ​រឹត​បន្តឹង​សេរីភាព​ និង​សិទ្ធិ​របស់​យើង​ក៏​ដោយ ក៏​យើង​មិន​ខ្លាច​​ឡើយ ហើយ​នឹង​បន្ត​កា​រតវ៉ា​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​សមាជិក​របស់​យើង​ និង​ការ​ពារ​កម្មករ​ទាំង​អស់​”។

កូដកម្ម​ទូទាំង​ប្រទេស​ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​​ជាប់​គាំង​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​តវ៉ា​នឹង​អ្វី​ដែល​សហជីព​ហៅ​ថា ការ​ដំឡើង​ប្រាក់​មិន​គ្រប់​គ្រាន់​​លើ​ប្រាក់​ខែ​គោល​។ រដ្ឋាភិបាល​​គ្រោង​នឹង​ប្រកាស​ការ​ដំឡើង​ប្រាក់​​បន្ថែម​លើ​ប្រាក់​ខែ​១០០ដុល្លារ​ នៅ​ខែ​វិច្ឆិកា ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មករា។

ក្នុង​ការ​ចរចា​នៅ​សប្ដាហ៍មុន​នេះ សហជីព​បាន​ជំរុញ​ដើម្បី​បាន​ប្រាក់​ខែ​អប្បបរមា​១៤០​ដុល្លារ​ រីឯ​ភាគីរោងចក្រ​​បាន​បដិសេធ​មិន​​កែ​ប្រែ​ពី​តួលេខ​១១០​ដុល្លារ​។ រដ្ឋាភិបាល​និយាយ​ថា ប្រាក់​ខែ​គួរ​ទទួល​បាន​​យ៉ាង​ហោច​ណាស់​១២០ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ស្ថិត​នៅ​ក្នុង​បន្ទាត់​ក្រីក្រ​ក្នុង​ក្រុង​ភ្នំពេញ​៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស