30 C
Phnom Penh

វិស័យ​អប់រំ​ត្រូវ​ការ​កំណែទម្រង់​បន្ថែម​ទៀត​​ បន្ទាប់ពី​ប្រកាស​​លទ្ធផល​ប្រឡង​ថ្នាក់​ទី១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃសុក្រ បន្ទាប់ពី​ដឹង​លទ្ធផល​នៃ​ការ​ប្រឡង​​ថ្នាក់​ទី១២​ឡើង​វិញ​នៅ​ទូទាំង​ប្រទេស​​​ ដែល​បាន​ធ្វើ​ឲ្យអត្រា​​សិស្ស​ប្រឡង​ជាប់​សរុប​កើន​លើស​៤០​ភាគរយ​ ដែល​ស្មើ​នឹង​​​ពាក់​កណ្ដាលនៃ​ចំនួន​សិស្ស​ដែល​បាន​​ប្រឡង​ជាប់​​កាលពី​ឆ្នាំ​មុន​មក​​​ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បោះ​ជំហាន​​ឆ្ពោះ​ទៅ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​មួយ ដែល​ញាំញី​ជាយូរ​មក​ហើយ​ដោយ​សារ​​​ការ​​លួច​ចម្លង និង​ការ​លួច​បន្លំ​។

យោង​តាម​តួលេខ​របស់​ក្រសួងអប់រំ​បាន​បង្ហាញ​ថា សិស្ស​​ដែល​ប្រឡង​ជាប់​លើក​ទី២​នេះ​មាន​តែ​​១៨ភាគរយ​ប៉ុណ្ណោះ​ ​​ឬស្មើ​នឹង​ចំនួន​សិស្ស​​១០.៨៧១​នាក់​​ ក្រោម​ការ​ត្រួត​ពិនិត្យ​ដ៏​តឹង​រ៉ឹង​របស់​ក្រុម​សង្កេត​ការណ៍​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​ទៅ​។

ការ​​ប្រឡង​លើក​ទី១​​​ សិស្ស​ដែល​ជាប់​មាន​២៥​,៧ភាគរយ​ ហើយ​សិស្ស​ដែល​ទទួល​បាន​និទ្ទេស ​A ដែល​ជា​​និទ្ទេស​ខ្ពស់​បំផុត​មាន​តែ​១១​នាក់​ប៉ុណ្ណោះ​ ចំណែក​ឯ​ការ​ប្រឡង​លើក​ទី២​​​សិស្ស​ស្រី​ម្នាក់​មកពី​ខេត្ត​ព្រៃវែង​ទទួល​បាន​និទ្ទេស​ C ។ សិស្ស​ចំនួន​៥៥​នាក់​ទៀត​ទទួល​បាន​និទ្ទេស​ D ក្រៅពី​នោះ​​សុទ្ធតែ​និទ្ទេស​ E ​ទាំង​អស់​។ សរុប​ សិស្ស​ដែល​បាន​ប្រឡង​ជាប់​ថ្នាក់​ទី១២​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​៣៣.៩៩៥​នាក់​ ឬ​ស្មើ​នឹង​៤០,៦៧​ភាគរយ។

លោក ហង់ ជួន ណារ៉ុន ដែល​ឆ្នាំ​នេះ​​បាន​អនុវត្ត​​កំណែ​ទម្រង់​​ភ្លាមៗ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​លើ​​ការ​ប្រឡង​​ ដែល​​ជា​ច្រើន​ឆ្នាំ​មក​នេះ​ត្រូវ​បាន​ញាំញី​ដោយ​សារ​​គ្រូបង្រៀន​ស្ទើរ​តែ​​ទូទៅ​ទទួល​​​ការ​សូកបា៉ន់​បណ្ដោយ​ឲ្យសិស្ស​លួច​ចម្លង​ បាន​មាន​ប្រសាសន៍​ថា “វា​មាន​ចំនួន​ពាក់​កណ្ដាល​នៃ​អត្រា​ប្រឡង​ជាប់​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​វា​បង្ហាញ​ពីគុណភាព [នៃ​ការ​ប្រឡង]”។

រដ្ឋមន្ត្រី​រូប​នេះ​​ដែល​កាលពី​ខែ​សីហា ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​លោក​នឹង​បង្កើត​បាន​ក្រុម​​​សិស្ស​ប្រឡង​ជាប់​​​ដែល​មាន​សក្ដានុពល​ ” ស្ដារ​អង្គរវត្ត​ឡើង​វិញ​” បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​ក្រសួង​របស់​លោក​បាន​ផ្ដោត​លើ​ការ​​កែលម្អ​បទដ្ឋាន​បង្រៀន និង​បទដ្ឋាន​​រៀន​​សូត្រ​ដើម្បី​ឲ្យ​​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​នៅ​ឆ្នាំ​២០១៥​​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​នេះ​។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” យើង​មាន​អាទិភាព​ចំនួន​បួន​ដែល​​យើង​ [នឹង​] ផ្ដោត។​ ​ការ​ងារ​មាន​​ច្រើន​ ប៉ុន្តែ​ពេល​នេះ​យើង​មាន​គំនិត​ច្បាស់​លាស់​ថា តើ​ត្រូវ​ធ្វើ​អ្វីហើយ​”។

គោល​នយោបាយ​អាទិភាព​ទាំង​នោះ​រួម​មាន​ការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​តាម​សាលា​រៀន ផ្ដល់​ការ​​លើក​ទឹក​ចិត្ត​ និង​ការ​អភិវឌ្ឍ​ជំនាញ​លើ​គ្រូបង្រៀន និង​គំនិត​ផ្ដួច​ផ្ដើម​ថ្មី​ពាក់​ព័ន្ធ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀន​​​ដូច​ជា ​ការ​ថត​វីដេអូ​​នូវ​សកម្មភាព​បង្រៀន​​​របស់​គ្រូ​ដែល​ល្អ​ៗ​បំផុត​ ហើយ​ចាក់​វីដេអូ​នោះ​ឲ្យ​​គ្រូបង្រៀន​ផ្សេង​ទៀត​មើល​។

គោល​បំណង​ចុង​ក្រោយ​ គឺ​ដើម្បី​​​កែប្រែ​រំហូរ​សិស្ស​ប្រឡង​ជាប់​​​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ ដែល​ត្រូវ​​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​ជា​ច្រើន​ឆ្នាំ​ ឬ​ចូល​ប្រឡូក​​នៅ​ក្នុង​កម្លាំង​ពលកម្ម​​ដោយ​គ្មាន​ជំនាញ​ និង​គ្មាន​ចំណេះ​ដឹង​ ពោល​គឺ​​សមត្ថភាព​របស់​ពួកគេ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ​។

ការ​កែប្រែ​ទាំង​នេះ​ទំនង​ជា​ត្រូវ​ចំណាយ​​ថវិកា​​អស់​យ៉ាង​ច្រើន​ ដោយ​លោក ហង់ ជួន​ ណារ៉ុន បាន​មាន​ប្រសាសន៍​ថា ការ​ចំណាយ​សរុប​​លើ​ការ​រៀបចំ​ការ​ប្រឡង​ទាំង​ពីរ​លើក​​មាន​ចំនួន​៥,២លាន​ដុល្លារ ដោយ​ការ​ប្រឡង​លើក​ទី២​ចំណាយ​អស់​២​លាន​ដុល្លារ​។

ក្នុង​ចំណោម​សិស្ស​ដែល​ប្រឡង​ធ្លាក់​លើក​​ទី២​ក៏​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែរ​ គឺ​អ្នកស្រី ហុង សុវណ្ណី ​អាយុ​៤៩​ឆ្នាំ​ ជាគ្រូបង្រៀន​ថ្នាក់​មត្តេយ្យ​នៅ​បឋមសិក្សា​ យ៉ាម៉ាប៊ីកូ ក្នុង​ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំពេញ ដែល​បាន​និយាយ​ថា គាត់​​មិនដែល​ប្រឡង​ជាប់​ថ្នាក់​ទី១២​ទេ ដោយ​សារ​តែ​គ្រួសារ​របស់​គាត់​​ក្រីក្រ​ពេក​គ្មាន​ប្រាក់​ទំនុក​បម្រុង​ការ​សិក្សា​របស់​គាត់​។

អ្នកស្រី​និយាយ​ទៀត​ថា​ ” ពេល​យើង​​ [គ្រូបង្រៀន​] ប្រឡង​ បើ​យើង​ប្រឡង​ជាប់​​ យើង​នឹង​ឡើង​ប្រាក់​ខែ​។ វា​តឹង​រ៉ឹង​ពេក​ ខ្ញុំ​មិន​ចង់​ប្រឡង​ម្ដង​ទៀត​ទេ​”។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ថា កំណែ​ទម្រង់​ទាំង​នេះ​បាន​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​ដែល​ត្រូវ​ដោះ​ស្រាយជា​បន្ទាន់​​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​ ជា​ពិសេស​នៅ​តាម​បឋម​សិក្សា​ ដែល​លោក​បាន​អះអាង​ថា ​កុមារ​ជាច្រើន​នៅ​តែ​​មិន​ចេះ​អាន​ឬ​សរសេរ​​អក្សរ​ ហើយ​វា​មាន​ការ​​យឺត​យ៉ាវ​រាប់​ទសវត្សរ៍​មក​​ហើយ​។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” ​គេ​គួរ​តែ​កែលម្អ​បញ្ហា​នេះ​កាលពី​១០​ឆ្នាំ​មុន ប៉ុន្តែ​ទោះបី​ជា​មាន​ការ​​យឺត​យ៉ាវ​ក្ដី​ ក៏​វា​គ្រាន់​បើ​ជាង​មិន​កែប្រែ​ដែរ​ ពីព្រោះយើង​មិន​ចង់​​បន្ត​វិធី​ចាស់​នេះ​ទេ”។

ទាំង​លោក ហង់ ជួន ណារ៉ុន ទាំង​លោក រ៉ុង ឈុន បាន​គូស​បញ្ជាក់​ថា សិស្ស​ដែល​ប្រឡង​ធ្លាក់​អាច​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​នៅ​សាកលវិទ្យាល័យ​ ឬ​ចុះ​ឈ្មោះ​​ចូល​រៀន​វគ្គ​​ជំនាញ​វិជ្ជាជីវៈ​បាន​។

សម្រាប់​​ រស់​ចាន់ មករា អាយុ២១​ឆ្នាំ ដែល​ទៅ​ពិនិត្យ​មើល​លទ្ធផល​ប្រឡង​​របស់​ខ្លួន​នៅ​អនុ​វិទ្យាល័យ​ចតុមុខ​ ការ​ប្រឡង​ធ្លាក់​លើកទី២​​​មាន​ន័យ​ថា ការ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​គឺ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​រូប​គេ​ លុះត្រា​តែ​យុវជន​រូប​នេះ​ប្រឡង​ជាប់​នៅ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ​ទោះបី​ជា​​​ប្រឡង​ធ្លាក់​ក្ដី​ ក៏យុវជន​រូប​នេះ​បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ញញែម​ថា រូប​គេ​គាំទ្រ​កំណែទម្រង់​នេះ​។ យុវជន​រូប​នេះ​បាន​និយាយ​ទៀត​ថា ” វា​ជា​រឿង​ល្អ​ ពីព្រោះ​គេ​ចង់​លើក​​តម្កើង​អ្នក​ដែល​ពូកែ​បំផុត ដើម្បី​ឲ្យ​ពួកគេ​មាន​ការ​អប់រំ​ល្អ​ និង​ដាក់​ពាក្យ​ធ្វើ​ការ​ល្អៗ​”៕ សុខុម​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស